ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងថា ការអនុវត្តគោលបំណងយុទ្ធសាស្ដ្រនៃគណៈកម្មាធិការជាតិ ស្ដីពីអត្តសញ្ញាណកម្មមានភាពយឺតយ៉ាវដោយសារតែស្ថានភាពនយោបាយ និងការរវល់ការងារបោះឆ្នោត។
នៅក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសដៅ ការងារ អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និង អត្តសញ្ញាណកម្ម (គ.ជ.ដ.អ) នៅ ខែកុម្ភៈ ឆ្នាំ ២០១៩ លោក ស ខេង ថ្លែងថា៖ «ការយឺតយ៉ាវនោះ មិនមែនដោយសារការ មិនយកចិត្តទុកដាក់របស់ អង្គភាពជំនាញនោះទេ។ ប៉ុន្ដែគឺដោយសារតែស្ថានភាពនយោបាយសង្គមរបស់ប្រទេសជាតិយើងផង ព្រមទាំងការជាប់រវល់ការងារបោះឆ្នោត និងកិច្ចការអាទិភាពជាច្រើនទៀតរបស់រាជរដ្ឋាភិបាល។ ការងារចម្បងដែលត្រូវខិតខំឲ្យបាននៅក្នុងដំណាក់កាលដំបូងនេះ ការរៀបចំសេចក្តីព្រៀងច្បាប់ ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងការអភិវឌ្ឍ ប្រព័ន្ធ បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានសម្រាប់បម្រើការចុះបញ្ជីការងារអត្តសញ្ញាណកម្ម»។
លោករដ្ឋមន្ត្រីអះអាងថា ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មនៅតែជាកិច្ចការអាទិភាពសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦ ដោយសារតែប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណ កម្មប្រជាជន គឺជាឆ្អឹងខ្នងនៃប្រព័ន្ធផ្តល់សេវាទាំងអស់ទាំងសេវារដ្ឋបាលសាធារណៈ និងសេវាផ្នែកឯកជន។
ការអនុវត្តសាកល្បងច្រកចេញចូលតែមួយ ដូចជាការផ្តល់សេវាអត្តសញ្ញាណកម្មនៅសាលាឃុំ សង្កាត់ក្នុងខេត្តកែប និងខេត្តកំពតវិញបានជួយលើកកម្ពស់ ប្រសិទ្ធភាពសេវាសាធារណៈហើយតាមការស្ទង់មតិពលរដ្ឋភាគច្រើនបំផុតបានសម្ដែងការពេញចិត្តខ្លាំង បន្ទាប់ពីសេវាទាំងនេះត្រូវបានប្រមូលផ្ដុំនៅកន្លែងតែមួយ និងនៅកៀកពួកគាត់។
លោក សាយ ម៉េងឈាង អ្នកនាំពាក្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ បានបដិសេធធ្វើអត្ថាធិប្បាយបន្ថែមទៅលើអ្វីដែលលោក ស ខេង បានលើកឡើងជាបញ្ហា។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាបានថ្លែងថា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មិនគួរផ្សារភ្ជាប់ភាពយឺតយ៉ាវនៃការអនុវត្តគោលបំណង យុទ្ធសាស្ដ្រនីមួយៗ ជូនប្រជាពលរដ្ឋជាមួយនឹងស្ថានភាពនយោបាយ និងរវល់ការងារបោះឆ្នោតនោះទេដោយសារតែវាជាសេវាផ្សេងគ្នា។
លោកបញ្ជាក់ដូច្នេះ៖ «យើងត្រូវញែកឲ្យដាច់ការងារស្នូលនិងមុខងារដែលមានលក្ខណៈបន្ទាន់ ហើយយើងមិនអាចយកភាពយឺតយ៉ាវនៃការងារធ្វើ អត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋដោយសារតែការងារបោះឆ្នោត។ អាជ្ញាធរមានសមត្ថកិច្ចគួរតែពង្រឹងក្នុងការអនុវត្តផែនការឲ្យបានទាន់ពេលវេលាហើយកុំយកហេតុផលរឿងបោះឆ្នោតមកធ្វើជាលេសមិនសមហេតុផល»។
លោកអះអាងថា ភាពយឺតយ៉ាវនេះ ដោយសារតែមន្ត្រីដែលមានសមត្ថកិច្ចទទួលខុសត្រូវមិនបានបំពេញការងាររបស់ខ្លួនឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ហើយថា អាចដោយសារបណ្តាលមកពីពុំមានការចូលរួមពីប្រជាពលរដ្ឋក្នុងការអនុវត្តគោលបំណងយុទ្ធសាស្ដ្រអត្តសញ្ញាណកម្ម។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក និងលោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មិនអាចទាក់ទងសុំការអត្ថាធិប្បាយទាក់ទងនឹងការលើកឡើងខាងលើនេះបានទេ។
ក្នុងកិច្ចប្រជុំនោះរបាយការណ៍ស្ដីពីការវាយតម្លៃការអនុវត្តសាកល្បងច្រកចេញតែមួយ សេវាអត្តសញ្ញាណកម្មនៅសាលាឃុំ សង្កាត់នៅខេត្តកំពត និងខេត្តកែប និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម៕