ភ្នំពេញ៖ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​បង្ហាញ​ការ​គាំទ្រ​លើ​គំនិត​ផ្ដួចផ្ដើម​របស់​ឯកអគ្គរដ្ឋ​ទូត​អាល្លឺម៉ង់ ដែល​បាន​ស្នើ​គម្រោង​មួយ​ដែល​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ទំនាក់ទំនង​រវាង​នគរបាល​មូលដ្ឋាន​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ព្រោះ​វា​ស្រប​នឹង​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​គោលនយោបាយ​ភូមិ​ឃុំ-សង្កាត់​មាន​សុវត្ថិភាព។

យោងតាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក ស ខេង បាន​ឱ្យ​ដឹង​ថា គម្រោង​នេះ​បាន​ស្នើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​លោក គ្រីសស្ទៀ​ន បែកគ័រ (Christian Berger) និង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ពុធ ទី ៣ កុម្ភៈ ក្នុង​ជំនួប​មួយ​នៅ​ក្រសួង​មហាផ្ទៃ។

ហ្វេសប៊ុក​ដដែល​នេះ​បាន​បញ្ជាក់​ថា ចំពោះ​ប្រធានបទ​ពាក់ព័ន្ធ​នឹង​ការងារ​នគរបាល ​និង​សហគមន៍​ដែល​បាន​លើក​ឡើង​ដោយ​ឯកអគ្គរដ្ឋទូត គឺ​ផ្ដោត​ទៅ​លើ​ការងារ​នគរបាល​នៅ​ឃុំ-សង្កាត់​ជា​គម្រោង​មួយ​ដែល​ឯកអគ្គរាជទូត​អាល្លឺម៉ង់​ស្នើ​ផ្ដល់​ការ​គាំទ្រ​ដល់​ភាគី​កម្ពុជា ក្នុង​បំណង​ធ្វើ​យ៉ាង​ណា ​ដើម្បី​លើក​កម្ពស់​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​ជាមួយ​នឹង​មន្ត្រីន​គរបាល​នៅ​តាម​មូលដ្ឋាន​ដែល​នៅ​ជិត​ប្រជាពលរដ្ឋ ​និង​ដើម្បី​ពង្រីក​ការ​អនុវត្ត​តួនាទី ភារកិច្ច ​និង​របៀបរបប​នៃ​ការ​ធ្វើ​ទំនាក់ទំនង ​និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​កាន់​តែ​ប្រសើរ​ឡើង​ជាមួយ​នឺង​អាជ្ញាធរ ​និង​កម្លាំង​មាន​សមត្ថកិច្ច។

ក្នុង​ជំនួប​នោះ​ដែរ លោក គ្រីសស្ទៀន បែកគ័រ ​បាន​សម្ដែង​ក្ដី​រីករាយ និង​បាន​បញ្ជាក់​ថា ការ​គាំទ្រ​ដល់​នគរបាល​នៅ​តាម​សហគមន៍​នេះ គឺ​ជា​គម្រោង​មួយ​ដែល​អាច​នាំ​ឱ្យ​មាន​គម្រោង​ថ្មីៗ​បន្ថែម​ទៀត ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​នេះ និង​ផ្នែក​ពាក់ព័ន្ធ​ដទៃ​ទៀត​រវាង​ភាគី​អាល្លឺម៉ង់ និង​កម្ពុជា។

យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក ស ខេង នៅ​ក្នុង​ជំនួប​ដដែល​នោះ​បាន​ឱ្យ​ដឹង​ថា៖ «ឆ្លើយ​តប​នឹង​ការ​ស្នើ​នេះ លោក ស ខេង បាន​ស្វាគមន៍​ចំពោះ​សំណើ​នេះ បាន​បញ្ជាក់​ទៅ​វិញ​ថា គំនិត​នេះ​ពិត​ជា​ស្រប​ទៅ​នឹង​អ្វី​ដែល​រាជរដ្ឋាភិបាល​កំពុង​ធ្វើ​បច្ចុប្បន្ន​នេះ ជាពិសេស​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បាន​កែ​លម្អ​បន្ថែម​នូវ​គោលនយោបាយ​ភូមិ​ឃុំ-សង្កាត់ មាន​សុវត្ថិភាព។ គោល​នយោបាយ​ថ្មី​នេះ ​គឺ​ដាក់​ចេញ​ស្រប​ទៅ​នឹង​ស្ថានភាព និង​ការ​វិវត្ត​ជាក់​ស្ដែង​នៃ​សង្គម​បច្ចុប្បន្ន»។

លោក ស ខេង ក៏​បាន​ឯកភាព​រៀបចំ​ដំណើរ​ទស្សនកិច្ច​រួមគ្នា​មួយ​ទៅ​កាន់​ទីតាំង​មួយចំនួន ​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហការ​ទាំង​លើ​វិស័យ​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសមជ្ឈការ ដែល​អាល្លឺម៉ង់​បាន​ជួយ​ជាច្រើន និង​ដើម្បី​គាំទ្រ​គម្រោង​ទំនាក់ទំនង​នគរបាល និង​សហគមន៍​នេះ។

លោក​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ​នៃ​ការងារ​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ។

ដំណើរ​ទស្សនកិច្ច​រួម​ក៏​នឹង​ធ្វើ​ឡើង​ទៅ​កាន់​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នគរបាល​នៅ​តាម​ភូមិ​ភាគ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការ​បណ្ដុះបណ្ដាល​នគរបាល ​ដើម្បី​ឱ្យ​គម្រោង​នគរបាល និង​សហគមន៍ ដែល​ជា​គំនិត​ផ្ដួចផ្ដើម និង​គាំទ្រ​ដោយ​ភាគី​អាល្លឺម៉ង់​នេះ ពិត​ជា​ឆ្លើយ​តប​នឹង​តម្រូវ​ការ និង​ភាព​ជាក់ស្ដែង​នៃ​ការងារ​នគរបាល​កម្ពុជា។

លោក ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការ​ពង្រឹង​ការងារ​របស់​សមត្ថកិច្ច​មូលដ្ឋាន​ភាគី​អូស្ត្រាលី​បាន​ជួយ​គាំទ្រ​ការ​ពង្រឹង​នគរបាល​ប៉ុស្តិ៍​តាមរយៈ​គម្រោង​ផ្ដួចផ្ដើម​ការងារ​នគរបាល ​និង​សហគមន៍ អនុវត្ត​រយៈពេល ៣ ឆ្នាំ ពី​ឆ្នាំ ២០១៧ ដល់​ឆ្នាំ ២០១៩។ គម្រោង​នេះ​បាន​ជួយ​ធ្វើឱ្យ​នគរបាល​មូលដ្ឋាន​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន និង​ជា​សសរស្ដម្ភ​សម្រាប់​គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព។

លោក​ថ្លែង​ថា៖ «តាម​ការ​ធ្វើ​ប្រជាមតិ​កន្លង​មក អត្រា​នៃ​ការ​ជឿ​ទុក​ចិត្ត​របស់​ប្រជាពលរដ្ឋ​មាន​ក្នុង​កិច្ច​សហការ​ជាមួយ​នគរបាល​បាន​កើន​ឡើង ហើយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​បង្ហាញ​មតិ​ថា មាន​ភាព​កក់ក្ដៅ​ក្នុង​អារម្មណ៍​អំពី​សុវត្ថិភាព​ក្នុង​ភូមិ​ឃុំ​ដែល​គាត់​រស់នៅ»។ លោក​បន្ត​ថា៖ «រហូត​មក​ដល់​បច្ចុប្បន្ន​នេះ របត់​ការងារ​នគរបាល ​និង​សហគមន៍​ គឺ​ជា​ចំណុច​សំខាន់​មួយ​របស់​នគរបាលជាតិ ដែល​នគរបាល​ជាតិ​បាន​និង​កំពុង​ខិតខំ​ពង្រឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​របស់​យើង​ឱ្យ​កាន់​តែមាន​សមត្ថភាព និង​គុណភាព​រឹងមាំ​បន្ថែម​ទៀត។ ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ភាគី​អាល្លឺម៉ង់​លើ​ការងារ​នេះ ខ្ញុំ​យល់​ថា​ វា​ល្អ​ប្រសើរ​ណាស់»។

ទោះយ៉ាងណា​លោក​បញ្ជាក់​ថា បើ​សិន​ជា​គ្មាន​គម្រោង​នេះ​ក៏​ដោយ ក៏​នគរបាល​កម្ពុជា​បន្ត​ពង្រឹង​ទំនាក់ទំនង​នគរបាល ​និង​សហគមន៍​ដដែល​បន្ទាប់​ពី​បាន​រៀនសូត្រ​ក្នុង​គម្រោង​ដែល​អូស្ត្រាលី​ធ្លាប់​គាំទ្រ។

ភ្នំពេញ ​ប៉ុស្តិ៍​ មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ភាគី​ស្ថានទូត​អាល្លឺម៉ង់​បាន​ទេ​កាល​ពី​ថ្ងៃទី ៤ កុម្ភៈ អំពី​គម្រោង​នេះ។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ក៏​យល់​ឃើញ​ថា គម្រោង​នេះ​ជា​គម្រោង​ល្អ​ដែរ ដោយ​លោក​យល់​ថា​បច្ចុប្បន្ន​នេះ ទំនាក់ទំនង​រវាង​នគរបាល ​និង​ពលរដ្ឋ​ក្នុង​សហគមន៍​នៅ​មាន​គម្លាត​ធំ​នៅ​ឡើយ ហើយ​ក្នុង​ការ​រស់នៅ​មាន​វប្បធម៌​មួយ​គឺថា អាជ្ញាធរ​ហាក់​ដូចជា​ម៉ែឪ មិនមែន​ជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ​ដោយ​វ័យ​ឆ្លាត។

លោក​ថ្លែង​ថា៖ «ទាក់ទង​នឹង​វប្បធម៌​ដែរ ប្រជាពលរដ្ឋ​យើង​ច្រើន​តែ​គោរព​កោតខ្លាច​មន្ត្រីន​គរបាល​ជា​បុគ្គល​ដែល​ពាក់​ឯក​សណ្ឋាន​មាន​អាវុធ និង​មាន​អំណាច​ជាជាង​គោរព​ច្បាប់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពេល​ខ្លះ​យើង​ឃើញ​ប្រជាពលរដ្ឋ​យើង​គោរព​ច្បាប់​តែ​នៅ​ពេល​មាន​អាជ្ញាធរ​នៅ​ក្បែរ ពេល​នគរបាល​ទៅ​បាត់ គាត់​លែង​គោរព​ច្បាប់»។

លោក​ថា មន្ត្រី​នគរបាល​នៅ​មាន​ភាព​ខ្វះខាត​ជាច្រើន​ដូចជា​ការ​គោរព​ច្បាប់​ដោយ​ខ្លួន​ឯង​ឱ្យ​បាន​ត្រឹមត្រូវ​សមត្ថភាព​ចរិត​លក្ខណៈ និង​ក្រម​សីលធម៌​ជា​នគរបាល​នៅ​មាន​កម្រិត។ ការ​អនុវត្ត​ការងារ​ក៏​នៅ​មាន​កម្រិត​នៅ​ឡើយ ជាពិសេស​ការ​ផ្ដល់​សេវា​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន។ «ខ្ញុំ​ជឿថា គម្រោង​ដែល​ផ្ដួចផ្ដើម​ដោយ​ស្ថានទូត​អាល្លឺម៉ង់​នឹង​ជួយ​ធ្វើ​ឱ្យ​ប្រសិទ្ធភាព គុណភាព និង​របៀប​ដែល​នគរបាល​យើង​បំពេញ​ការងារ ទំនាក់​ទំនង​ជាមួយ​ប្រជាពលរដ្ឋ​នឹង​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត»៕