ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក ស ខេង បានអះអាងថា ​ឧកញ៉ា ​គិត ​ម៉េង ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមហ៊ុន​ Royal Group មិន​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀន​​ជាង​ ៥០ គីឡូក្រាម ​ដែល​សមត្ថកិច្ច​បង្ក្រាប ​និង​រឹបអូស​បាន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុកកាលពី​សប្តាហ៍​មុន​ នោះ​ទេ។

ការ​ថ្លែង​អះអាង​របស់​លោក​ ស ខេង ​ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យ​ច​ចាម​អារ៉ាម​មួយចំនួន​ថា ​អ្នក​ឧកញ៉ា​​ គិត ម៉េង ​និង​ឧកញ៉ា​ គិត ធាង ​ដែលត្រូវជា​បង​ប្រុស​របស់​លោក​ គិត ម៉េង ​និងជា​អគ្គនាយក​ក្រុមហ៊ុន​ Royal Group និង​មនុស្ស​មួយ​ចំនួន​ទៀត ថា​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀន​ជាង ៥០ គីឡូក្រាម ​ដែល​សមត្ថកិច្ច​ឆ្មក់​ចូល​បង្ក្រាប ​និង​រឹបអូស​បាន​នៅ​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ុក​កាល​ពី​ថ្ងៃ​ទី ២៣ ​ខែ​កុម្ភៈ​ ឆ្នាំ ២០១៩។

បើ​យោងតាម​ហ្វេស​ប៊ុក​ផ្លូវការ​របស់​លោកឧបនាយករដ្ឋមន្ត្រី​ ស ខេង ​ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃ​ទី ២៧ ​ខែកុម្ភៈ ឆ្នាំ ២០១៩ បាន​បញ្ជាក់​ថា​ សមត្ថកិច្ច​រក​ពុំ​ឃើញ​ភ័ស្តុតាង​ណាមួយ​ដែល​បង្ហាញថា​ លោក​​ឧកញ៉ា​ គិត ម៉េង ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ​ដែលកម្លាំង​នគរបាល​រាជ​ធានី​ភ្នំពេញ ​បង្ក្រាបបាន​ជិត​ ៥០ ​គីឡូក្រាម ​នៅ​មជ្ឈមណ្ឌល​កម្សាន្ដ​ រ៉ុក ​នោះ​ទេ។

លោក​ ស ខេង បញ្ជាក់​ថា​៖ «បន្ទាប់ពី​ការបង្ក្រាប​ដោយ​ជោគជ័យ​របស់​កងកម្លាំង​នគរបាល ​លើ​ករណីនេះ ​ក៏បាន​កើតមាន​ពាក្យ​ច​ចាម​អារ៉ាម​ថា ​ករណី​បទល្មើស​គ្រឿងញៀន​នេះ​មានការ​ពាក់ព័ន្ធ​នឹង​បុគ្គល​ផ្សេងៗ​ដែល​ខ្ញុំ​សូម​យក​ឱកាស​នេះ​ជម្រាប​ជូន​សាធារណជន​ និង​ប្រជាពលរដ្ឋ​ទាំងអស់​ជ្រាបថា​ តាមរយៈការស៊ើប​អង្កេតយ៉ាង​យកចិត្ត​ទុកដាក់​ មកដល់​ពេលនេះ​សមត្ថកិច្ច​រក​ពុំ​ឃើញ​ភ័ស្តុតាង​ណាមួយ​បញ្ជាក់ថា ​មានការ​ពាក់ព័ន្ធ​នឹង​អ្នក​ឧកញ៉ា​ គិត ម៉េង ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​នោះ​ទេ»។

លោក​បញ្ជាក់ទៀត​ថា​៖ «ខ្ញុំ​សូម​កោតសរសើរ​ដោយស្មោះ​ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រែង ក្នុង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ​របស់​ស្នង​ការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ ​ដែល​បានធ្វើ​ប្រតិបត្តិការ​ បង្ក្រាប​បទល្មើស​គ្រឿង​​ញៀន ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ កាលពី​ថ្ងៃ​ទី ២៣ ​ខែកុម្ភៈ ​ឆ្នាំ ២០១៩ ​កន្លង​ទៅ​នេះ ​ដោយ​រឹបអូស​បាន​វត្ថុតាង​ថ្នាំញៀន​ជាច្រើន​គីឡូក្រាម ​និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​មួយ​ចំនួន​ផង​ដែរ»។

ទន្ទឹមនឹង​នេះដែរ ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​សាកសួរ​យុវជន យុវនារី​ខ្មែរ-ចិន ចំនួន ៣០ នាក់​ខណៈពេល​ដែល​មនុ​ស្ស ៣០២ នាក់ ​ដែល​ពាក់ព័ន្ធ​ការប្រើប្រាស់​គ្រឿងញៀន និង​មិន​ពាក់ព័ន្ធ​ត្រូវបាន​ដោះលែង​កាលពី​យប់​ថ្ងៃទី ២៤ ខែកុម្ភៈ បន្ទាប់ពី​បាន​ធ្វើ​កិច្ចសន្យា​អប់រំ។

លោក​ គិត ម៉េង ​បាន​បដិសេធ​ធ្វើ​អត្ថាធិ​ប្បាយ​ទាក់ទង​នឹង​ករណី​ខាងលើនេះ ​ខណៈដែល​លោក​ គិត ធាង ​ដែល​ជាបងប្រុស​របស់​លោក​ គិត ម៉េង ​នោះ ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​កាល​ពី​ម្សិលមិញ​។

លោក​ ម៉ក់ ជី​តូ ​អគ្គ​ស្នងការរង​នគរបាល​ជាតិ និង​ជា​អគ្គលេខាធិការ​រង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា​ មន្ត្រីនគរបាល​បាននិង​កំពុង​ស៊ើប​អង្កេត​រក​មេខ្លោង ​និង​អ្នក​ពាក់ព័ន្ធ​ដែល​នាំ​គ្រឿងញៀន​ចូល​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ុក ​ដែល​បាន​បិទ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃទី ២៣ ​ខែ​កុម្ភៈ។

លោក​ ម៉ក់ ជីតូ បញ្ជាក់​ថា​៖ «ប៉ូលិស​ត្រូវតែ​រក​ហើយ​ យើង​ត្រូវតែ​ប្រឹងរក​ឲ្យ​ឃើញ ​ហើយ​យើង​ត្រូវ​ប្រឹង​ធ្វើការ​បន្ត​ទៀត»។

លោក​ក៏បាន​បដិសេធ​ពាក្យ​ច​ចាមអារ៉ាម​ដែលថា ​មានមន្ត្រី​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​របស់​ក្រសួង​មហាផ្ទៃ​បានធ្វើ​ការសាកសួរ​លោក​ គិត ធាង។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក ​ស៊ឹង សែន​ករុណា​ ថ្លែងថា​ អាជ្ញាធរ​ត្រូវតែ​ធ្វើការបង្ហាញ​ភ័ស្តុ​តាង​ដែល​លើកឡើងថា​លោក​ គិត ម៉េង​ មិនបាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀន​​ជិត​ ៥​០ គីឡូ​ក្រាម ​ដោយសារ​កន្លង​ទៅ​មានការលើកឡើង​ថា ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ គឺជា​របស់​លោក ​គិត ម៉េង ​ហើយ​បញ្ហា​គ្រឿងញៀន​ បាន​និង​កំពុងបង្ក​បញ្ហា​ជាច្រើន​ដល់​សង្គម​កម្ពុជា។

លោក​បញ្ជាក់ថា​៖ «យើង​ស្វាគមន៍​រាល់​ការបង្ក្រាប​ទៅលើ​ការជួញដូរ​គ្រឿងញៀន​នៅក្នុង​ប្រទេស​ កម្ពុជា​ យើង។ ​យើង​សូមឲ្យ​រដ្ឋាភិបាល​បង្កើន​ការទប់ស្កាត់​ ឬ​បង្ក្រាប​បន្ថែម​ទៀតទៅ លើក្លិប ​និង​ទីតាំង​ផ្សេងៗ​ដែល​សង្ស័យ»។

កាលពី​ថ្ងៃទី ២៣ ​ខែកុម្ភៈ ​ឆ្នាំ ២០១៩ វេលា​ម៉ោង ១ ​និង ៤០ នាទី​ ទៀបភ្លឺ ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​​រាជធានី​ ​និង​ដោយ​មាន​ការដឹកនាំ​សម្រប​សម្រួល ​ពី​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ​មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស​ សង្កាត់​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការមន ​រាជធានី​ភ្នំពេញ​ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៣១១ នាក់ ​ដែល​ក្នុងនោះ​មាន​ជនជាតិ​ចិនចំនួន​ ១៤ នាក់ ​ហើយ​ដកហូត​បាន​គ្រឿង​​ញៀន​ជាង​ ៣៩ គីឡូ​ក្រាម ​និង​សារធាតុ​ញៀន​ជា​ទឹក​ ៩ គីឡូ​ក្រាម ​២ ខាំ ​ជញ្ជីង​ថ្លឹង​គ្រឿង​ញៀន​ចំនួន ១២ ​និង​កាំភ្លើង​ខ្លី ១ ដើម៕