ភ្នំពេញៈ សហគមន៍​អន្តរជាតិ​ និង​សហគមន៍​ជាតិ​បាន​បង្ហាញ​ទស្សនៈ​គាំទ្រ​ទៅ​លើ​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ.វ.ត.ក​) ដែល​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ​បាន​សម្រេច​ផ្ដន្ទាទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម នួន ជា និង ខៀវ សំផន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​ការបំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ​ ១៩៤៩​។ ឧក្រិដ្ឋកម្ម​ទាំង​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​នៅ​តាម​ទីកន្លែង​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ថ្ងៃ​ទី​ ១៧ ខែ​មេសា ឆ្នាំ​ ១៩៧៥ ដល់​ថ្ងៃទី​ ៦ ខែ​មករា ឆ្នាំ​ ១៩៧៩​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​ដោយ អវតក បាន​ឲ្យ​ដឹង​ថា​៖ «​នៅ​ក្នុង​សំណុំ​រឿង ០០២/០២ នៅ​ក្នុង​សវនាការ​ជា​សាធារណៈ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ទី​ ១៦ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨ ដោយ​សម្រេច​ផ្ដន្ទាទោស​ជនជាប់ចោទ នួន ជា ​និង ​ខៀវ សំផន ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​»​។

តំណាង​អង្គការ​សហប្រជាជាតិ​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​តំណាង​ស្ថានទូត​នានា និង​ប្រជាពលរដ្ឋ ព្រះសង្ឃ​ និង​សិស្ស​ប្រមាណ ៥០០ នាក់​បាន​ចូលរួម​ស្ដាប់​សវនាការ​ពី​ថ្ងៃ​សុក្រ​។

លោក​ ប៊ិន ឈិន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​សម្រាប់​ទ្រទ្រង់​ដំណើរការ អវតក បាន​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ភ្លាម​ក្រោយ​ពី​បញ្ចប់​សវនាការ​ថា​៖ «​ថ្ងៃ​នេះ​ដែល​ជា​ថ្ងៃ​ប្រកាស​សាលក្រម​នៃ​សំណុំ​រឿង ​០០២ ដំណាក់កាល​ទី​ ២ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​ទៀត​សម្រាប់​ប្រជាជន​កម្ពុជា​យើង និង​សម្រាប់​មនុស្ស​ជាតិ​ទាំង​មូល​ពាក់ព័ន្ធ​នឹង​ដំណើរការ​ស្វែងរក​យុត្តិធម៌​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ឧក្រិដ្ឋកម្ម​ព្រហ្មទណ្ឌ​​ជាតិ​ និង​អន្តរជាតិ​។ យើង​សង្ឃឹម​ថា​ការជំនុំជម្រះ​ក្តី និង​ការចេញ​សាលក្រម​នៃ​សំណុំ​រឿង​ ០០២ ​ដំណាក់កាល​ទី​ ២ ​នេះ​ពិតជា​អាច​រួម​រំលែក​ការឈឺចាប់ និង​ទុក្ខ​»​។

លោក William Heidt អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ជិត​ផុត​អាណត្តិ​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖ «​សហរដ្ឋអាមេរិក​សូម​ស្វាគមន៍​សាលក្រម​នៅ​ថ្ងៃ​ (​សុក្រ​) ដែល​កំណត់​ឱ្យ​អតីត​មេដឹកនាំ​ខ្មែរក្រហម ខៀវ សំផន និង នួន ជា មានទោស​ក្នុង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ និង​បទ​ប្រល័យពូជសាសន៍​។ ថ្វីដ្បិត​តែ​ត្រូវ​បាន​ចេញ​យឺត​ក្តី តែ​វា​ជា​ជំហាន​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​កម្ពុជា​»​។

លោក​បាន​បន្ត​ថា​៖ «​សហរដ្ឋអាមេរិក​សូម​សាទរ​ចំពោះ​ជនរងគ្រោះ និង​អ្នកគាំទ្រ​របស់​គេ​ដែល​បាន​ខិតខំ​ដោយ​គ្មាន​ស្រាកស្រាន្ត ដើម្បី​ឱ្យ​មាន​ការទទួល​ខុសត្រូវ និង​សូម​សាទរ​ចំពោះ​សាក្សី​ដែល​មាន​សេចក្តី​ក្លាហាន​ក្នុង​ការ​ប្រាប់​ពី​ការពិត​ប្រកប​ដោយ​ការឈឺចាប់​ស្តី​ពី​បទ​រំលោភ​ដ៏គួរ​ឲ្យ​ខ្លាច​ដែល​គេ​បាន​ទទួលរង​។ យើង​សូម​សាទរ​ផង​ដែរ​ចំពោះ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​បាន​ផ្តល់​ជា​កន្លែង​ផ្តល់​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​​ដោយសារ​បទឧក្រិដ្ឋ​ដ៏សែន​យង់ឃ្នង​របស់​របប​ខ្មែរក្រហម​»​។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​នៅក្នុង​ពិធី​ប្រកាស​តែងតាំង​លោក ប៉ែន កោសល្យ ជា​អភិបាលខេត្ត ឧត្តរមានជ័យ ជំនួស លោក ស ថាវី កាលពី​ថ្ងៃទី​ ១៧ ខែ​វិច្ឆិកា ថា​៖ «​ការពិត​ដំណើរការ​នេះ​មិន​ទាន់ ចប់​ទេ​ដោយសារ​ថា​អ្នក​ដែល​ត្រូវ​ផ្តន្ទាទោស​គឺ​ជន​ជប់​ចោទ​​គឺ​មាន​សិទ្ធិ​ប្តឹង​ទៅ​តុលាការ​កំពូល ពីព្រោះ​ម្សិលមិញ​នៅ​តុលាការ​ដំបូង​។ ​ដូច្នេះ​ប្តឹង​មិន​ប្តឹង​វា​ជា​រឿង​មួយ​ទៀត ប៉ុន្តែ​គឺ​​សិទិ្ធ​នៅ​មាន​មាន​ន័យ​ថា បើ​គេ​ (​ខៀវ សំផន និង​ នួន ជា​) ​រឿង​ហ្នឹង តទៅ​ដល់​តុលាការ​កំពូល​។ ​ប៉ុន្តែ​សម្រាប់​មុខសញ្ញា​ដែល​នាំ​មក​កាត់ទោស​អត់​មាន​ទៀត​ទេ ពីព្រោះ​ថា​ការ​កំណត់​ជា​គោលនយោបាយ និង​គោល​ការ​របស់​យើង​គឺ​ថា​អ្នក​ដឹកនាំ​ជាន់ខ្ពស់​​ និង​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​មុខ​សញ្ញា​ពី​ហ្នឹង​ឥឡូវ​នេះ​យើង​បាន​ដំណើរការ​សព្វគ្រប់ ហើយ​មិន​មាន​អី​ទៀត​ទេ​»​។

លោក សុន អារុណ មេធាវី នួន ជា និង​លោក គង់ សំអុន មេធាវី ខៀវ សំផន បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​ដោយ​មិន​អស់​ចិត្ត​ចំពោះ​ការសម្រេច​ផ្ដន្ទាទោស​កូនក្ដី​របស់​ពួកលោក​ដាក់​ពន្ធនាគារ​អស់​មួយជីវិត ហើយ​នឹង​បន្ត​ប្ដឹង​ទៅ​តុលាការ​កំពូល តែ​មិន​ទាន់​បាន​កំណត់​ពេលវេលា​ជាក់លាក់​នោះ​ទេ​។

លោក អារុណ ថ្លែង​ថា​៖ «​ខ្ញុំ​មិន​អស់​ចិត្ត​ចំពោះ​ភាគី​កូនក្ដី​មិន​ទាន់​ពេញចិត្ត​ប្រហែល​នឹង​ប្ដឹង​ទៅ​កំពូល​ក្នុង​ពេល​ឆាប់​»​។

ខណៈ​លោក សំអុន ថ្លែង​ថា​៖ «​យើង​មិន​ពេញចិត្ត​សេចក្ដី​សម្រេច​របស់​តុលាការ​ដំបូង ខ្ញុំ​ជឿ​ថា​លោក ខៀវ សំផន នឹង​ឲ្យ​យើង​ប្ដឹង​សារទុក្ខ​»​។

លោកស្រី​ ជា លាង សហព្រះរាជអាជ្ញា​នៃ អវតក បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ផង​ដែរ​ថា បើ​សិន​ជា​មានការ​ប្ដឹង​ទៅ​កំពូល​នឹង​ធ្វើ​ឡើង​ក្នុង​រយៈពេល​ ៣០ ​ថ្ងៃ​ក្រោយ​សវនាការ​សម្រេច ហើយ​តុលាការ​នឹង​ដំណើរការ​ទៅ​មុខ​ទៀត តែ​មិន​អាច​កំណត់​ពេលវេលា​ថា​យូរ​ ឬ​ឆាប់​ទេ​។

លោកស្រី​ថ្លែង​ថា​៖ «​បើ​ភាគី​មេធាវី​ប្ដឹង​ទៅ​កំពូល​បាន​ន័យ​ថា​ដំណើរការ​ទៅ​មុខ​ទៀត ការ​កំណត់​ពេលវេលា​ពិបាក​និយាយ​»​។

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​ទីប្រឹក្សា​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​លោក Adama Dieng បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​សេចក្តី​សម្រេច​ចិត្ត​នេះ​ថា​សម្រាប់​ការការពារ​។

លោក​ថ្លែង​ថា​៖ «​ខណៈ​ដែល​ការទទួល​ខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​គឺ​មាន​សារៈសំខាន់​បំផុត​ដែល​វា​ជា​ឧបករណ៍​មួយ​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​នោះ វា​ក៏​មាន​មុខងារ​បង្ការ​ដ៏សំខាន់​ផង​ដែរ​ដើម្បី​ជា​ការ​រារាំង និង​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ការផ្សះផ្សា​ និង​ដោះស្រាយ​បញ្ហា​កាលពី​អតីតកាល​។ នៅពេល​ដែល​យើង​កំពុង​សម្លឹង​មើល​ឃើញ​ការប្រព្រឹត្ត​ដោយ​គ្រោះថា្នក់​ចំពោះ​សិទ្ធិ​ជា​មូលដ្ឋាន​ និង​ស្តង់ដារ​ច្បាប់​ជា​អន្តរជាតិ​តាម​ទីកន្លែង​ជាច្រើន​នៅក្នុង​ពិភពលោក​នោះ​ការសម្រេច​នេះ​គឺជា​ការផ្ញើសារ​ដ៏ខ្លាំងក្លា​មួយ​ទាំង​នៅក្នុង​តំបន់​ និង​នៅ​ទូទាំង​ពិភពលោក​ដល់​អ្នក​ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ដ៏ឃោរឃៅ ដើម្បី​ឲ្យ​ពួកគេ​ដឹង​ថា​មិន​យូរ​មិន​ឆាប់​​ពួកគេ​នឹង​ត្រូវ​ទទួល​ខុសត្រូវ​»​។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​អ្នកនាំពាក្យ​សហភាព​អឺរ៉ុប​បាន​ថ្លែង​ស្វាគមន៍​ចំពោះ​សាលក្រម​ដែល​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​សម្រេច​កាលពី​ថ្ងៃ​សុក្រ​ថា​ជា​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ហើយ​បាន​បន្ថែម​ថា​ខ្លួន​បាន​ត្រៀមខ្លួន​រួច​ជាស្រេច​ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា​។ សហភាព​អឺរ៉ុប​នៅ​តែ​ត្រៀម​ខ្លួន​ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា ​ក្នុង​ការបំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ទាក់ទង​ទៅ​នឹង​លទ្ធិប្រជាធិបតេយ្យ​ការគោរព​សិទ្ធិមនុស្ស​ និង​នីតិរដ្ឋ​ហើយ​ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​៕ NS