ភ្នំពេញ៖ លោកស ខេង រដ្ឋមន្ត្រី​​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា ក្នុង​​​រយៈពេល ​១ ​ឆមាស ​ក្នុង​ឆ្នាំ ​២០២០​ ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​​បាន​ថយចុះ​ចំនួន ​៥៥២ ​ករណី អ្នក​ស្លាប់​ថយចុះ​ ១៧២ នាក់ និង​រងរបួស​ថយចុះ ​៧៧៨ ​នាក់ បើ​ប្រៀបធៀប​រយៈពេល ​១ ​ឆមាស​ដូច​គ្នា​កាល​ពី​ឆ្នាំ ​២០១៩ ខណៈ​​​ការ​គោរព​ច្បាប់​ចរាចរណ៍​មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ​។​

លោក ស ខេង ដែល​ជា​​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ចាប់​ពី​ថ្ងៃទី ១ ​ខែ​មករា​ដល់​ថ្ងៃទី ​៣០ ​ខែ​មិថុនា គឺ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន​ ១ ៦១៩ ​លើក​ថយ​ចុះ​ចំនួន ​២៥% អ្នក​ស្លាប់​មាន​ចំនួន ៨៦១ នាក់​ថយចុះ ​១៧​% និង​អ្នក​រងរបួស​មាន​ចំនួន ២ ៤​៤​៩​ នាក់ ​ថយចុះ ​២៤% ខណៈ​ក្នុង​រយៈពេល​ដូចគ្នា​កាល​ពី​​ឆ្នាំ ​២០១៩ គឺ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​​ចំនួន​ ២ ១៧១ ​លើក​ស្លាប់​ចំនួន ​១ ០៣៣ ​នាក់ និង​រងរបួស​ចំនួន ​៣ ២២៧ ​នាក់​​​។​

លោក​បន្ត​ទៀត​ថា ដោយ​ឡែក​សម្រាប់​រយៈពេល​ ២ ​ខែ​នៃ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ពី​ខែ​ឧសភា​ និង​ខែ​មិថុនា​ឆ្នាំ ​២០២០ គឺ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ ៤៥៧​ លើក​ថយចុះ​ ៣៤% ស្លាប់​ ២៤១ ​នាក់​ ថយ​ចុះ​ ៧៩​ នាក់ និង​រងរបួស​ចំនួន​ ៧៦៦ ​នាក់​ ថយចុះ​ ២៣% ខណៈ​ក្នុង​រយៈពេល​ ២ ខែ​​ដូច​គ្នា​ក្នុង​ឆ្នាំ ​២០១៩ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង ​៦៩០ ​លើក ស្លាប់ ​៣២០ ​នាក់ និង​របួស ​៩៩៩ ​នាក់​។​

ទំព័រ​ហ្វេសប៊ុក​របស់​លោក ស ខេង សរសេរ​ថា​៖ «​តាម​ទិន្នន័យ​បញ្ជាក់​ខាង​លើ​នេះ​ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ប្រជាពលរដ្ឋ​យើង​ពិត​ជា​មាន​ការ​យល់ដឹង និង​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​កាន់​តែ​ច្រើន​នៅ​ពេល​ប្រទេស​ជាតិ​យើង មាន​ការ​រីក​ចម្រើន​មាន​កំណើន​យានយន្ត​ធ្វើ​ដំណើរ និង​កំណើន​អ្នក​បើកបរ​​ក៏​ដោយ តែ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ការ​ថយចុះ​»​។​

លោក ស ខេង ស្នើ​ឱ្យ​ពលរដ្ឋ​បន្ត​ផ្ដល់​យោបល់​ចំពោះ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ប្រកប​ដោយ​​ន័យ​ស្ថាបនា​ដោយ​លោក​ក៏​បន្ត​​ក្រើន​រំឭក​ មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​អនុវត្ត​ភារកិច្ច​បម្រើ​ជាតិ ​និង​ប្រជាជន​ត្រូវ​គោរព​ទៅ​តា​ម​​ក្រម​សីលធម៌​វិជ្ជាជីវៈ និង​វិន័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​កាត់​បន្ថយ​​ និង​លុប​បំបាត់​បាតុភាព​អវិជ្ជមាន​ផ្សេងៗ​។​

រដ្ឋាភិបាល​បាន​​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ដោយ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ ដែល​បង្កើន​ប្រាក់​ផាក​ពិន័យ​រហូត​ទៅ​ដល់​ ៥ ​ដង បើ​ប្រៀប​ធៀប​អនុក្រឹត្យ​ចាស់​​ដោយ​សង្ឃឹម​ថា ការ​រឹត​បន្តឹង​បែប​នេះ​អាច​នឹង​​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ស្លាប់ ​និង​របួស​នៅ​ក្នុង​ឆ្នាំ ​២០២០ ​នេះ បន្ទាប់​ពី​មាន​ការ​កើន​ឡើង​អ្នក​ស្លាប់​ និង​របួស​យ៉ាង​គំហុក​នៅ​ក្នុង​ឆ្នាំ ​២០១៩​។​

លោក គង់ រតនៈ ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​​គោក​សង្កេត​ឃើញ​ថា នៅ​ពេល​ដែល​មន្ត្រី​បាន​ចាប់​ផ្ដើម​អនុវត្ត​ច្បាប់​តាម​អនុក្រឹត្យ​ថ្មី​ គឺ​មាន​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​លើ​​ពលរដ្ឋ ​ស្រប​ពេល​ពលរដ្ឋ​ជួប​ការ​លំបាក​​បង្ក​ឡើង​ពី​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ​ ​១៩​។​ ​លោក​បន្ត​ថា ការ​ថយ​ចុះ​ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ពេល​នេះ ក្រៅ​ពី​បណ្ដាល​មក​ពី​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ក៏​ដោយសារ​តែ​ការ​ធ្វើ​ដំណើរ​​របស់​​ពលរដ្ឋ​ មាន​ការ​ធ្លាក់​ចុះ​ផង​ដែរ​​បន្ទាប់​​ពី​មាន​ការ​ផ្ទុះ​ជំងឺ​ឆ្លង​កូវីដ ​១៩​។​ ​លោក​ថា​៖ «​សម្រាប់​ខ្ញុំ គឺ​ចង់​ឃើញ​ប្រជាពលរដ្ឋ​ភ្ញាក់រ​ឭក​​ដោយ​ខ្លួន​ឯង​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ ឬ​ការ​ប្រើ​សម្ពាធ​ជា​ការ​ពិន័យ​ធ្ងន់ធ្ងរ​ទេ​។ យើង​ចង់​ឱ្យ​ពួក​គាត់​យល់ដឹង​ថា ​វា​មាន​សារៈសំខាន់​ក្នុង​ការ​ការពារ​សុវត្ថិភាព និង​គោរព​ច្បាប់ ​(ពេល​បើកបរ​​​)»​។

លោក ​រតនៈ ចង់​ឱ្យ​មាន​ការ​អនុវត្ត​សកម្មភាព​ផ្សេង​​ទៀត​ក្នុង​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ជាង​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ ទៅ​លើ​ពលរដ្ឋ ដូចជា​ការ​អប់រំ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ចរាចរណ៍​បន្ថែម​ទៀត ការ​កែ​សម្រួល​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ ដោយសារ​ផ្លូវ​មួយ​ចំនួន​ពុំទាន់​មាន​ស្លាក​សញ្ញា ​ឬ​គំនូស​សញ្ញា​ចរាចរណ៍​ត្រឹម​ត្រូវ ​ជាពិសេស​ផ្លូវ​ជាតិ​នៅ​​ខេត្ត​ដាច់​ស្រយាល​មួយ​ចំនួន​រួម​ទាំង​ការ​​រឹត​បន្តឹង​ច្បាប់​ឱ្យ​បាន​ជាប់​​ជា​ប្រចាំ ​និង​ប្រកប​ដោយ​តម្លាភាព​​​៕

វីដេអូ៖