ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​លើកឡើង​ថា មាន​តែ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​ទេ​ដែល​បាន​គ្រប់គ្រង​ជនអន្តោប្រវេសន៍​បាន​ល្អ​ប្រសើរ បើ​ប្រៀបធៀប​ទៅ​នឹង​សម័យកាល​មុនៗ ខណៈ​ដែល​បច្ចុប្បន្ន​មាន​ជនបរទេស​ដែល​បាន​ចុះបញ្ជី​តាម​ប្រព័ន្ធ FPCS បាន​កើនឡើង​ដល់​ជាង ១៦ ​ម៉ឺន​នាក់​មាន ១៨៣ ​សញ្ជាតិ​។

លោក ស ខេង បាន​ថ្លែង​បែបនេះ​នៅពេល​ដឹកនាំ​កិច្ចប្រជុំ​ស្ដីអំពី​ប្រព័ន្ធ​គ្រប់គ្រង​វត្តមាន​ជនបរទេស​ស្នាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (FPCS) ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី​ ២១ ខែកក្កដា​។ លោក​បន្តថា ​ថ្វីដ្បិត​មាន​ការរិះគន់​ខ្លះ​ ប៉ុន្តែ​រដ្ឋាភិបាល​បាន​គ្រប់គ្រង​ជនបរទេស និង​ជនអន្តោប្រវេសន៍​បាន​ល្អប្រសើរ​ជាង​មុន​។

លោក​បាន​លើកឡើង​ថា​៖ «​បើ​ប្រៀបធៀប​នឹង​សម័យកាល​មុនៗ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​ទើបតែ​សម័យកាល​បច្ចុប្បន្ននេះ​ទេ​ដែល​ប្រទេស​កម្ពុជា​យើង​អាច​គ្រប់គ្រង​បញ្ហា​ជនបរទេស បញ្ហា​ជនអន្តោប្រវេសន៍​បាន​ល្អ​ប្រសើរ បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​បាន​សម្រេច​បង្កើត​ឱ្យ​មាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​»​។

លោក​ គៀត ច័ន្ទថារិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នេះដែរ​ថា ចាប់តាំងពី​ពាក់កណ្ដាល​ឆ្នាំ ២០១៩ ដែល​កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ FPCS និង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​កំណត់​ចាប់ពី​ថ្ងៃទី ១ ខែ​កក្កដា តទៅ ជនបរទេស​ដែល​មិន​មាន​ឈ្មោះ​ក្នុង​ប្រព័ន្ធ FPCS នេះ នឹង​មិន​ត្រូវ​បាន​ផ្ដល់​ការបន្ត​ទិដ្ឋាការ​នោះ​បាន​ធ្វើ​ឱ្យ​ជនបរទេស​សម្រុក​មក​ចុះ​វត្តមាន​របស់​ខ្លួន​នៅក្នុង​ប្រព័ន្ធ FPCS នេះ​។

លោក​ថា​៖ «​ជា​ការកត់សម្គាល់​ការចុះឈ្មោះ​រាយការណ៍​ក្នុង​ប្រព័ន្ធ FPCS បាន​កើតឡើង​ដល់​ជាង ១៦ ​ម៉ឺន​នាក់ មាន​ ១៨៣ ​សញ្ជាតិ ហើយ​ចំនួន​នេះ​នៅ​តែ​បន្ត​មាន​កំណើន​ជា​រៀងរាល់​ថ្ងៃ ដោយ​ក្នុងនោះ​ទិន្នន័យ​បានបង្ហាញ​ថា​មាន​ជនបរទេស​ប្រមាណ​ ១១ ​ម៉ឺន​នាក់​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា​ហើយ​សម្រាប់​ភ្ញៀវ​បរទេស ដែល​បាន​មក​ស្នើសុំ​បន្ត​ទិដ្ឋាការ​នារយៈពេល​ចុងក្រោយ​នេះ​គឺ​សុទ្ធតែ​ជនបរទេស​ដែល​បាន​ចុះបញ្ជី​វត្តមាន​នៅក្នុង​ប្រព័ន្ធ FPCS»​។

ក្រុមការងារ​បច្ចេកទេស​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ប្ដូរ​ពី​ការរៀបចំ​ប្រព័ន្ធគ្រប់គ្រង​ជនបរទេស​ដែល​ប្រើប្រាស់​កុំព្យូទ័រ​មក​ជា​ប្រព័ន្ធ APP ហៅថា FPCS ដែល​អាច​ប្រើប្រាស់​តាម​ទូរស័ព្ទ អាយផេត ឬ​កុំព្យូទ័រ ដោយ​មិន​ចាំបាច់​វាយ​ទិន្នន័យ​ម្ដង​ ១ ​ដូច​មុន​ទៀត និង​គ្រាន់តែ​យក​ទូរស័ព្ទ​ស្កេន​លើ​លិខិត​ឆ្លងដែន គឺ​អាច​ទាញ​យក​ទិន្នន័យ​បាន​យ៉ាង​រហ័ស​។ ការប្រើ​ប្រព័ន្ធ​នេះ​នឹង​ជួយ​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​អាច​ឆែក​ដឹង​បាន​ថា តើ​មូលដ្ឋាន​របស់​ខ្លួន​មាន​ជនបរទេស​កំពុង​មាន​វត្តមាន​ប៉ុន្មាន​នាក់​ចូល​ប៉ុន្មាន និង​ចេញ​ប៉ុន្មាន​ក្នុង​ ១ ​ថ្ងៃ​។

យោងតាម​ការធ្វើ​ជំរឿន​ចុងក្រោយ​កាលពី​ឆ្នាំ​ ២០១៩ បង្ហាញ​ថា មាន​ជនបរទេស​អន្តោប្រវេសន្ត​នៅ​ទូទាំង​ប្រទេស​បាន​ដាក់​ពាក្យ​ស្នើសុំ​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស អន្តោប្រវេសន្ត និង​សុំ​បណ្ណ​ស្នាក់នៅ​អចិន្រៃ្តយ៍​ចំនួន​ជិត​ ៩ ​ម៉ឺន​ (៨៩ ៧៨៦) ​នាក់ ស្មើនឹង​ ២៨ ៩៤៥ ​គ្រួសារ មាន​ ១១ ​សញ្ជាតិ​ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ចំនួន ៨៩ ៤៧១ ​នាក់​។

ទោះយ៉ាងណា​កាលពី​ថ្ងៃទី ១៥ ​ខែ​កក្កដា អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​មិន​គាំទ្រ​ជំហរ​របស់​រដ្ឋាភិបាល​ក្នុង​ការផ្តល់​ជូន​បណ្ណ​ស្នាក់នៅ​អចិន្រៃ្តយ៍​សុពលភាព​ ០២ ​ឆ្នាំ​ម្តង​ដល់​ជនបរទេស​ជាង​ ២ ​ម៉ឺន​គ្រួសារ​នោះទេ និង​បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​គួរតែ​បណ្ដេញ​ពួកគាត់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ដើម្បី​ការពារ​កុំឱ្យ​ជនបរទេស​ទាំងនោះ​បង្ក​ជា​ហានិភ័យ​ដល់​ប្រទេសជាតិ​។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ​នយោបាយ​ថ្លែង​ថា វា​ជា​រឿង​ធម្មតា​ដែល​អ្នកនយោបាយ​តែងតែ​ខិតខំ​បង្ហាញ​អំពី​លទ្ធផល​ការងារ​របស់ខ្លួន​។ លោក​បន្តថា ប្រសិន​បើ​ការគ្រប់គ្រង​ជនបរទេស​ដូចជា ជនជាតិ​ឥណ្ឌា ចិន និង​វៀតណាម​ជាដើម ពិតជា​បាន​ល្អ​ដូច​ការលើកឡើង​របស់​លោក ស ខេង មែន​នោះ​គឺ​លោក​អបអរសាទរ​ដោយសារ​អាច​ជួយ​កាត់បន្ថយ​អត្រា​អត់​ការងារ​ធ្វើ​របស់​ពលរដ្ឋ​កម្ពុជា​បាន​ច្រើន និង​មិន​ធ្វើឱ្យ​ពលរដ្ឋ​ត្រូវ​បន្តធ្វើ​ចំណាកស្រុក​ទៅ​ថៃ និង​ទៅ​ប្រទេស​ផ្សេងទៀត​។

លោក​បញ្ជាក់ថា​៖ «​ពិតណាស់ ប្រសិន​បើ​ការគ្រប់គ្រង​ជនបរទេស មិន​បាន​តឹងរ៉ឹង​ទេ វា​អាច​នាំឱ្យ​មាន​វិបត្តិ​។ ឧទាហរណ៍​ថា នៅ​ថ្ងៃក្រោយ​យើង​ចង់​បន្សុទ្ធ​ឱ្យ​មាន​លក្ខណៈ​ជា​ជាតិនិយម ឬ​កិច្ចការ​ផ្សេង​ណាមួយ​ពាក់ព័ន្ធ​នឹង​ស្មារតី​ជាតិ នឹង​ធ្វើឱ្យ​យើង​ជួប​ឧបសគ្គ​។ ប៉ុន្តែ​ប្រសិនបើ​រដ្ឋាភិបាល​គ្រប់គ្រង​បាន​ល្អ យើង​អបអរសាទរ ហើយ​អ្វី​ដែល​បក្សប្រឆាំង​គេ​លើកឡើង​ក៏​សមហេតុផល​ដែរ​។ ហេតុ​អី​យើង​គាំទ្រ​ថា បក្សប្រឆាំង​លើក​ឡើង​មាន​ហេតុផល​គឺ​ដោយសារ​មាន​ជនបរទេស​ច្រើន​ (​វៀតណាម​) ​នៅ​កម្ពុជា​ហើយ​ពលរដ្ឋ​កម្ពុជា​ត្រូវ​បាត់បង់​ការងារ​ច្រើន​»​។

យ៉ាងណាក្តី​ក្រសួង​មហាផ្ទៃ​បាន​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុង​កាន់កាប់​ចាប់​តាំងពី​ដើម​ឆ្នាំ​ ២០១៧ ដល់​ថ្ងៃទី​ ៣០ ខែ​មិថុនា ឆ្នាំ​ ២០១៩ បាន​ចំនួន ៣៧ ៤៣៦ ​ច្បាប់​ពី​ជនបរទេស​ចំនួន ២០ ១០៧ ​គ្រួសារ​ដែល​មាន​មនុស្ស​សរុប​ចំនួន ៦៩ ៩៥៧ ​នាក់ ស្មើនឹង​ ១១ ​សញ្ជាតិ ក្នុង​នោះ​សញ្ជាតិ​វៀតណាម​ចំនួន ១៩ ៩៦៧ ​គ្រួសារ មាន​មនុស្ស​ចំនួន ៦៩ ៧៨៧ ​នាក់​៕

វីដេអូ៖