ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា យុទ្ធនាការ​ដោះស្រាយ​ភាពចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​អាច​នឹងត្រូវ​ដោះលែង​អ្នក​ជាប់ទោស​ប្រមាណ​ ១ ​ម៉ឺន​នាក់​ ដែល​ភាគច្រើន​ពួកគេ​បាន​អនុវត្ត​ទោស​ជិត​ចប់​ហើយ​ការដោះលែង​នេះ​នឹង​ប្រគល់​ឲ្យ​សមត្ថកិច្ច​ដែនដី​ជា​អ្នកទទួល​ការខុសត្រូវ​តាមដាន​ពួកគេ ដើម្បី​ចៀសវាង​កុំឲ្យ​ពួកគេ​ត្រឡប់​ទៅ​ប្រព្រឹត្ត​បទល្មើស​ជាថ្មីទៀត​។

ការថ្លែង​បែបនេះ​របស់​លោក ស ខេង បាន​ធ្វើឡើង​ពី​ម្សិលមិញ​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ឆ្នាំ ២០១៩ និង​លើក​ទិសដៅ​ឆ្នាំ​ ២០២០ របស់​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ដែល​មាន​អ្នកចូលរួម​ជិត​ ៣០០ ​នាក់​នា​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។

លោក ស ខេង បាន​លើកឡើង​ថា រដ្ឋាភិបាល​បាន​ខិតខំ​ដើម្បី​លើកកម្ពស់​ការដោះស្រាយ​បញ្ហា​ភាពអសកម្ម​នានា​នៅក្នុង​ពន្ធនាគារ​ខណៈ​ការចង្អៀត​ណែន​គឺជា​ភាព​អសកម្ម​មួយ​ដែល​នាំឲ្យ​មានការ​លើកឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​ និង​ក្លាយ​ជា​បន្ទុក​ដ៏ធំ​មួយ​របស់​រដ្ឋ​ក្នុង​ការចំណាយ​ថវិកា​ដ៏ច្រើន ដើម្បី​ផ្គត់ផ្គង់​អ្នក​ដែល​នៅជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ទាំងនោះ​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ការដោះលែង​អ្នក​ជាប់ទោស​ដែល​អាចមាន​ចំនួន​ប្រមាណ​ ១ ​ម៉ឺន​នាក់​អាច​នឹង​ធ្លាក់​ទៅ​ជា​បន្ទុក​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​ទូទាំង​ប្រទេស​ដើម្បី​ធ្វើការ​គ្រប់គ្រង​ និង​ទទួល​មើល​ការខុសត្រូវ​ក្នុង​ការតាមដាន ចៀសវាង​នៅពេល​ធ្វើការ​ដោះលែង​ពួកគេ ហើយ​បែរ​ជា​ពួកគេ​ត្រឡប់​ទៅ​ប្រព្រឹត្ត​បទល្មើស​ជាថ្មីទៀត​។

លោក​បញ្ជាក់ថា​៖ «​យុទ្ធនាការ​នេះ​គឺ​ពិតជា​មាន​សារៈសំខាន់ ហើយ​ខ្ញុំ​ជឿជាក់ថា​បញ្ហា​នេះ​អាច​ធ្វើ​ទៅបាន​។ ប៉ុន្តែ​ទន្ទឹមនេះ​ខ្ញុំ​ស្នើ​ទៅ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងឡាយ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាពិសេស​ក្នុង​យុទ្ធនាការ​នេះ វា​អាច​ថា​អ្នក​ដែល​ជាប់ឃុំ​ ឬ​ជាប់ទោស​ដែល​អនុវត្ត​ទោស​បាន​ជិត​ចប់​ប្រហែល​ជា​តុលាការ​អាច​ដោះលែង មិន​ថា ប្រធានបទ​ល្មើស​ណា ជា​បទល្មើស​ណា​ទេ ដែល​មាន​ទោស​នោះ​ស្រាល​ទេ មិនមែន​ទោសឧក្រិដ្ឋ​ទេ​»​។

អ្នក​ជាប់ឃុំ​ត្រូវ​បាន​ដឹក​ចេញ​ពី​តុលាការ​ទៅកាន់​ពន្ធនាគារ​កន្លង​មក​។ហេង ជីវ័ន

ក្រៅពី​លើក​ឡើង​យ៉ាង​ដូច្នេះ​លោក ស ខេង ក៏បាន​បញ្ជាក់​ដែរ​ថា រដ្ឋាភិបាល​ក៏​កំពុង​ស្វែងរក​មធ្យោបាយ​ផ្សេងទៀត ដើម្បី​ជួយ​ស្តារ​សមត្ថភាព​ ឬ​នីតិសម្បទា​របស់​អ្នក​ជាប់ទោស​ដែល​គ្រោង​នឹង​ដោះលែង​ទាំងនោះ ដើម្បី​ឲ្យ​ប្រាកដថា នៅពេល​ពួកគេ​បាន​ចាកចេញ​ពី​ពន្ធនាគារ​ហើយ ពួកគេ​នឹង​ក្លាយ​ទៅ​ជា​ធនធាន​មួយ​ដែល​ល្អ​។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នាឱកាស​នោះដែរ​ថា អ្នកទោស​ទាំងអស់​គឺ​ត្រូវ​តែ​ទទួល​ខុសត្រូវ​រាល់​បទល្មើស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ប៉ុន្តែ​មិនមែន​មានន័យថា ពួកគេ​ត្រូវ​មាន​ទោស​ពេញ​ ១ ​ជីវិត​នោះទេ​។ លោក​បន្ត​ថា ក្នុងករណី​ដែល​​ទណ្ឌិត​ទាំងនោះ​បាន​អនុវត្ត​ទោស​ចប់សព្វគ្រប់ នោះ​ពួកគេ​អាច​នឹង​ចេញ​ពី​ពន្ធនាគារ​បាន ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ការកែប្រែ​នូវ​ឥរិយាបថ​ឲ្យ​ក្លាយ​ទៅ​ជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម​។

លោក​បញ្ជាក់ថា​៖ «​យើង​បានចាប់ផ្តើម (​យុទ្ធនាការ​) ​នេះហើយ​ ប៉ុន្តែ​មិនទាន់​មាន​ទណ្ឌិត​ប៉ុន្មាន​ទេ​ដែល​ត្រូវបាន​ដោះលែង ដោយ​ពួកគេ​នៅតែ​អនុវត្ត​ទោស​ដដែល​ទេ​។ គ្រាន់​តែ​ដល់​ពេល​មួយ នៅពេល​ដែល​តុលាការ​សម្រេច​ទៅ អាច​នឹង​មាន​ករណី​មួយចំនួន​គាត់​អាច​ចេញ​ហើយ ប៉ុន្តែ​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​»​។

លោក កើត រិទ្ធ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​ការអនុវត្ត​នូវ​គោលការណ៍​លើក​លែង​ទោស​ដើម្បី​បញ្ចៀស​នូវ​ការចង្អៀតណែន​ក្នុង​ពន្ធនាគារ​នេះ​គឺ​ច្បាប់​បាន​អនុញ្ញាត​ប្រសិន​ជា​បទល្មើស​ទាំងនោះ​ស្ថិត​ក្នុង​កម្រិត​ស្រាល​ហើយ​ទណ្ឌិត​អាច​ធ្វើការ​កែប្រែ​ខ្លួន​បាន​ល្អ​នោះ​លទ្ធភាព​ដែល​អាច​ចេញ​ពី​ពន្ធនាគារ​មុន​ការកំណត់​នឹង​មាន​សម្រាប់​ពួកគេ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា ការដោះលែង​នេះ​មិនមែន​បាន​ន័យ​ថា ពួកគេ​មាន​សេរីភាព ១០០ ​ភាគរយ​នោះទេ​គឺ​តម្រូវ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការតាមដាន​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ដោយ​សម្តែង​ការសាទរ​ចំពោះ​វិធានការ​ដែល​បានដាក់​ចេញ​នេះ​ដោយ​លោក​រំពឹងថា អាច​នឹង​ធ្វើឲ្យ​មាន​ការធូរស្បើយ​នៅក្នុង​ពន្ធនាគារ​។

លោក​បន្តថា អង្គការ​លីកាដូ​តែងតែ​ជំរុញ​ឲ្យ​មាន​ការគិតគូរ​ពិចារណា​ដោះលែង​អ្នក​ជាប់ទោស ដែល​បាន​អនុវត្ត​ទោស​ក្នុង​កម្រិត​ស្រាល និង​បាន​អនុវត្ត​ទោស​បាន​ ២ ​ភាគ​ ៣ រួចហើយ​ក្នុង​ពន្ធនាគារ ក្រោយពី​ពួកគេ​បាន​ធ្វើការ​កែប្រែ​ខ្លួន​។ ក្រៅពី​ការដោះលែង​អ្នក​ដែល​បាន​អនុវត្ត​ទោស​ទាំងនេះ​លោក សំអាត ក៏​លើកឡើង​ទៀតថា សម្រាប់​អ្នក​ដែល​ជាប់​សង្ស័យ និង​រកឃើញ​ថា គ្មាន​ទោសកំហុស​ និង​កំពុងស្ថិត​ក្នុង​ដំណាក់កាល​ឃុំខ្លួន​បណ្តោះអាសន្ន​ដែល​ពិនិត្យ​ឃើញ​ថា គួរតែ​ឲ្យ​នៅ​ក្រៅ​ឃុំ នោះ​រដ្ឋាភិបាល​មិន​គួរណា​បន្ត​ឃុំខ្លួន​ពួកគេ​ដែល​នាំឲ្យ​កាន់តែ​មាន​ភាពចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​បន្ថែម​ទៀត​នោះទេ​។

លោក​បន្តថា​៖ «​ការដោះលែង​ហើយ ប៉ុន្តែ​ការដាក់​ឲ្យ​មាន​ការឃ្លាំមើល​ពី​អាជ្ញាធរ​មូលដ្ឋាន​គឺ​ទី​ ១ អាចមាន​ផល​វិជ្ជមាន ព្រោះ​ការគ្រប់គ្រង និង​ការតាម​មើល​សកម្មភាព​របស់​ពួកគាត់ ថា​ពួកគាត់​ពិតជា​កែប្រែ​មែនឬ​អត់​ហ្នឹង​? ប៉ុន្តែ​សម្រាប់​ផល​អវិជ្ជមាន​វិញ​គឺ​វា​ធ្វើឲ្យ​ប៉ះពាល់​ទៅ​ដល់​សេរីភាព​របស់​គាត់ ឬ​ក៏​អាច​ឲ្យ​គាត់​មាន​ការភិតភ័យ​អី​ជាដើម ឬ​ក៏​អាច​មាន​បាតុភាព​អ្វី​កើតឡើង​ផ្សេងទៀត​។ បើទោះ​ជា​យ៉ាងណា យើង​គាំទ្រ​នូវ​ការដោះលែង​នេះ​»​។

លោក ស ខេង ក៏​ធ្លាប់បាន​លើកឡើង​ដែរ​ថា មាន​មតិ​រិះគន់​មួយចំនួន​ចំពោះ​គម្រោង​នៃ​ការដោះលែង​អ្នកទោស​ដ៏ច្រើន​នេះ​លោក​ អំ សំអាត ​បាន​ថ្លែងថា ដើម្បី​បញ្ចៀស​បាន​នូវ​ការរិះគន់​ផ្សេងៗ រដ្ឋាភិបាល ជាពិសេស​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ត្រូវតែ​ដើរ​តួនាទី​សំខាន់ និង​បង្កើន​ការជឿ​ទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ ហើយ​ត្រូវ​ប្រាកដ​ថា ជន​ដែល​ត្រូវបាន​ដោះលែង​ក្នុង​យុទ្ធនាការ​នេះ​មិន​ស្ថិតក្នុង​ភាពស្រពេចស្រពិល ឬ​ស្ថិត​ក្នុង​អំពើពុករលួយ​នោះទេ​៕

វីដេអូ៖