ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី-ខេត្ត​បន្ត​រៀបចំ​វេទិកា​សាធារណៈ​ជាធម្មតា តែ​ត្រូវ​កម្រិត​ចំនួន​តំណាង​អ្នក​ចូលរួម​ក្នុង​ ១ ​លើកៗ​មិន​ឲ្យ​លើស​ពី​ ៥០ ​នាក់ ដើម្បី​លើកកម្ពស់​ការឆ្លើយតប​ដល់​តម្រូវការ​អាទិភាព​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ ខណៈ​ជំងឺ​កូវីដ​ ១៩​ នៅ​បន្ត​រាតត្បាត​នៅឡើយ​។

ក្នុង​លិខិត​ទៅកាន់​អភិបាល​រាជធានី-ខេត្ត​ចុះ​ថ្ងៃទី​ ១៥ ​មិថុនា​​ លោក ស ខេង ថ្លែងថា​៖ «​ក្រុមប្រឹក្សា​រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​បន្ត​រៀបចំ​វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​នៅ​តាម​មូលដ្ឋាន​នីមួយៗ​ជាធម្មតា ស្រប​តាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី -​ខេត្ត​ក្រុង ស្រុក ខណ្ឌ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​»​។

លោក​ថា​៖ «​ចំពោះ​សមាសភាព​ចូលរួម​វេទិកា​នេះ​ត្រូវ​រៀបចំ​តាម​រូបភាព​តូចៗ ដោយ​កំណត់​តំណាង​អ្នក​ចូលរួម​មួយ​លើកៗ​មិន​លើល​ពី​ ៥០ ​នាក់ និង​ត្រូវអនុវត្ត​វិធានការ​បង្ការ ទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ស្របតាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ឱ្យបាន​ហ្មត់ចត់​»​។

លោក ស ខេង ក៏​ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត​ ត្រូវ​មាន​ការពិនិត្យ​កម្តៅ មាន​ទឹក​អាល់កុល ឬ​ជែល​សម្រាប់​លាងដៃ រៀបចំ​ឱ្យ​មាន​ការពាក់​ម៉ាស់ ឬ​ប្រើ​ក្រមា កន្សែង រក្សា​គម្លាត​សុវត្ថិភាព​សង្គម​ និង​គម្លាត​សុវត្ថិភាព​បុគ្គល​។ លោក​ក៏​បាន​ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី-ខេត្ត ត្រូវ​អញ្ជើញ​តំណាង​ពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន និង​តំណាង​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់ ឱ្យ​ចូលរួម​ក្នុង​វេទិកា​នេះ​ផង​ដែរ​។

លោក​ថ្លែង​ថា ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​កិច្ចដំណើរការ​គ្រប់គ្រង និង​ចាត់ចែង​កិច្ចការ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ជំងឺ​នេះ​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​រៀបចំ​កិច្ចប្រជុំ និង​វេទិកាសាធារណៈ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ការចូលរួម​របស់​អ្នកពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដើម្បី​ដោះស្រាយ​បញ្ហា​ និង​ឆ្លើយតប​តម្រូវការ​អាទិភាព​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា តាមរយៈ​វេទិកា​នេះ ក្រុមប្រឹក្សា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អាច​ប្រមូល​បញ្ហា​ប្រឈម​ធំៗ​នៅ​មូលដ្ឋាន​ជាពិសេស​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​បញ្ហា​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​អំឡុង​ជំងឺ​កូវីដ​ ១៩ ដើម្បី​ធ្វើការ​ឆ្លើយតប ថ្វីដ្បិត​រដ្ឋាភិបាល​បាន​ធ្វើ​អន្តរាគមន៍​ហើយ​ក៏ដោយ​។ «​ទាំង​រដ្ឋាភិបាល​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ យើង​ប្រឹងប្រែង​យ៉ាងម៉េច​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​នានា​ពី​ជំងឺ​កូវីដ​-១៩»​។ លោក​បន្ថែម​ថា​៖ «​យើង​រាយការណ៍​ឱ្យ​ប្រជាជន​អ៊ីចឹង​ហើយ យើង​ប្រមូលធាតុ​ចូល​ពី​ប្រជាជន​ត្រឡប់​មកវិញ ហើយ​និង​សំណើ​សំណូមពរ​ផ្សេងៗ​»​។

លោក ឡាំ សុជាតិ នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ​ថ្លែង​ពី​ថ្ងៃ​ចន្ទ​ថា​វា​គឺជា​ការល្អ​ប្រសិន​បើ​វេទិកាសាធារណៈ ធ្វើ​ឡើង​ដោយ​គិតពី​គុណភាព​ និង​មាន​ការជ្រើសរើស​អ្នកចូលរួម​ដែលមាន​បញ្ហា​ពិតប្រាកដ​។ វា​ក៏​ជា​ការល្អ​ដែរ​ប្រសិនបើ​អ្នកចូលរួម​ដែល​កំណត់​ចំនួន​មិនឱ្យ​លើស​ ៥០ ​នាក់​នេះ មាន​ឱកាស​បាន​ជជែក​គ្នា​អំពី​បញ្ហា​របស់​ពួកគេ​។ លោក​ថា បញ្ហា​ខ្លះ​អាច​ត្រូវ​ឆ្លើយតប​ភ្លាមៗ​នៅ​នឹង​វេទិកា​បាន រីឯ​បញ្ហា​ខ្លះ​ទៀត​ត្រូវការ​ឆ្លើយតប​បែប​ជា​ប្រព័ន្ធ ដែល​អាចដាក់​បញ្ចូល​ទៅក្នុង​ផែនការ​វិនិយោគ​៕