ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងនៅក្នុងពិធីបិទសន្និបាតស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនកាលពីម្សិលមិញដោយបានបង្ហាញពីកង្វល់ពីការបង្ក្រាបគ្រឿងញៀនយ៉ាងគំហុកដែលនាំឲ្យមានការចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនយ៉ាងច្រើនជាមូលហេតុនាំឲ្យមានចំនួនជនដែលត្រូវឃុំខ្លួន និងអ្នកទោសកើនលើសចំនួនបន្ទប់ឃុំឃាំងនៃពន្ធនាគារ។
លោក ស ខេង ថ្លែងថា៖ «ឥឡូវហ្នឹង យើងវាចាប់ច្រើនពេក។ ដល់ពេលចាប់ច្រើនពេកវាទៅជាចង់យ៉ាប់វិញហើយ។ តែបើយើងមិនចាប់វាក៏ពិបាក។ តើរកវិធានការអីដើម្បីដោះស្រាយបញ្ហាហ្នឹង? ព្រោះឥឡូវពន្ធនាគារយើងវាណែន។ ដល់ណែនទៅ វាក៏ពិបាក មិនមែនស្រួលប៉ុន្មានទេ។ គ្រាន់តែកន្លែងទុកដាក់វាពិបាកទៅហើយ ហើយវានៅការផ្គត់ផ្គង់ ការហូបចុកទាំងអស់សព្វបែបយ៉ាងឥឡូវដល់ជាង ២៦ ០០០ នាក់»។
លោក ស ខេង ថ្លែងផងដែរថា៖ «អន្តរជាតិថាអ្នកឯងធ្វើម៉េចដើម្បីធ្វើឲ្យពន្ធនាគារវាធូរ? ដើម្បីឲ្យធូរ យើងលើកលែងទោស បន្ធូរបន្ថយទោស អាហ្នឹងមួយផ្នែកហើយ តែកុំចាប់ច្រើនពេក។ តែបើមិនចាប់ច្រើនពេកអសន្តិសុខ ក៏យើងទទួលខុសត្រូវដែរ។ អ៊ីចឹងយើងត្រូវរកវិធីអីដើម្បីដោះស្រាយ មិនមែនគិតតែរឿងចាប់ចង ងាកចាប់ៗ មិនដឹងមានកន្លែងណាដាក់»។
លោករដ្ឋមន្ត្រីក៏បានបង្ហាញពីកង្វល់ផងដែរសម្រាប់សម្ភារដែលរឹបអូសបាននៅក្នុងការបង្ក្រាបដូចជាម៉ូតូ ឡានដែលងាយនឹងខូច។
លោកថ្លែងថា៖ «សម្ភារខ្លះដែលងាយខូច មិនមែនដីទេ ដូចជាម៉ូតូ និងឡាន បើយកមកដាក់កន្លែងនេះរកឃ្លាំងដាក់មិនបានទេ ហើយបើបាត់បង់របស់គេ មិនដឹងថាសងយ៉ាងម៉េចទេ។ អ៊ីចឹងទេសុខចិត្តថាឥឡូវលក់ឡាយឡុងទៅហើយយកលុយទៅដាក់ធនាគារហើយយកការប្រាក់ពីធនាគារ។ នៅពេលកាត់ក្តីឃើញថារឿងហ្នឹងមិនត្រូវទេសងលុយគេវិញទៅហើយបើសិនត្រឹមត្រូវហើយ រឹបអូសលុយហ្នឹងដើម្បីកសាងស្អីទៅសម្រាប់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន»។
មន្ត្រីជាន់ខ្ពស់ខាងបង្ក្រាបគ្រឿងញៀនរួមទាំងតំណាងស្ថានទូត និងអង្គការអន្តរជាតិប្រមាណជា ៥០០ នាក់បានចូលរួមសន្និបាតការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងក្រសួងមហាផ្ទៃកាលពីម្សិលមិញបានឲ្យដឹងថាកម្ពុជានៅតែបន្តទទួលរងផលប៉ះពាល់ខ្លាំងពីការចរាចរគ្រឿងញៀនពីបណ្ដាប្រទេសនានាទាំងនៅក្នុងអនុតំបន់ តំបន់ និងអន្តរជាតិបើទោះបីជាមានយុទ្ធនាការអប់រំ និងបង្ក្រាបជាច្រើននៅក្នុងឆ្នាំ ២០១៧ កន្លងមកនេះ។
របាយការណ៍ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ ២០១៧ និងទិសដៅការងារ ២០១៨ ដែលបានថ្លែងទៅកាន់សន្និបាតបានឲ្យដឹងថា៖ «ទោះបីជាយើងបានសហការជាមួយប្រទេសជិតខាងទទួលបានលទ្ធផលជាច្រើនក៏ពិតមែន តែក្រុមឧក្រិដ្ឋជនគ្រឿងញៀននៅតែបន្តជួញដូរគ្រឿងញៀនឆ្លងកាត់កម្ពុជាទៅកាន់ប្រទេសទី ៣ កម្ពុជាបានពង្រឹង និងពង្រីកសមត្ថភាពត្រួតពិនិត្យគ្រឿងញៀនរបស់ខ្លួនជាប្រចាំដោយបានចូលរួមយ៉ាងសកម្មជាមួយយន្តការត្រួតពិនិត្យគ្រឿងញៀនទាំងក្នុងកម្រិតអនុតំបន់ តំបន់ និងអន្តរជាតិ»។
របាយការណ៍ដដែលនេះបានឲ្យដឹងថាទោះជាយ៉ាងណាក៏ដោយ ការជួយគាំទ្រថវិកា មធ្យោបាយ និងសម្ភារពីបណ្ដាប្រទេសផ្ដល់ជំនួយក៏ដូចជាដៃគូអភិវឌ្ឍន៍នានាលើសកម្មភាពត្រួតពិនិត្យគ្រឿងញៀនបានកាត់បន្ថយមកនៅក្នុងកម្រិតតូចបំផុតដែលទាំងអស់នេះបានជះឥទ្ធិពលមិនល្អដល់សកម្មភាពត្រួតពិនិត្យគ្រឿងញៀនទាំងនៅកម្ពុជា និងក្នុងតំបន់។
របាយការណ៍ក៏បានបង្ហាញពីយន្តការនៃការផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមកទាក់ទងទៅនឹងបទល្មើសគ្រឿងញៀនជាប់ព្រំដែន កម្ពុជា-ឡាវ កម្ពុជា-ថៃ និងកម្ពុជា-វៀតណាម ដើម្បីឈានទៅដល់ការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលានូវករណីជួញដូរគ្រឿងញៀនឆ្លងកាត់ព្រំដែនកាន់តែត្រូវបានលើកកម្ពស់ និងសកម្មជាងមុនដែលកម្ពុជា ឡាវ ថៃ បានឯកភាពគ្នារៀបចំកសាង ភូមិសគ្មានគ្រឿងញៀននៅតំបន់ព្រំដែន កម្ពុជា-ឡាវ ចំនួន ២ ភូមិ កម្ពុជា-ថៃ ចំនួនបីភូមិ និងការិយាល័យ BLO ចំនួន ៥ និងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ និងឡាវក្នុងការរៀបចំភូមិ ស គ្មានគ្រឿងញៀននៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ-ឡាវ ដោយរៀបចំប្រជុំដកពិសោធន៍ និងវាយតម្លៃការអនុវត្តយន្តការកសាងភូមិ ស នៅខេត្តព្រំដែនភាគឦសាន ដូចជា ខេត្ត មណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង។
លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានជួបជាមួយប្រតិភូចិនលើការពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន ក្នុងការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនដោយផ្ដោតសំខាន់លើការបន្តជួយគាំទ្រទាំងថវិកា សម្ភារបច្ចេកទេស និងការបណ្ដុះបណ្ដាលធនធានមនុស្សដល់កម្ពុជាសម្រាប់ឆ្នាំ ២០១៧-២០១៨។
ក្នុងឆ្នាំ ២០១៧ កន្លងមកនេះមន្ត្រីប្រឆាំងគ្រឿងញៀនបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៨១៧៣ ករណី កើនឡើង ៣៩២៧ ករណី ស្មើ ៩២ ភាគរយជាង បើប្រៀបធៀបទៅនឹងការបង្ក្រាបនៅក្នុងឆ្នាំ ២០១៦ មានតែ ៤២៤៦ ករណី។
ក្នុងករណីនេះឃាត់ខ្លួនជនសង្ស័យបានចំនួន ១៧ ៧៩៥ នាក់ក្នុងនោះមានស្ត្រី ១៥៨៤ នាក់កើនឡើង ៧៣៤៩ នាក់ស្មើនឹង ៨៤ ភាគរយជាង បើប្រៀបធៀបក្នុងឆ្នាំ ២០១៦ ឃាត់ខ្លួនបានតែ ៩៩៣៣ នាក់។
ករណីដដែលនេះដែរ គ្រឿងញៀនចាប់យកសរុបចំនួន ២៩៦ គ.ក្រ និង ៥២១ ក្រាមក្នុងនោះរួមមាន មេតំហ្វេតាមីនក្រាមម្សៅ (ICE) មេតំហ្វេតាមីនគ្រាប់ (WY) អ៊ិចស្តាស៊ី ហេរ៉ូអ៊ីន កូកាអ៊ីន និងកេតាមីនរួមទាំងរុក្ខជាតិញៀនដូចជាកញ្ឆាក្រៀម និងស្រស់។ ទ្រព្យសម្បត្តិដែលចាប់យកក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនដែលបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងខេត្តមានរថយន្ដ ៨៨ គ្រឿង ម៉ូតូ ២២៤៦ គ្រឿង និងអចលនទ្រព្យដែលបានបង្កករួមមានដី និងផ្ទះចំនួន ១៣ កន្លែង។
ពិន សុខហុង មកពីអង្គការមិត្តសំឡាញ់បានថ្លែងថាយើងបានឮជាយូរមកហើយអំពីចំនួនអ្នកទោសណែនចង្អៀតនៅក្នុងពន្ធនាគារដោយសារការចាប់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន ខ្ញុំស្វាគមន៍ដែលរដ្ឋាភិបាលកំពុងព្យាយាមដោះស្រាយបញ្ហានេះ។
អំពីករណីលក់ម៉ូតូ និងរថយន្តដែលបញ្ហានេះលោក Phil Robertson មកពីអង្គការឃ្លាំមើលសិទ្ធិមនុស្សបានថ្លែងថានេះជាការរំលោភបំពានជាក់ស្តែងទៅលើគោលការណ៍សន្មតជាមុនថាគ្មានទោសមុនការជំនុំជម្រះ។
លោកថា តាមរយៈទស្សនៈអនុវត្តជាក់ស្តែងអ្វីដែលត្រូវធ្វើគឺត្រូវរារាំងមន្ត្រីនគរបាល និងមន្ត្រីរដ្ឋាភិបាលមិនឲ្យធ្វើការចោទប្រកាន់ក្លែងក្លាយ ឬរឹបអូសរបស់ផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋដែលមន្ត្រីនោះចង់? មន្ត្រីនគរបាលស៊ាំនឹងការលួចពីប្រជាពលរដ្ឋរបស់ខ្លួនដោយមិនប្រគល់លុយដែលទទួលបានពីការលក់របស់ដែលត្រូវបានរឹបអូសទៅឲ្យប្រជាពលរដ្ឋវិញ៕