ស្ទឹងត្រែងៈ លោក ស ខេង បាន​បញ្ជា​ឲ្យមន្ត្រី​រដ្ឋបាលខេត្ត និង​កម្លាំង​ប្រដាប់អាវុធ​ត្រៀម​ បង្ការ​ ទប់ស្កាត់ និង​បង្ក្រាប ឲ្យ​ខាងតែ​បាននូវ​រាល់​​សកម្មភាព​ ដែល​ប៉ុនប៉ង​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុងស្ថានភាពសង្គ្រាម ភាព​ចលា​ចល វឹកវរ ដែល​លោក​ថា​ បង្ក​ឡើង​ដោយក្រុម​ក្រៅច្បាប់​មួយ​នៅ​បរទេស​ដែល​កំពុង​បំផុ​ស​​​បំផុល​ពី​ការ​ប៉ុនប៉ង​វិល​ត្រឡប់​ចូល​​មក​កម្ពុជា​ទាំង​ខុស​ច្បាប់។

ទោះ​បីយ៉ាង​ណា​ បទបញ្ជា​របស់លោក ស ខេង នេះ គឺ​​មិន​បាន​សំដៅ​​ចំ​ឈ្មោះ​ក្រុម​ណា​មួយ​ជាក់​លាក់​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​គេ​​យល់​ថា គឺ​សំដៅ​ទៅ​លើ​​ក្រុម​របស់លោក សម រង្ស៊ី​ ប្រធាន​ស្តី​ទី អតី​ត​គណ​បក្ស​សង្គ្រោះ​​ជាតិ ដែល​នៅ​បរទេស ដែលលោក ស ខេង​​ ថា ​តែងតែ​ញុះ​ញង់​ឲ្យប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ​ នៅក្នុង​ប្រទេស​ ងើប​បះ​បោរ​ប្រឆាំង​រាជ​រដ្ឋាភិបាល​​កម្ពុជា និងបាន​បំផុសប្រជាពលរដ្ឋ​នៅ​ខាង​ក្នុ​ង ​ដើម្បី​រង់​​ចាំ​ស្វាគមន៍​ ការវិល​ត្រឡប់​មកវិញ ក្រោយពី​ពួកគេ​ ត្រូវបាន​ហាម​ធ្វើ​នយោ​បាយ​ស្របពេល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយដោយ​តុលាការ កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៧។

លោក ស ខេង បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៨​ និងលើក ទិស​ដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ ​២០១៩ របស់​រដ្ឋបាល​ខេត្ត​ស្ទឹង​ត្រែង កាល​ពីថ្ងៃ​ម្សិល​មិញ​ ដែល​មាន​ការចូល​រួម​ពីមន្ត្រី​រដ្ឋ​​បាលខេត្ត មន្ត្រី​នគរបាល ​និង កងរាជ​អាវុធហត្ថរាប់​រយ​នាក់​។

លោក​ថា អាជ្ញាធរ​ និង​កម្លាំ​ង​​សមត្ថកិច្ច​គ្រប់លំដាប់​​ថ្នាក់​ ត្រូវ​បន្ត​រួមគ្នា​ពង្រឹង ​សន្តិ​ភា​​ព និងស្ថិរភាព ហើយ​ត្រូវ​ខិត​ខំរួមគ្នា​ថែរក្សា ការពារ​នូវ​សុខសន្តិភាព​ដោយ​ថ្នាក់​​បញ្ជា​ការ​ឯក​ភាព​គ្រប់​ថ្នាក់ត្រូវ​ពង្រឹ​ង អាជ្ញាធរ​និង​កម្លាំង​មាន​សមត្ថកិច្ច​នានា ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្ក្រាបឲ្យ​ខាង​​តែ​បាន​នូវ​រាល់​សកម្មភាព​ដែល​ប៉ុនប៉ង​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​​ទៅ​ក្នុង​ស្ថានភាព​សង្គ្រាម ភាព​ចលាចល វឹកវរ​នៅ​ក្នុង​សង្គម។

លោក​ក៏បាន​បញ្ជា​ឲ្យថ្នាក់ដឹកនាំនៅតាម​មន្ទី​រអង្គភាព​នានា ត្រូវ​​​ពង្រឹង មន្ត្រីរាជ​ការ កង​កម្លាំង​ប្រដាប់អាវុធ កម្លាំង​មានសមត្ថកិច្ច​នានា​ក្នុង​អង្គ​ភាព​របស់​ខ្លួន​ ឲ្យ​​លើក​កម្ពស់​ការ​គោរពវិន័យ​ បទបញ្ជា​ផ្ទៃក្នុង និ​ង​​ខិតខំ​បំពេញ​​​ភារកិច្ច​ប្រកប​ដោ​យការទទួល​ខុសត្រូវ ស្រប​តាម​តួ​នាទី​ភារកិច្ច​​រៀងៗ​ខ្លួន។

លោក​បញ្ជាក់​ថា៖ «​កម្លាំង​ប្រឆាំង​នឹង​សុខសន្តិភាព ​កំពុង​តែ​ខិតខំ​ ដើម្បី​រក​វិធី​បំផ្លាញ​សុខ​សន្តិភាព។ នេះ​គឺជា​បញ្ហា ​ដូច្នេះ​ គឺ​យើង​មិនត្រូវ​ភ្លេចខ្លួន យើ​​ង​មិនត្រូវ​បាត់​ការ​ប្រុង​ប្រយ័ត្ន ឬក៏​ស្ពឹក​ស្រ​ពន់ ឆ្អែត​ឆ្អន់​នឿយ​ណាយ​នោះទេ​ ចាំ​បាច់​ត្រូវ​​តែ​ម្ចាស់​ការ​បំផ្លាញចោល នូវ​រាល់​​សកម្មភាព​ទាំង​ឡាយ​ណា​ដែ​លមានបំណង ឬក៏​ដែល​ធ្វើ​សកម្មភាព​បំផ្លាញ​សុខ​សន្តិភាព»។

លោក​បន្ថែមថា មាន​ក្រុម​ ១ ​ដែល​នៅក្រៅ​ច្បាប់​ ប៉ុនប៉ង ចូលមក​កម្ពុជា​ ទាំង​ខុសច្បាប់ ​ហើយ​​​ថា ​នៅ​ឆ្នាំពី ២០១៣ ពួកគេ​ចូលមក​ដោយ​ស្រប​ច្បាប់​ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ ការ​បោះឆ្នោតឆ្នាំ ២០១៣ ប៉ុន្តែ ឥឡូវនេះ វា​ខុសពី​ឆ្នាំ ២០១៣ បំណង​របស់​ពួកគេ​ដែល​ចង់​ចូល​មក​​គឺ​ខុសច្បាប់ ដោយសារ​បាន​បំផុសពលរដ្ឋ​នៅ​ខាង​​​ក្នុង​ឲ្យ​រង់​ចាំ​ស្វាគមន៍​ការ​វិល​ត្រឡប់​មក​វិញ​​របស់​ពួកគេ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «​ការស្វា​គម​ន៍​របៀបនេះ វា​មិន​ដូចគ្នា នៃ​ការ​ស្វា​រគម​ន៍​នៅ​ឆ្នាំ ២០១៣ ទេ។​ នេះ​ហើយ​​ដែល​ខ្ញុំ​ចង់​និយាយ​ថា ​ការ​ប៉ុនប៉ង​ ដើម្បី​បំផ្លាញ​សុខសន្តិភាព​ និង​ស្ថិរភាព​នៅ​កម្ពុជានោះ​ ពីព្រោះ​ថា​ កាល​ណា​ចូលមក​ខុស​ច្បា​ប់ ​ប្រមូល​កម្លាំង​គាំទ្រ​ចូលរួម​ដើម្បី​​ទទួល​ឬ​ធ្វើ​សកម្មភាព​ណា​មួ​យ​ប្រែ​មក​ថា ​ប្រឆាំង​ជាមួយនឹង​ច្បាប់ ប្រឆាំងនឹង​សុខ​សន្តិភាព ស្ថិរភាព ដែល​យើង​កំពុង​តែ​មាន​សព្វថ្ងៃ​នេះ ប្រឆាំង​នឹង​ការ​អភិវឌ្ឍ»។

លោក​ ស ខេង ក៏បាន​ណែនាំ​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​យក​ចិត្តទុកដាក់​អប់រំ​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន​ ឲ្យ​ពង្រឹង​នូវ​កិច្ច​សហការ​ប្រកបដោយ​ការ​យោគយល់​ និង​អ​ធ្យា​​ស្រ័យ​គ្នា និង​លើក​កម្ពស់​ស្មារតី​ជួយ​ឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ព្រមទាំង​​ខិតខំ​រួមគ្នា ការពារ​ផល​ប្រយោជន៍​ជាតិ ផល​ប្រយោជន៍ សាធា​រណៈ​ និង​ត្រូវ​ចៀស​វាង​ការចូល​រួម​ក្នុង​សកម្មភាព​ទាំង​ឡាយ​ណា ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់និង​សកម្មភាព​ទាំង​ឡា​យ​​ណា​ដែល​នាំ​ឲ្យ​ប៉ះពាល់​សន្តិភាព ស្ថិរ​ភាព ​សណ្តាប់​ធ្នាប់ សាធា​រណៈក្នុងសង្គម​ជាតិ​ទាំង​មូល។

លោក​បញ្ជាក់​បន្ថែម​ថា៖ «​យើង​ដឹង​ទាំងអស់គ្នា​ហើយ​ បើ​គ្មាន​សុខសន្តិភាព​ទេ យើង​ធ្វើ​អី​មិន​បានទេ ហើយ​មិនមែន​នៅតែ​កម្ពុជា​ទេតែ​ប្រទេស​ទាំងអស់នៅលើ​សកល​លោក​ដូចគ្នា​ដែរ។ បន្ទាប់ពី​យើ​ង​បាន​សុខសន្តិភាព យើង​ខិតខំ​ធ្វើ​ម៉េ​ច ការពារ​សុខសន្តិភាព​ឲ្យបាននេះ​គឺជា​ការ​ចាំបាច់»។

ជា​មួយ​គ្នា​នេះ លោក​​ឧបនាយករដ្ឋមន្ត្រី​ ស ខេង ក៏​បាន​លើក​ឡើង​​ដែរ​ថា ប្រទេស ​កម្ពុជា ​មិនល្អ​ឥតខ្ចោះ​នោះ​ទេ​ ដូច្នេះហើយបានជា​រាជរដ្ឋា​ភិបា​ល​បន្ត​កែ​ទម្រង់ និង​ដោះស្រាយ​បញ្ហា​ប្រឈមទាំង​ឡា​យ ហើយ​ថា ក្រោយ​ការ​បោះ​​​ឆ្នោត​ជាតិលើក​ទី៦ រហូតដល់​ពេល​នេះ ​សភាព​ការណ៍​ជាទូទៅ នៃ​ប្រទេស​កម្ពុ​ជា មាន​លក្ខណៈ​អំណោយ​ផល​ជាង​ពេល​ណា​ទាំង​អស់។

លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ​បាន​​គាំទ្រ​ការដាក់​បញ្ជា​ និងការ​ណែនាំ​របស់លោក​ ស ខេង ដល់​អាជ្ញា​ធរ និង​កង​កម្លាំង​មាន​សមត្ថកិច្ច។

លោក​បញ្ជាក់​ថា​៖ «នេះ​គឺជា​ការ​ដាស់តឿន​មន្ត្រី​របស់​យើង​ឲ្យ​មានការ​ប្រុងប្រ​​យ័ត្ន ឬ​ធ្វើ​សកម្មភាព​ណា​មួយ​ដែល​គាំទ្រ លោក សម រង្ស៊ី​ ដោយសារ​មន្ត្រី​អាជ្ញាធរមាន​សមត្ថកិច្ច​គឺជា​​អ្នកអនុវត្ត​ច្បាប់​។ បើសិនប្រជាពលរដ្ឋ​ទៅ​ចូលរួ​ម និង​ស្វាគមន៍ ក្នុងន័យ​នយោ​​បាយ គាត់​បាន​រំលោភច្បាប់​ ដោ​យ​ការ​ទៅ​ទទួល​ស្វា​គម​ន៍​តាម​លក្ខ​ណៈន​យោ​បាយធ្វើ​ឲ្យ​ខូចនិង​បាត់​បង់​ស្ថិរភាព​សង្គ​ម និង​ផ្ទុយ​នឹង​សាលក្រម​តុលាការ​កំពូល​ដែល​​ហាម​ពួកគេ​ធ្វើ​សកម្ម​ភាព​នយោបាយ»។

ប៉ុន្តែ លោក មាស នី អ្នក​វិភា​គ​​នយោបាយ​ម្នាក់ទៀត ​បាន​ចាត់​​ទុក ការលើកឡើង​របស់​លោក ស ខេង ថា គ្រាន់​តែ​ជា សារ​នយោបាយ​ ដែល​មាន​បំណង​លាង​សម្អាត​នូវ​ការ​សង្ស័យ​រប​ស់​លោកនាយក​រដ្ឋមន្ត្រី នាពេ​ល កន្លង​មក ចំពោះ​ភក្តី​ភាព​របស់​លោក​ ស ខេង ចំពោះ​លោក​ ហ៊ុន សែន ហើយ​​ការដាក់​បញ្ជា​នេះ ​វា​ក៏​បង្ហាញ​ថា ​រាជ​រដ្ឋា​ភិបា​ល​ ក៏មាន​ការ​សង្ស័យ​ទៅ​លើ​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​ដែរ។

លោក​បញ្ជាក់​ថា​៖ «ធម្មតា​លោក ស ខេង ត្រូវ​ថ្លែង​សារ​បែបនេះដើម្បី​ការពារ​ខ្លួន​គាត់​ កុំ​ឲ្យ​មានការ​សង្ស័យ​តទៅ​ទៀ​ត​​​ចំពោះ​​ការ​មន្ទិល​ពីស​ម្តេច ហ៊ុន​ សែន និង​សមាជិក (CPP) ផ្សេង​ទៀត»។

ក្រៅ​ពី​នេះលោ​ក ​​មាស នី ក៏​បាន​គូស​បញ្ជាក់​ផងដែរថា​ បើ​ទោះ​បី​ជា​មាន​ប្រជាពល​រដ្ឋ​ចេញ​ទៅ​រង់​ចាំ​ទទួល​ស្វាគម​ន៍​លោក​ សម រង្ស៊ី ក៏​ដោយ ក៏​វា​មិនមែន​ជា​អំពើ​ខុស​ច្បាប់​អ្វី​ដែរ ដោយ​សារ​តែ​សំណុំ​រឿង​ដែល​ធ្វើការ​ចោទ​ប្រកាន់​ទៅ​លើ​លោក​ សម រង្ស៊ី គឺ​ជា​រឿង​នយោបាយ៕