ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ណែនាំ​ដល់​គណៈកម្មការ​កំណែទម្រង់​នគរបាលជាតិ ដែល​ទើប​បង្កើត​ថ្មីៗ​នេះ​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់ អនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​តម្រង់​ទិស​នគរបាល​ឱ្យមាន​វិជ្ជាជីវៈ និង​ជំនាញ ខណៈ​លោក​ជំរុញ​ឱ្យមាន​ការកសាង​ប៉ុស្តិ៍នគរបាល​ឱ្យបាន​ច្រើន ដើម្បី​បង្ក្រាប​បទល្មើស​នានា​។

ក្នុង​ពិធី​ប្រគល់​រថយន្ត​ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត កាលពី​ថ្ងៃទី​ ១៦ ខែកុម្ភៈ លោក ស ខេង បាន​ថ្លែងថា កំណែទម្រង់​នាពេលនេះ ដើម្បី​តម្រង់ទិស​នគរបាល​របស់​យើង​ឱ្យមាន​វិជ្ជាជីវៈ​ល្អ មាន​ជំនាញ ស្មោះត្រង់​នឹង​ការងារ​ដើម្បី​កសាង​យុត្តិធម៌​ក្នុងសង្គម​។

លោក​ថា​៖ «​យើង​បាន​ធ្វើការ​កំណែទម្រង់​ជា​បន្តបន្ទាប់​រួចហើយ ការកែទម្រង់​វា​អត់​មាន​ទីបញ្ចប់ ទាំង​រឿង​ឋានន្តរស័ក្ដិ កំណែទម្រង់​ក្របខ័ណ្ឌ រឿង​បណ្តុះបណ្តាល​រឿង​ក្រមសីលធម៌​វិជ្ជាជីវៈ​នគរបាល​»​។

លោក​ក៏បាន​ណែនាំ​ដល់​មន្ត្រី​នគរបាល​ឱ្យ​ចៀសវាង​ការប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​ដូច​ទៅនឹង​ករណី លោក គឹម ពន្លក អធិការនគរបាល​ស្រុក​កំរៀង ដែល​ត្រូវបាន​ដកហូត​ឋានន្តរស័ក្ដិ ​និង​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ពាក់ព័ន្ធ​នឹង​ករណី​សង្ស័យ​ដោះលែង​មេខ្យល់ ដែល​នាំ​ពលករ​ទៅ​ប្រទេស​ថៃ​ខុសច្បាប់​។ នេះ​ជា​ករណី​មួយ​នៃ​កំណែទម្រង់​នគរបាលជាតិ​កម្ពុជា​។

លោក​បាន​បញ្ជាក់ថា​៖ «​បទពិសោធ​​អធិការនគរបាល​ស្រុក​កំរៀង ជា​បទពិសោធ​មួយ គាត់​ធ្វើការ​រំលោភ​លើ​វិជ្ជាជីវៈ​របស់គាត់ រំលោភ​លើ​ឋានានុក្រម​ដែល​គាត់​មិន​ខ្ចី​រាយការណ៍​ឱ្យ​អ្នកណា គាត់​សម្រេច​ខ្លួន​គាត់​គឺ​ខុស​»​។ នេះ​ជា​បទពិសោធ​មួយ​ដែល​នគរបាល​ទាំងអស់​គ្នា​ត្រូវការ​សិក្សា​រៀនសូត្រ ហើយ​ក៏​ដូចជា​កញ្ចក់​សម្រាប់​ទាំងអស់​គ្នា​ឆ្លុះបញ្ចាំង​ផងដែរ​។

លោក​គូសបញ្ជាក់​ថា​ការចូល​បម្រើការ​ជា​ប៉ូលិស ត្រូវ​មាន​លក្ខណសម្បត្តិ និង​គោរព​វិន័យ​ឱ្យបាន​ខ្ជាប់ខ្ជួន​ស្របតាម​កំណែទម្រង់​នគរបាលជាតិ​កម្ពុជា​។ ឧទាហរណ៍ ប៉ូលិស​ត្រូវ​កាត់សក់​ខ្លី ហើយ​កុំឱ្យ​ដុះ​ក្បាលពោះ​។ ឧទាហរណ៍​គាត់ ១, ៦៥ ម៉ែត្រ ទម្ងន់​យ៉ាងច្រើន​បំផុត​ ៧០ ​គីឡូក្រាម លើស​ពី​នេះ​ហៅថា ធាត់ ខុសច្បាប់​ត្រូវ​ទទួលពិន័យ ដកពិន្ទុ ដកស័ក្ដិ ជាដើម​។

លោក​បន្ថែមថា​៖ «​ចូលធ្វើ​ប៉ូលិស​ត្រូវតែ​មាន​វិន័យ​ និង​ខុសពី​ប្រជាជន​បើ​យើង​ជា​ប្រជាជន​រឿង​ផ្សេង​មួយទៀត តែបើ​យើង​ជា​ប៉ូលិស​ខុសគ្នា​ត្រង់ណា​ខ្លះ​?​ ប្រជាជន​អត់​មាន​សិទ្ធិ​កាន់​កាំភ្លើង​ទេ​សម្រាប់​ច្បាប់​ស្រុក​យើង តែ​ប៉ូលិស​មាន​សិទ្ធិ​កាន់ ឬ​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​»​។

រថយន្ត​ដែល​ត្រូវប្រគល់​ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​ពី​ម្សិលមិញ​។ហុង មិនា

នៅក្នុង​ឱកាស​នោះដែរ​លោក ស ខេង ក៏បាន​ធ្វើការ​ណែនាំ​ដល់​ស្នងការ​នគរបាល​ខេត្ត​ត្រូវមាន​វិធានការ​យកចិត្ត​ទុកដាក់​កសាង​ប៉ុស្តិ៍នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​ឃុំ-សង្កាត់ និង​កសាង​អធិការដ្ឋាន​នគរបាល​ឱ្យ​ទៅ​ជា​កម្លាំង​មូលដ្ឋាន ដើម្បី​បង្ក្រាប​បទល្មើស​ក៏ដូចជា​គ្រប់គ្រង​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុងស្រុក ភូមិ​។

លោក​ថា​៖ «​បើ​កម្លាំង​នេះ វា​រឹងមាំ គឺ​សន្តិសុខសម្រាប់​ទូទាំងប្រទេស​គឺមាន​ហើយ តែបើ​មិន​រឹងមាំ​មាន​ការប៉ះពាល់​ដល់​សន្តិសុខ​ទូទាំង​ប្រទេស​។ ដូច្នេះហើយ​យើង​ត្រូវ​គិតថា ការបំពាក់​សម្ភារ ការបណ្តុះបណ្តាល មធ្យោបាយ​ធ្វើការ​ការលើកទឹកចិត្ត ការដាក់ពិន័យ ធ្វើ​ម៉េច​ក្នុង​គោលដៅ​ឱ្យ​អធិការនគរបាល ហើយ​និង​ប៉ុស្តិ៍​នគរបាល​ខ្លាំង​»​។

ជាមួយ​គ្នា​នេះ​លោក ស ខេង ក៏បាន​ក្រើនរំឭក​ដល់​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត ដែល​ទទួល​រថយន្ត​ត្រូវ​យក​ទៅប្រើប្រាស់​ឱ្យ​ចំ​គោលដៅ និង​បំពេញ​តួនាទី​ភារកិច្ច ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណៈ មិនមែន​សម្រាប់​បម្រើ​បុគ្គល​ណាមួយ ឬ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ដឹកទំនិញ​រត់ពន្ធ​ឡើយ​។

លោក ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល​ដែល​ឡើង​ទទួល​សោរ​ថយន្ត​ក្នុង​ពិធី​នោះ​បាន​ថ្លែងថា លោក​នឹង​យក​រថយន្ត​នោះ​ទៅប្រើប្រាស់​ឱ្យ​ចំ​គោលដៅ​ និង​មាន​ប្រសិទ្ធភាព សម្រាប់​ផលប្រយោជន៍​សាធារណៈ​។ លោក​ថា លោក ស ខេង បានប្រគល់​រថយន្ត​ដល់​អធិការដ្ឋាន​នគរបាល​ខេត្តកណ្តាល​មាន​ ៤ ​ស្រុក (​រថយន្ត​ ៤ ​គ្រឿង​) គឺ​ស្រុក​អង្គស្នួល ស្រុក​មុខកំពូល ស្រុក​ស្អាង និង​ស្រុក​ល្វាឯម​។

លោក​បញ្ជាក់ថា​៖ «​យើង​នឹង​យក​ឡាន​នេះ ដើម្បី​ទៅ​បម្រើ​ដល់​ការងារ​ការពារ​សន្តិសុខ​សាធារណៈ​របស់​ប្រជាពលរដ្ឋ​តាម​តម្រូវការ​ជាក់ស្តែង គ្រប់​រូបភាព​ធ្វើ​យ៉ាងម៉េច ដើម្បី​បម្រើ​ដល់​ការងារ​សន្តិសុខ​សាធារណៈ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​នីមួយៗ​នៃ​ស្រុក​ទាំង​ ៤ ​នេះ​»​។

លើសពីនេះ​លោក​នឹង​ខិតខំ​អនុវត្ត​កិច្ចការ​មន្ត្រី​ប៉ុស្តិ៍នគរបាល​ឡើងវិញ​បន្ថែមទៀត​ដើម្បី​ឈានដល់​ការបម្រើ​សេវា​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព ស្របតាម​គោលនយោបាយ ភូមិ ឃុំ-សង្កាត់ មាន​សុវត្ថិភាព​ទាំង​ ៧ ​ចំណុច ដែល​រដ្ឋាភិបាល​បានធ្វើការ​សម្រួល​នាពេល​ថ្មីៗ​នេះ​។

លោក ស ខេង ក៏បាន​ណែនាំ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​យក​ចិត្ត​ទុកដាក់ ធ្វើ​ដោយផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ និង​ផ្តល់​សេវាសាធារណៈ​ឱ្យបាន​ល្អ​ប្រសើរ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

លោក​បាន​បន្ថែមថា​៖ «​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ត្រូវ​ផ្តល់​សេវាសាធារណៈ​ឱ្យបាន​ល្អ ដែល​ជា​សេវា​តម្រូវ​ការចាំបាច់​ដូចជា​អត្តសញ្ញាណប័ណ្ណ ប្រជាជន​គ្រប់រូប​ត្រូវមាន​តែ​អត់មាន​ចុះឈ្មោះ​បោះឆ្នោត​មិនកើត ចុះឈ្មោះ​ចូលរៀន​ក៏​មិនកើត ធ្វើលិខិត​​ឆ្លងដែន​ក៏​មិនកើត​។ បង្កើត​សមាគម អង្គការ​ក្រៅ​រដ្ឋាភិបាល ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​៕

វីដេអូ៖