ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​ច្រានចោល​ការចោទប្រកាន់​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចោទ​មក​លើ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​ថា បាន​រឹតត្បិត​យ៉ាង​តឹងរ៉ឹង​ទៅ​លើ​សេរីភាព​របស់​ពួកគេ​ក្នុង​ការប្រមូល​ផ្ដុំ​គ្នា​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​កាលពី​ថ្ងៃទី​ ១០ ​ធ្នូ​នៅ​ទីលាន​ប្រជាធិបតេយ្យ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ​៥ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។

ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​លោក ទៀ សីហា ជា​អភិបាល​ខេត្ត​សៀមរាប កាលពី​ម្សិលមិញ​លោក ស ខេង បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​ឮថា សាលារាជធានី​ភ្នំពេញ​សំណូមពរ​គាត់​ទៅ​ធ្វើ​នៅ​មុខ​ទីលាន​ប្រជាធិបតេយ្យ ហើយ​ទាក់ទង​រឿង​ហែ​ដែរ ខាង​នោះ​គេ​សុំ​ហែ តែ​ខាង​នេះ (​សាលា​រាជធានី​ភ្នំពេញ​) ​ថា មិន​គួរ​ហែ​ទេ ហើយ​ធ្វើការ​ជួបជុំ​គ្នា​នៅ​ទីនោះ​ហើយ​ធ្វើ​ទៅ​ហើយ រំសាយ គ្រាន់​តែ​មាន​កម្លាំង​សមត្ថកិច្ច​ឈរ​នៅ​ទី​នោះ ហើយ​គេ​អត់​បាន​ធ្វើអ្វី​សោះ ហើយ​យើង​ចោទ​គេ​ថា គំរាម​កំហែង​ក៏​ដូចជា​មិន​ត្រូវ​។ សូម​ឲ្យ​អស់​លោក​នៅ​ក្នុង​អង្គការ​សង្គម​ស៊ីវិល​ជួយ​គិត​គ្នា​មើល យើង​រស់នៅ​ក្នុង​សង្គម​ដូច​គ្នា ថា​ធ្វើ​ដូច្នេះ​ក៏​ខុស​ហើយ​ធ្វើ​ដូច្នោះ​ក៏​ខុស​»​។

លោក​ចោទ​សួរ​ថា​៖ «​តើ​នរណា​ទទួល​ខុសត្រូវ​នៅ​ពេល​មាន​រឿង​កើតឡើង​ហើយ​លើកឡើង​ថា​សង្គម​ស៊ីវិល​អាច​នឹង​ធ្វើការ​ចោទប្រកាន់​ទៅ​លើ​មន្ត្រី​រាជរដ្ឋាភិបាល​ថា មិន​បាន​ទទួល​ខុសត្រូវ និង​បណ្តាល​ឲ្យ​មាន​បញ្ហា​កើតឡើង ឬ​ភាពច្របូក​ច្របល់​។ សមត្ថកិច្ច​មិន​បាន​ធ្វើការ​គំរាមកំហែង​ដល់​អង្គការ​សង្គម​ស៊ីវិល​ដូច​ការចោទប្រកាន់​របស់​ពួកគេ​នោះ​ទេ ដោយសារ​តែ​សមត្ថកិច្ច​កម្ពុជា​ស្លូតបូត​ជាង​សមត្ថកិច្ច​ប្រទេស​ដទៃ​ផ្សេង​ទៀត​...​សមត្ថកិច្ច​គ្រាន់​តែ​ព្យាយាម​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​បញ្ហា​កើតឡើង​»​។

លោក ស ខេង បាន​ថ្លែង​ថា​មន្ត្រី​ក្រសួង​មហាផ្ទៃ​នឹង​ធ្វើការ​ជួបជុំ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​នៅ​ខែ​មករា​ឆ្នាំ​ ២០១៩ ដើ​ម្បើ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អង្គការ​សង្គម​ស៊ីវិល ហើយ​ក្រសួង​មហាផ្ទៃ​បាន​យក​ចិត្ត​ទុកដាក់​ធ្វើ​ការងារ​ជាច្រើន​ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​សង្គម​ស៊ីវិល ហើយ​ក្រសួង​មហាផ្ទៃ​ទទួល​យក​យោបល់ និង​អនុសាសន៍ និង​ការរិះគន់​នានា​របស់​ពួកគេ​មក​សិក្សា​ផង​ដែរ​។

កន្លង​ទៅ​កាលពី​ថ្ងៃទី​ ៣ ខែ​ធ្នូ រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា កម្ពុជា​បន្ត​ពង្រឹង​ពង្រីក​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​កាន់តែ​ល្អ​ថែម​ទៀត ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​អភិវឌ្ឍ សេដ្ឋកិច្ច និង​សង្គម​។

លោក ស ម៉ូរី អនុប្រធាន​បណ្ដាញ​យុវជន​កម្ពុជា​បាន​អះអាង​ថា​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ពិត​ជា​បាន​ដាក់​កម្លាំង​គំរាមកំហែង​ដល់​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​រៀបចំ​ទិវា​សិទ្ធិមនុស្ស ១០ ​ធ្នូ ឆ្នាំ​ ២០១៨ នៅ​ទីលាន​ប្រជាធិបតេយ្យ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។

លោក​បាន​បញ្ជាក់​៖ «​ការមិន​ឲ្យ​មាន​ការហែក្បួន​ការដាក់​កម្លាំង​ដ៏ច្រើន​ទាំង​នគរបាល កម្លាំង សន្តិសុខ​ខណ្ឌ និង​កម្លាំង​បង្ក្រាប​ជា​ការ​គំរាម​កំហែង និង​រឹត​ត្បឹត​សិទ្ធិ​សេរីភាព​ដោយសារ​ការធ្វើ​ទិវា​សិទ្ធិមនុស្ស​​អន្តរជាតិ ១០ ធ្នូ​របស់​យើង គឺ​បាន​ធ្វើ​ឡើង​ដោយ​សន្តិវិធី​»៕