ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ថ្លែងថា​វិធានការ​ច្បាប់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ការចាប់​ខ្លួន​ជនសង្ស័យ​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​នៃ​ការធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ គឺ​ពុំមែន​ជា​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នោះទេ និង​បាន​អំពាវនាវ​ដល់​អ្នក​នយោបាយ និង​ជនរួមជាតិ​រួបរួម​គ្នា​ប្រឆាំង​ផែនការ​ចលនា​ឧទ្ទាម​ក្រៅច្បាប់​នា​ថ្ងៃទី​ ៩ វិច្ឆិកា​។

បង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់លោក​កាល​ថ្ងៃទី​ ២៦ ខែ​តុលា​លោក ស ខេង ​សរសេរ​ថា​ថ្មីៗ​នេះ​មាន​ការរិះគន់​ពី​មជ្ឈដ្ឋាន​ខ្លះ​ថា​ជា​ទង្វើ​រំលោភសិទ្ធិ​មនុស្ស​ចំពោះ​ការចាត់​វិធានការ​ច្បាប់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ការចាប់​ខ្លួន​ជនសង្ស័យ​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​នៃ​ការធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។ គម្រោង​របស់​ពួកគេ​ជ្រក​ក្រោម​ផែនការ​នៃ​ការវិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា ឆ្នាំ​ ២០១៩ របស់​អតីត​ថ្នាក់ដឹកនាំ​មួយ​ចំនួន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក​ សម រង្ស៊ី​។

លោក​បញ្ជាក់​ថា​៖ «​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​មួយរូប ខ្ញុំ​ព្រះករុណា​ខ្ញុំ​សូម​បញ្ជាក់​ជូន​ជនរួមជាតិ​ជាថ្មី​ម្តង​ទៀតថា ការចាត់វិធានការ​ច្បាប់​ចំពោះ​សកម្មភាព​ទាំងឡាយណា​ដែល​ប៉ុនប៉ង​បំផ្លាញ​សុខសន្តិភាព ស្ថិរភាព នយោបាយ ការ​ញុះញង់​ឲ្យ​មាន​អំពើហិង្សា ចលនា​បំបែកបំបាក់​ផ្ទៃក្នុង​ជាតិ ឈានទៅ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​គឺ​ពុំមែន​ជា​សកម្មភាព​រំលោភសិទ្ធិ​មនុស្ស​ក្នុងសង្គម​ប្រជាធិបតេយ្យ​នោះឡើយ​»​។

លោក​បន្ថែមថា​ការប្រកាស​ជា​សាធារណៈ និង​ជា​បន្តបន្ទាប់​របស់​លោក សម រង្ស៊ី​អំពី​ផែនការ​ដែល​គេ​ហៅថា ការវិល​មក​កម្ពុជា​វិញ​នា​ថ្ងៃ​ ៩ វិច្ឆិកា ឆ្នាំ​ ២០១៩ ដោយ​បាន​ធ្វើការ​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ឲ្យ​កងទ័ព​ជាតិ​ផ្ដាច់​ខ្លួន​ដើម្បី​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​។ ការបង្កើត​មូលនិធិ​សម្រាប់​ទ្រទ្រង់​កងទ័ព​ខុសច្បាប់​របស់ខ្លួន​។ ការ​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​បះបោរ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​។ ការថ្លែង​ជា​សាធារណៈ​ប្រមាថ​មាក់ងាយ​ព្រះមហាក្សត្រ​ជាទីគោរព​ដ៏ខ្ពង់ខ្ពស់​បំផុត​នៃ​ជាតិ និង​ទាមទារ​ឲ្យ​ព្រះអង្គ​ដាក់រាជ្យ​នោះ​គឺ​ពិតជា​ពុំមែន​ជា​សកម្មភាព​ដែល​ត្រូវ​ប្រតិបត្តិ​ជាធម្មតា​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នោះឡើយ​។

លោក​បន្តថា គម្រោង​វិល​ចូល​កម្ពុជា​វិញ​របស់​លោក​ សម រង្ស៊ី និង​បក្ខពួក​គឺជា​គម្រោង​នៃ​ចលនា​ឧទ្ទាម​សុទ្ធសាធ​ដែល​នឹង​នាំ​ទៅ​ដល់​ការបំផ្លាញ​សុខសន្តិភាព និង​ការបំបែកបំបាក់​ជាតិ​ដែល​អាច​បង្ក​នូវ​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​មិនអាច​ប៉ាន់ស្មាន​បាន​ចំពោះ​ជាតិ និង​ប្រជាជន​កម្ពុជា​។ ជា​ការប៉ុនប៉ង​បង្ក​ការអុកឡុក រំខាន​ដល់​ការរៀបចំ​ពិធីបុណ្យ​ឯករាជ្យជាតិ​ក៏​ដូច​ការចូលរួម​សប្បាយ​របស់​ប្រជាជន​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​។

លោក​លើក​ទៀត​ថា សកម្មភាព​នៃ​ការវិលត្រឡប់​របស់​លោក​ សម រង្ស៊ី ​នាពេល​នេះ​គឺ​ខុសពី​សកម្មភាព​នៃ​ការវិល​ត្រឡប់មក​កម្ពុជា​វិញ​របស់​ សម រង្សី កាលពី​ឆ្នាំ​ ២០១៣​។ នៅពេល​នោះ​គាត់​ជា​ប្រធាន​គណបក្សនយោបាយ​ស្រប​ច្បាប់ និង​ទទួល​បាន​ការប្រោស​ព្រះរាជទាន​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​។ ការវិលត្រឡប់​របស់​គាត់​នៅពេល​នោះ​គឺ​ដើម្បី​មក​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​។

លោក​សង្កត់ធ្ងន់​ថា​៖ «​ហេតុដូច្នេះ​នៅពេល​នោះ​អ្នក​ដែល​មាន​សមានចិត្ត​អាចមាន​សិទ្ធិ​ចូលរួម​ហែហម​គាត់ គឺ​ពុំមែន​ជា​សកម្មភាព​ខុសច្បាប់​នោះឡើយ​។ ប៉ុន្តែ​ការវិល​ត្រឡប់​មក​កម្ពុជា​នា​ពេលនេះ គឺ​ សម រង្ស៊ី ស្ថិតក្នុង​ស្ថានភាព​ជា​ទណ្ឌិត ហើយ​ជា​អ្នកដឹកនាំ​គម្រោង​ចលនា​ឧទ្ទាម​ក្រៅច្បាប់​ថែមទៀត​ផង​»​។

លោក​ក៏បាន​អំពាវនាវ​ដល់​អ្នក​នយោបាយ និង​ជនរួមជាតិ​ទាំងអស់​ត្រូវ​រួបរួមគ្នា​ប្រឆាំង​គម្រោង​នៃ​ចលនា​ឧទ្ទាម​ក្រៅច្បាប់​នា​ថ្ងៃទី​ ៩ ខែវិច្ឆិកា ដោយ​មិនត្រូវ​ចូលរួម​ក្នុង​សកម្មភាព​ណាមួយ​នៃ​ផែនការ​នេះ​។ ជំនួស​មកវិញ​ដោយ​ការចូលរួម​អបអរសាទរ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ការចូលរួម​សប្បាយរីករាយ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះខែ និង​អកអំបុក​។ ចូលរួម​ពិសា​អំបុក​ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា ដើម្បី​រួបរួម​គ្នា​ការពារ​រដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារ​សុខសន្តិភាព និង​ឯកភាព​ជាតិ​។

ប៉ុន្តែ​លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ រិះគន់​ការចាប់ខ្លួន​ជា​បន្តបន្ទាប់​អ្នកគាំទ្រ​ការវិលត្រឡប់​របស់​លោក សម រង្ស៊ី ថា​មិនបាន​បង្ហាញ​ភ័ស្តុតាង​ជាក់លាក់​ណាមួយ​ដែលថា ពួកគេ​បាន​ចូលរួម​ក្បត់ ឬ​ក៏​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​។ នេះ​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ថា រដ្ឋាភិបាល​បាន​រំលោភសិទ្ធិ​មនុស្ស​។

លោក​ថ្លែងថា​៖ «​ការប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​នេះ​វា​ជា​រឿង​មួយ​ដែល​ហួសហេតុ​ដែល​ (​ការប៉ុនប៉ង​ផ្តួលរំលំ​នោះ​) ​មិន​អាច​នឹង​កើតឡើង​។ យើង​មើលឃើញ​ថា សកម្មជន​ទាំងអស់​នោះ​មិនគួរ​ត្រូវបាន​ចោទប្រកាន់​រួមគំនិត​ក្បត់​ ឬ​ផ្តួលរំលំ​រដ្ឋាភិបាល​ទេ​ដោយសារ​តែ​មិនបាន​យល់ដឹង​ពី​ផែនការ​របស់​លោក សម រង្ស៊ី ហើយ​ពួកគាត់​ក្លាយ​ទៅ​ជា​ជនរងគ្រោះ​»​។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​) ចាត់ទុក​វិធានការ​ច្បាប់​របស់​អាជ្ញាធរ​ក្នុង​ការចាប់ខ្លួន​ជនសង្ស័យ​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​ការវិលត្រឡប់​របស់​លោក​ សម រង្ស៊ី ថា​បាន​រំលោភសិទ្ធិ​មនុស្ស​។ លោក​អះអាង​ថា​រដ្ឋាភិបាល​បាន​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​កម្ពុជា ដើម្បី​គាបសង្កត់​ទៅលើ​អ្នកគាំទ្រ​ការវិលត្រឡប់​របស់​លោក​ សម រង្ស៊ី ដែល​វា​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សកម្មជន​ទាំងនោះ​។

លោក​បញ្ជាក់ថា​៖ «​ការអនុវត្ត​ច្បាប់​ និង​ការប្រព្រឹត្ត​របស់​ជន​ទាំងអស់​ហ្នឹង វា​មាន​ផលប៉ះពាល់​យ៉ាងម៉េច​ខ្លះ​ទៅ​លើ​អំពើ​របស់​ខ្លួន ហើយ​ទាំងអស់​នេះ​យើង​ដឹង​តាំងពី​ខាង​ដើម​ថា វា​ជា​វិវាទ​នៃ​ជម្លោះ​នយោបាយ​។ នៅពេល​ដែល​យើង​អនុវត្ត​ច្បាប់​ទៅលើ​មនុស្ស​ដែល​គេ​មិន​ប្រព្រឹត្ត​អ្វីដែល​ខុស​ទៅនឹង​ច្បាប់ ដូច្នេះ​វា​ជា​ការរំលោភ​សិទ្ធិ​របស់​មនុស្ស​»​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​ពី​ម្សិលមិញ ប៉ុន្តែ​កន្លងមក​លោក​ធ្លាប់បាន​ចោទថា អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​តែងតែ​ធ្វើការ​រិះគន់​ទៅលើ​រាជរដ្ឋាភិបាល​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ហើយ​លម្អៀង​ទៅកាន់​លោក​ សម រង្ស៊ី​៕