ភ្នំពេញ: លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានលើកឡើង​ពី​ការចង់​កំណត់​ឲ្យ​មាន​វិធាន​ការហាម​បើកបរ​រថយន្ត​ពេញ​ ១ ​ជីវិត​ ចំពោះ​អ្នកបើកបរ​ទាំងឡាយណា ដែល​រកឃើញ​មាន​ប្រើប្រាស់​គ្រឿងញៀន និង​ត្រូវ​ដកហូត​បណ្ណ​បើកបរ (​ពាក់មី​) ​យានយន្ត​ចំពោះ​អ្នកបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ខណៈ​ដែល​លោក​ចង់​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ជាថ្មីទៀត ដោយ​បង្កើន​កម្រិត​នៃ​ការផាកពិន័យ​ឲ្យ​បាន​ធ្ងន់ធ្ងរ​។

លោក ស ខេង ដែល​ក៏​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ផងដែរ​នោះបាន​លើកឡើង​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ឆ្នាំ​ ២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០២០ ដែល​ធ្វើឡើង​កាលពី​ម្សិលមិញ​ថា ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជា​វិធានការ​ដ៏ចាំបាច់​មួយ​ដែល​មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវ​បង្កើន​ការយកចិត្ត​ទុកដាក់​។

លោក​កត់សម្គាល់​ថា កម្រិត​ផាកពិន័យ​នាពេល​បច្ចុប្បន្ន​ហាក់​នៅ​ធូររលុង និង​ស្រាលៗ​នៅឡើយ ដែល​លោក​ថា​ជាហេតុ​នាំឲ្យ​អ្នកប្រព្រឹត្ត​លើ្មស​ច្បាប់​ចរាចរណ៍​មិនសូវ​ខ្លាច​។

លោក​បន្តថា លោក​ចង់​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ឬ​កែប្រែ​លើ​អនុក្រឹត្យ ដើម្បី​បង្កើន​កម្រិត​ផាកពិន័យ​អ្នកប្រព្រឹត្ត​ល្មើសច្បាប់​បើកបរ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ជាង​ពេលនេះ​រហូត​ឈានដល់​ការដក​បណ្ណ​បើកបរ​របស់​អ្នកបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ និង​អ្នកបើកបរ​ញៀន​គ្រឿងញៀន​ត្រូវ​ពិន័យ​លែង​ឲ្យ​បើកបរ​ ១ ​ជីវិត​។

លោក ស ខេង បញ្ជាក់​ថា​៖ «​ខ្ញុំ​កត់សម្គាល់​ឃើញ​ថា ការផាកពិន័យ​ក្នុងករណី​ចរាចរណ៍​របស់​យើង គឺ​ពិត​ជា​ស្រាលៗ​មែន​។ ខ្ញុំ​ចង់​ឲ្យ​ឃាត់​យក​បណ្ណ​បើកបរ​គាត់ (​អ្នក​ល្មើសច្បាប់​) គឺ​លើក​ទី ១ យក​ប្រដាប់​ចោះ​មក​ចោះ​បណ្ណ​បើកបរ​គាត់ លើក​ទី​ ២ ​ចោះ​មួយទៀត ហើយ​លើក​ទី​ ៣ ​មិន​បាច់​ចោះ​ទៀត​ទេ រឹបអូស​យក​តែ​ម្ដង​បាន​ន័យ​ថា អ្នក​ដែល​ត្រូវ​ពិន័យ​នេះ​នឹង​ត្រូវ​បញ្ឈប់​ការបើកបរ​រយៈពេល​​កំណត់​ ១ ​ឆ្នាំ ឬ​ច្រើន​ឆ្នាំ គឺ​យើង​ចុះ​ក្នុង​បញ្ជីខ្មៅ​តែម្ដង​»​។

លោក​បន្ថែមថា​៖ «​ទាំង​អ្នក​បើកបរ​ស្រវឹង​ក៏ដោយ រីឯ​អ្នក​ប្រើ​គ្រឿងញៀន គឺ​ឈប់​ឲ្យ​បើកបរ​ ១ ​ជីវិត​តែម្ដង ព្រោះ​គ្រឿងញៀន​វា​មិនអាច​ព្យាបាល​ជា​សះស្បើយ​បានទេ​អ៊ីចឹង​បើ​រកឃើញ​នៅក្នុង​ក្រុមហ៊ុន​ណា ប្រើប្រាស់​អ្នកបើកបរ​មាន​គ្រឿងញៀន គឺ​ក្រុមហ៊ុន​ហ្នឹង​ត្រូវ​តែ​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។ គឺ​យើង​ត្រូវតែ​ដកសិទ្ធិ​ហ្នឹង ចំពោះ​អ្នកញៀន​គ្រឿងញៀន គឺ​លែង​ឲ្យ​បើកបរ​ ១ ​ជីវិត​តែម្ដង​»​។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជាបានថ្លែងថា ចំពោះចំណាត់ការដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងនេះ ជាអ្វីដែលអង្គការសង្គមស៊ីវិលធ្លាប់ប្រជុំ និងដាក់របាយការណ៍ទៅអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពាំនាំអនុសាសន៍មួយចំនួនទៅក្រសួងមហាផ្ទៃពិនិត្យ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ធ្វើវិសោធនកម្មច្បាប់ចរាចរណ៍។

លោក​ថ្លែងថា លោក​គាំទ្រ​ចំពោះ​វិធានការ​ដកហូត​បណ្ណ​បើកបរ​ (​ពាក់មី​) ​យានយន្ត​ក្នុងស្ថានភាព​ដែល​អ្នកបើកបរ​ស្រវឹង​ ប៉ុន្ដែ​អ្នកបើកបរ​ដែលមាន​ប្រើ​ប្រាស់​គ្រឿងញៀន មិន​គួរ​ហាម​ពួកគាត់​មិន​ឲ្យ​បើកបរ​រហូត​ពេញ​ ១ ​ជីវិត​នោះទេ​ពោល​គឺ គួរ​សិក្សា​រក​វិធី​ណា​ល្អ​ជាង​នេះ ដោយ​គួរតែ​ហាម​នៅក្នុង​រយៈពេល​ណា​មួយ​ដូចជា ៥ ​ឆ្នាំ​ ឬ​ ១០ ​ឆ្នាំ ហើយ​ត្រូវ​ប្រឡង​យក​បណ្ណ​បើកបរ​ជាថ្មី​ថែម​ទាំង​ត្រូវ​ត្រួតពិនិត្យ​រកសារធាតុ​ញៀន​សាជាថ្មី​ទៀត​។

លោក​បញ្ជាក់ថា​៖ «​យើង​ផ្ដល់ឱកាស​ឲ្យ​គាត់​កែខ្លួន​បើ​គាត់​ចង់​បើកបរ​យានយន្ត​វិញ គឺ​យើង​តម្រូវ​ឲ្យ​គាត់​ចូល​ប្រឡង​យក​បណ្ណ​បើកបរ​ថ្មី ហើយ​ធ្វើតេស្ត​សុខភាព​រក​គ្រឿងញៀន​ក្នុង​ខ្លួន​គាត់ បើ​រក​មិនឃើញ​សារធាតុ​គ្រឿងញៀន​ទេ​អនុញ្ញាត​ឲ្យ​គាត់​បើកបរ តែ​បើ​នៅតែ​មាន​គ្រឿងញៀន គឺ​នៅ​តែ​ហាម​បន្តទៀត​»​។

តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ឲ្យ​ដឹងថា ពេញ​ ១ ​ឆ្នាំ​ ២០១៩ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បាន​កើត​ចំនួន​ ៤ ១២១ ​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១ ៩៨១ ​នាក់ និង​រងរបួស ៦ ១៤១ ​នាក់ ខណៈ​គិត​ជា​មធ្យមភាគ​ក្នុង​ ១ ​ថ្ងៃ​ មាន​មនុស្ស​ស្លាប់ ៥,៤ ​នាក់​។ គ្រោះថ្នាក់​ចរារណ៍​កើតឡើង​ភាគច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣៤៨ ​នាក់ ​ខណៈ​ខេត្ត​ព្រះសីហនុ​ស្លាប់ ១៤៩ នាក់ និង​ខេត្តកណ្តាល​ស្លាប់ ១៤៣ នាក់​។

របាយការណ៍​បន្តថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ការបើកបរ​លើស​ល្បឿន​កំណត់ ៣៨ ​ភាគរយ​, មិន​គោរព​សិទ្ធិ ២៣ ភាគរយ​, មិន​ប្រកាន់​ស្តាំ ១៣ ភាគរយ​, វ៉ា​ជែង ៩ ភាគរយ​, ស្រវឹង​ ៥ ​ភាគរយ​, កត្តា​យានយន្ត ២ ​ភាគរយ និង​ងងុយដេក ១ ​ភាគរយ​។

របាយការណ៍​គូសបញ្ជាក់ថា នៅក្នុង​ឆ្នាំ​ ២០១៩ ​កន្លងទៅនេះ រថយន្ត​ដឹក​កម្មករ និយោជិត​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន ១៤ ​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៥ នាក់ និង​រងរបួស​ចំនួន ៣៣៤ ​នាក់​។ ក្នុងចំណោម​អ្នកបើកបរ​ និង​ព្រូ​រថយន្ត​ដែល​ត្រួតពិនិត្យ​ប្រមាណ ៩៧ នាក់ មាន ៣៤ នាក់​ផ្ទុក​សារជាតិ​ញៀន​។

របាយការណ៍​ក៏បាន​បញ្ជាក់​ដែរថា​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ ២០១៩ កើនឡើង ៨៤៥ លើក​ស្មើនឹង ២៦ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ ក្នុងនោះ​អ្នកស្លាប់​កើន ២២០ ​នាក់​ស្មើនឹង ១២ ​ភាគរយ ខណៈ​អ្នករងរបួស​កើន ១ ៣៧១ ​នាក់​ស្មើនឹង​ប្រមាណ​ ២៩ ​ភាគរយ​។

ក្នុងចំណោម​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ភាគច្រើន​ជា​អ្នកជិះ​ម៉ូតូ​ដែល​មាន​ចំនួន​ ១ ៥៤២ ​នាក់ ​នៃ​ចំនួន​អ្នកស្លាប់​សរុប​ ១៩៨១ ​នាក់​ ស្មើនឹង​ ៧៨ ​ភាគរយ​។ ក្នុងនោះ​មិន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន​ ១ ១៨៦ ​នាក់​ស្មើនឹង​ ៧៧ ​ភាគរយ​៕

វីដេអូ៖