ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអះអាងកាលពីម្សិលមិញថា ការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនៅមានភាពយឺតយ៉ាវនៅឡើយ ដែលជាហេតុធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិពុំទាន់មានតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវានានាជាអ្វីដែលសង្គមស៊ីវិលហៅភាពស្ទាក់ស្ទើរនេះថា ពាក់ព័ន្ធនឹងតួនាទី និងផលប្រយោជន៍។
ថ្លែងនៅពេលចូលរួមជាអធិបតីក្នុងកិច្ចប្រជុំលើកទី ១៧ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅក្រសួងមហាផ្ទៃកាលពីម្សិលមិញលោក ស ខេង លើកឡើងថា ការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបើទោះបីជាលេខាធិការដ្ឋាន (គ.ជ.អ.ប.) បានខិតខំសម្របសម្រួល និងផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកដល់ក្រសួងស្ថាប័នពាក់ព័ន្ធនានាក៏ដោយក៏កិច្ចការនេះនៅតែមានភាពយឺតយ៉ាវ និងមិនទាន់បានសម្រេចនូវសមិទ្ធផលជាដុំកំភួនដូចដែលបានរំពឹងទុកឡើយ។
លោកបានបញ្ជាក់ថា៖ «គិតរហូតមកដល់ពេលនេះមានមុខងារជាក់លាក់មួយចំនួនតូចប៉ុណ្ណោះ ដែលបានផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិហើយការផ្ទេរមុខងារទាំងនោះក៏ពុំទាន់មានលក្ខណៈពេញលេញស្របតាមគោលការណ៍វិមជ្ឈការ និងបទប្បញ្ញត្តិនៃច្បាប់រៀបចំអង្គការនៅឡើយ។ ប្រការនេះបានធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនៅតែពុំទាន់មានតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវាចាំបាច់ជាមូលដ្ឋាននានាជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនស្របតាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល»។
ស្រដៀងគ្នានេះដែរ តាមរបាយការណ៍របស់ (គជអប) ដែលបានផ្សព្វផ្សាយក្នុងកិច្ចប្រជុំនោះបានបញ្ជាក់ថា ភាពយឺតយ៉ាវនៃការរៀបចំ និងអនុវត្តសេចក្តីសម្រេចរួមរវាង គ.ជ.អ.ប. និងស្ថាប័នអនុវត្តនានាបាននាំឱ្យយឺតយ៉ាវក្នុងការចាប់ផ្តើមអនុវត្តសកម្មភាព និងយឺតយ៉ាវនៃការរៀបចំ និងភាពទន់ខ្សោយនៃគណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (គ.ដ.វ.វ.) នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលធ្វើឱ្យមានភាពចន្លោះប្រហោងក្នុងការដឹកនាំការងារកំណែទម្រង់ស្ថាប័នសាមី ។
របាយការណ៍នេះក៏បានឲ្យដឹងដែរថា យន្តការនៃមូលនិធិកញ្ចប់រួម (Trust Fund) សម្រាប់ការគាំទ្រការងារគណនេយ្យភាពសង្គមក៏ពុំទាន់មានភាពច្បាស់លាស់ និងមានការខ្វះថវិកាសម្រាប់អនុវត្តសកម្មភាពនៅថ្នាក់ក្រុង ស្រុក និងភាពយឺតយ៉ាវក្នុងការស្វែងរកការឯកភាពគ្នាលើបញ្ជីមុខងារតាមវិស័យមួយចំនួនដែលត្រូវផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការត្រៀមរៀបចំអនុវត្តអនុក្រឹត្យក្រុង ស្រុក ខណ្ឌ ។
របាយការណ៍បានបញ្ជាក់ថា៖ «ជំរុញការរៀបចំ និងការចុះហត្ថលេខាលើសេចក្តីសម្រេចរួមនានាឱ្យបានពីដើមឆ្នាំ។ ពន្លឿនការរៀបចំ និងបន្តពង្រឹងការបំពេញតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ គ.ដ.វ.វ. នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ បន្តការសម្របសម្រួល និងពិភាក្សាជាមួយធនាគារពិភពលោកដែលជាអ្នកគ្រប់គ្រងថវិកាកញ្ចប់រួមនេះ និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានាដើម្បីអាចមានលទ្ធភាពប្រើប្រាស់ថវិកានេះចាប់ពីត្រីមាសទី ៤ ឆ្នាំ ២០១៩ តទៅ» ។
នៅក្នុងកិច្ចប្រជុំលើកទី ១៧ នេះដែរគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានពិនិត្យពិភាក្សា និងបានអនុម័តលើសេចក្តីព្រាងចំនួន ៣ ដែលក្នុងនោះមានអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង អនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលស្រុក និងអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌ។
ទាក់ទិននឹងការបង្កើនថវិកាឃុំ សង្កាត់នេះលោក ស ខេង ក៏បានលើកឡើងដែរថា កិច្ចការដែលត្រូវបន្តផ្តោតគឺការពង្រឹងការគាំទ្រផ្នែកបច្ចេកទេស និងសមត្ថភាពដល់រដ្ឋបាលឃុំ- សង្កាត់ ដើម្បីធានាឱ្យបានថា រដ្ឋបាលឃុំ សង្កាត់នីមួយៗ អាចគ្រប់គ្រងចាត់ចែង និងប្រើប្រាស់ថវិការបស់ខ្លួនស្របតាមគោលការណ៍ និងនីតិវិធីជាធរមានប្រកបដោយប្រសិទ្ធភាព គណនេយ្យភាពឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងនៅតាមមូលដ្ឋាននីមួយៗ។
លោកបានបន្តថា គ.ជ.អ.ប បានចំណាយពេលវេលាជាច្រើនក្នុងការសហការគ្នាពិនិត្យ ពិភាក្សា ពិគ្រោះយោបល់ច្រើនលើកច្រើនសា ទាំងក្នុងកម្រិតមន្ត្រីបច្ចេកទេស និងថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធនានាក្នុងការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រុង ស្រុកខណ្ឌទាំងនេះ។ នេះជាការកែទម្រង់ជាប្រវត្តិសាស្ត្រនៃប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ដែលចាំបាច់ត្រូវតែមានការគិតគូរឱ្យបានហ្មត់ចត់ និងច្បាស់លាស់។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានរិះគន់ការផ្ទេរមុខងារ និងធនធានទៅថ្នាក់ក្រោមជាតិថា នៅតែមានភាពស្ទាក់ស្ទើរ ព្រោះជាការលះបង់នូវប្រព័ន្ធរដ្ឋបាលដោយក្រសួង និងស្ថាប័នខ្លះមានការខ្លាចបាត់បង់តួនាទី និងតំណែង និងកិត្តិយសដែលខ្លួនបាន និងកំពុងកាន់កាប់។
លោកថា៖ «យើងចង់ឲ្យមានការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីឲ្យគោលនយោបាយស្តីពីវិមជ្ឈការ និងវិសហមជ្ឈការកាន់តែមានន័យខ្លឹមសារធំធេងត្រូវបានយកទៅអនុវត្ត ជាពិសេសគោលនយោបាយអភិបាលកិច្ចល្អ។ មូលហេតុដែលគេមិនចង់ផ្ទេរហ្នឹងពាក់ព័ន្ធការចង់ក្តោបក្តាប់ធនធាន និងការក្រសោបនូវអំណាច»។
ពាក់ព័ន្ធនឹងការបង្កើនមូលនិធិឃុំសង្កាត់កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យចុះថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៩ ស្តីពីការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ-សង្កាត់សម្រាប់ចំណាយអភិវឌ្ឍមូលដ្ឋានចាប់ពីឆ្នាំ ២០២០ តទៅដោយក្នុងនោះរដ្ឋបាលឃុំ-សង្កាត់នីមួយៗនឹងទទួលបានថវិកាសរុបជាមធ្យមចំនួនប្រមាណ ១២២ ០០០ ដុល្លារ។
ក្នុងនោះថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋានមានចំនួនជាមធ្យមប្រមាណជាង ៧០ ០០០ ដុល្លារ ក្នុងឆ្នាំ ២០២០ (កើនឡើងទ្វេដងធៀបនឹងឆ្នាំ ២០១៩)។ ថវិកានេះ នឹងកើនឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំដែលរហូតដល់ឆ្នាំ ២០២៣ រដ្ឋបាលឃុំ សង្កាត់នីមួយៗនឹងទទួលបានថវិកាសរុបជាមធ្យមប្រមាណ ១៩៣ ០០០ ដុល្លារ ដែលក្នុងនោះថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋានមានចំនួនជាមធ្យមប្រមាណជាង ១៣២ ០០០ ដុល្លារ៕