ស្វាយរៀងៈ លោក ​ស ​ខេង ​ឧប​នាយក​រដ្ឋ​មន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​បាន​ជំរុញ​ប្រធាន​ក្រុម​ប្រឹក្សា​សមា​ជិក​ ខេត្ដ​ស្វាយ​រៀង ​ទាំង​អស់​ត្រូវ​តែ​ខិតខំ​បម្រើ​ផល​ប្រយោជន៍​ ប្រជា​ពល​រដ្ឋ​ដោយ​ ស្មើ​ភាព​ យុត្តិ​ធម៌ ​មិន​ត្រូវ​ប្រកាន់​និន្នាការ​នយោ​បាយ​បក្ស​ណាមួយ​ឡើយ។​

​លោក​ ស ខេង​ បាន​ថ្លែង​បែប​នេះ ​នៅ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុម​ប្រឹក្សា​ខេត្ត​ស្វាយ​រៀង​ អា​ណត្តិ​ទី៣ ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​ ១៦​ ខែ​ មិថុនា​ ហើយលោក​បាន​កោត​សរ​សើរ ​និង​វាយ​តម្លៃ​ខ្ពស់ ​ចំពោះ​សមា​ជិក ​សមា​ជិកា ​ក្រុម​ប្រឹក្សា​ខេត្ត​ស្វាយ​រៀង​ ដែល​ត្រូវ​បាន​តំណាង​ប្រជាពល​រដ្ឋ​ គឺ​សមា​ជិក​ក្រុម​ប្រឹក្សា​ ឃុំ​-​សង្កាត់​ ដែល​ជា​អង្គ​បោះ​ឆ្នោត ​បាន​បោះ​ឆ្នោត​ផ្តល់សេច​​ក្តី​ទុក​ចិត្ត​ ដើម្បី​បន្ត​ដឹក​នាំ​ខេត្ត​ឲ្យ​កាន់​តែ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​បន្ដ​ទៀត។​

​លោក​បាន​ថ្លែង​ថា​ ក្រុមប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ ​ត្រូវ​បាន​ជ្រើ​សរើស តាម​រយៈ​ការ​បោះឆ្នោត​ ដោយ​ផ្ទាល់​ក្ដី ​ឬ​មិន​ផ្ទាល់​ក្ដី ​ក្រុម​ប្រឹក្សា​នេះ ​​គឺ​ជា​ផ្នែក​មួយ​ នៃ​អំណាច​នីតិ​ប្រតិ​ប​ត្ដិ ​និង​មាន​ស្វ័យ​ភាព​ក្នុង​ដែន​កំណ​ត់នៃ​ច្បាប់ ​និង​លិ​ខិ​តបទ​ដ្ឋាន​ជា​ធរ​មាន​ ក្នុង​ការ​គ្រប់​គ្រង​ចាត់​ចែង​កិច្ច​ការ​មូល​ដ្ឋាន​របស់​ខ្លួន ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ​ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។​

​លោក ​ស ​ខេង ​បាន​បញ្ជាក់​ថា​៖ ​«​ហេតុ​នេះ​ ក្នុង​ការ​អនុវត្ដ​ ការ​ងារ​ ឯក​ឧត្ដម​ លោក​ជំទាវ ជា​សមា​ជិក​ សមាជិកា ​ក្រុមប្រឹក្សា​ខេត្ដ ​ត្រូវ​ខិត​ខំ​បម្រើ​ផល​ប្រយោ​ជន៍​ និង​សេច​ក្ដី​ត្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ ដោយ​ស្មើភាព ​ដោយ​យុត្ដិ​ធម៌​ ដោយ​មិន​ត្រូវ​ប្រ​កាន់​និន្នា​ការ​នយោ​បាយ​នោះ​ឡើយ»។​

​លោក​បន្ថែម​ថា៖​ «​តាម​ខ្ញុំ​ដឹង​ គឺ​សមាស​ភាព​ ក្រុម​ប្រឹក្សា​នៅ​ថ្នាក់​ខេត្ដនេះ គឺ​មក​ពី​គណបក្ស​ប្រ​ជា​ជន​ទាំង​អស់ ​មិន​មាន​គណ​បក្ស​ដទៃ​លាយឡំ​ទេ​។ ​ដូច្នេះ​នេះ​ជា​បញ្ហាៗ​ត្រង់​ថា​ នៅ​ពេល​បំពេញ​បេស​ក​កម្ម​ការងារ ​គឺ​យើង​មិន​ត្រូវ​បែង​ចែក​ បម្រើ​អ្នក​ណា​ដែល​ជា​សមា​ជិក​គណបក្ស​ប្រ​ជា​ជន​នោះ​ទេ​ គឺ​ត្រូវ​បម្រើ​ដល់​គ្រប់​សមាជិក​នៃ​គណបក្ស​ដទៃ​ផង​ដែរ​ ដែល​ជា​ប្រជា​ពល​រដ្ឋ​។ ​ការធ្វើ​សេចក្ដី​សម្រេច​ទាំង​ឡាយ​មិន​ត្រូវ​លម្អៀង​ទៅ​រក​ក្រុម​នយោបាយ ឬ​​និន្នា​ការ​នយោបាយ​ណា​មួយ​ទេ នេះ​ជា​បញ្ហា​ដែល​ខ្ញុំ​ចង់​កត់​សម្គាល់»។

លោក​ ស ​ខេង​ ជំរុញ​ឲ្យ​គណៈ​បញ្ជាការ​ឯក​ភាព​ខេត្ត ត្រូវ​ដឹក​នាំ​អាជ្ញា​ធរ កង​កម្លាំង​មាន​សមត្ថ​កិច្ច​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បង្កើន​ការ​ថែ​រក្សា ​ការពារ​សន្តិ​សុខ និង​សណ្តាប់ធ្នាប់​សាធា​រណៈ ​ក្នុង​ក្រប​ខ័ណ្ឌ​ខេត្ត​ទាំង​មូល ដោ​យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​វិធាន​ការ​សំខាន់ៗ​ ក្នុង​នោះ​ត្រូវ​ជំរុញ​លើក​ទឹក​ចិត្ត​ប្រជា​ពល​រដ្ឋ​គ្រប់​មជ្ឈដ្ឋាន ​ឲ្យ​ចូល​រួម​អនុវត្ត​គោល​នយោ​បាយ​ភូមិ ឃុំ មាន​សុវត្ថិ​ភាព​ដើម្បី​រួម​គ្នា​បង្ការ ទប់​ស្កាត់ នៅ​តាម​មូល​ដ្ឋាន​រៀងៗ​ខ្លួន​ ជា​ពិសេស​បទ​ល្មើស​គ្រឿង​ញៀន​ខុស​ច្បាប់ ការ​ជួញ​ដូរ​មនុស្ស​ សកម្ម​ភាព​លួច​ ឆក់​ប្លន់ និង​ល្បែង​ស៊ីសង​ខុស​ច្បាប់​ នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ខេត្ត។

លោក​ មាស ​នី​ អ្នក​វិភាគ​នយោ​បាយថា ​សារ​​លោក ស ខេង គឺ​ត្រូវ​ទៅ​នឹង​អ្វីដែល​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា។

​​លោក ​មាស​ នី​ បាន​ថ្លែង​ថា​ លោក​ ស​ ខេង​ បាន​បង្ហាញ​ជំហរ​ពី​ការ​បំពេញ​តួនា​ទី​ប្រកប​ដោ​យសីល​ធម៌​ ក្នុង​នាម​ជា​រាជ​រដ្ឋា​ភិ​បាល​ មិន​មែន​ក្នុង​នាម​បក្ស​ ហើយ​សកម្ម​ភាព​នេះ​ក៏​បាន​ផ្ដល់​ផល​ចំណេញ​ត្រឡប់​មក​គណបក្ស​វិញ​ផងដែរ។ ​

​លោក​ នី​ ថ្លែង​​ថា​៖​ «​ពី​មុន​មក​ខាង​គណ​បក្ស​កាន់​អំណាច​ អត់​បាន​គិត​រឿង​នេះ​ទេ​ គិត​រឿង​បក្ស​ខ្លាំង​ពេក​ អ៊ីចឹង​ពេល​កាន់​កាប់​អំណាច​បាន​បង្ហាញ​នូវ​ភាព​រើស​អើង​ចំពោះ​គណបក្ស​ដទៃ​ ដែល​ចំណុច​នេះ​មិន​បា​ន​ផ្ដល់​ផល​ចំណេញ​ បែរ​ជា​ផ្ដល់​កំហឹង​រ​បស់​ពលរដ្ឋ​​ត្រឡប់​វិញ​។ ​សារ​នេះ​មិន​ត្រឹម​តែ​ផ្ញើ​ទៅ​ឲ្យ​មន្រ្ដី​ថ្នាក់​ក្រោម​ទេ​ ប៉ុន្ដែ​ក៏ត្រូវ​ទៅ​​នឹង​មន្រ្ដី​ជាន់​ខ្ពស់​នៅ​ក្នុង​ជួរ​រដ្ឋាភិ​បាល​ផង​ដែរ​ ដើម្បី​យក​ទៅ​គិត​ពិចារ​ណា ​ដោយ​មិន​ត្រូវ​រើស​អើង​ប្រ​ជា​ពល​រដ្ឋ​​ ឬ​ប្រកាន់​​និន្នាការ​បក្ស​ផ្សេងៗ»៕​​