ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបំពេញទស្សនកិច្ចការងាររយៈពេល ៣ ថ្ងៃ (ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២០) នៅរដ្ឋធានីវៀងចន្ទន៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ នេះបើយោងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញ។
ក្នុងដំណើរបំពេញទស្សនកិច្ចការងារនេះលោក ស ខេង នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ ពិនិត្យវាយតម្លៃលទ្ធផលនៃការអនុវត្តកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ ២០១៩ និងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការឆ្នាំ ២០២០ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
កិច្ចប្រជុំនេះផ្ដោតសំខាន់ទៅលើការអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំក្នុងគោលដៅបន្តលើកកម្ពស់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងបណ្តាខេត្តជាប់ព្រំដែនព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៃប្រទេសទាំង ២។
លោក ស ខេង ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថងលុន ស៊ីសូលីត ផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាពេលកន្លងមកនេះបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាច្រើនសម្រាប់លើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៃប្រទេសទាំង ២ ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការសន្តិសុខសង្គមរវាងប្រទេសជិតខាងជាមិត្តបានល្អគឺពិតជានាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រជាជន និងប្រទេសជាតិ។
លោកបានថ្លែងថា៖ «យើងមានសុទិដ្ឋិនិយម និងជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំ និងជំនួបពិភាក្សាការងារសំខាន់ៗក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចការងារនេះនឹងនាំមកនូវការរឹតចំណងសាមគ្គីភាពដ៏រឹងមាំ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខសង្គមនៃប្រទេសទាំង ២ ឲ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត»។ លោក ភា ថ្លែងថាកន្លងមកបទល្មើស និងឧក្រិដ្ឋកម្មឆ្លងដែនដូចជាគ្រឿងញៀនឆ្លងដែនត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនៃប្រទេសទាំង ២ រួមសហការគ្នាបង្ក្រាបបានច្រើនករណី៕