ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យសមត្ថកិច្ច បន្តតាមចាប់ខ្លួនមន្ត្រីប៉ូលិស ដែលមានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុកឲ្យបាន ជាមួយនឹងការគូសបញ្ជាក់ថា ថ្នាក់ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ត្រូវតែស្អាតស្អំ ដោយមិនត្រូវជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនដែលជាបទឧក្រិដ្ឋនេះឡើយ។
លោក ស ខេង បានថ្លែងបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ ២០១៩ របស់រដ្ឋបាលរាជធានីភ្នពេញកាលពីថ្ងៃទី ១៩ មីនា។លោកលើកឡើងថា ក្រសួងមហាផ្ទៃនឹងមិនស្ទាក់ស្ទើរ ក្នុងការចាប់ខ្លួនមន្ត្រីប៉ូលិសរូបនោះឡើយ និងបានអំពាវនាវឱ្យសមត្ថកិច្ចត្រូវប្រឹងប្រែងឱ្យខ្លាំងឡើងថែមទៀតក្នុងការទប់ស្កាត់គ្រឿងញៀន ហើយមិនត្រូវពាក់ព័ន្ធនឹងបទ ល្មើសគ្រឿងញៀនដាច់ខាត។
លោកថ្លែងថា៖ «ព្រោះក្នុងចំណោមមុខសញ្ញានៃបទល្មើសគ្រឿងញៀនក្នុងរ៉ុកមានប៉ូលិសចូលពាក់ព័ន្ធនៅក្នុងនោះ ដែលជាមុខសញ្ញាកំពុងតាមរកចាប់ខ្លួន ដូច្នោះ យើងមិនត្រូវស្ទាក់ស្ទើរធ្វើបញ្ហានេះទេ និងត្រូវបន្តធ្វើទៀត»។
លោកបន្តថា៖ «(សមត្ថកិច្ច) ត្រូវដាក់ចេញវិធានការម៉ឺងម៉ាត់ ចំពោះម្ចាស់ទីតាំងសប្បាយ សណ្ឋាគារ ផ្ទះសំណាក់នានា ដើម្បីបង្ការនិងទប់ ស្កាត់ ការ ប្រើប្រាស់ ជួញដូរ និងចែកចាយសារធាតុញៀន។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធត្រូវតែស្អាតស្អំ និងមិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀន និងត្រូវអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យគ្រប់មជ្ឈដ្ឋានចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់»។
បើតាមលោក ស ខេង គ្រឿងញៀនគឺជាបញ្ហាដ៏ក្ដៅគគុកមួយ នៅពេលសព្វថ្ងៃនេះ ព្រោះចាប់ពីឆ្នាំ ២០១៨ មក មានគ្រឿងញៀនជាងកន្លះតោន ត្រូវបង្ក្រាប និងរឹបអូសបាន ស្របពេលបទល្មើសគ្រឿងញៀនកំពុងបន្តកើតឡើងនៅរាជធានីភ្នំពេញ និងរាលដាលដល់បណ្ដាខេត្តមួយចំនួន។
លោក ស ខេង បានជំរុញឱ្យសមត្ថកិច្ចត្រូវចាត់ទុកថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាភារកិច្ចយុទ្ធសាស្ដ្រសម្រាប់ឆ្នាំ ២០១៩-២០២០ និងឆ្នាំខាងមុខ ដើម្បីកាត់បន្ថយជាអតិបរមា និងឈានទៅលុបបំបាត់ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន នៅក្នុងប្រទេស។
លោកថា៖ «ពីព្រោះមកដល់ពេលនេះ មិនត្រឹមតែរាជធានីភ្នំពេញទេ ដែលបានចរាចរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅទីជនបទមួយចំនួនក៏បានជួបប្រទះហើយដែរ។ យើងឃើញស្រាប់ហើយ ទាំងនៅក្លិបកម្សាន្តរ៉ុក និងក្លិបកម្សាន្តមួយទៀត នៅខេត្តសៀមរាបដែលយើងបានធ្វើ ២-៣ ថ្ងៃមុននេះគឺសុទ្ធតែមនុស្សដែលមានវ័យក្មេង ជាយុវជនទាំងអស់ដែលទៅប្រើប្រាស់ជក់គ្រឿងញៀននៅទីនោះ ដូច្នោះ វាធ្វើឱ្យប៉ះពាល់ដល់ធនធានមនុស្ស ប៉ះពាល់ដល់សុខភាព និងប៉ះពាល់ដល់សុវត្ថិភាពសង្គមយ៉ាងធ្ងន់ធ្ងរ ពីព្រោះថា វាអាចក្លាយទៅជាចោរលួច ចោរប្លន់ ចោរឆក់ អីជាដើម ហើយក៏ប៉ះពាល់ដល់ធនធានថវិកាក្នុងការស្ដារនីតិសម្បទា និងវិធានការផ្សេងៗទៀត»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា លោកមិនទាន់អាចបញ្ជាក់បានថា មានមន្ត្រីប៉ូលិសប៉ុន្មាននាក់ ជាប់ពាក់ព័ន្ធក្នុងករណីគ្រឿងញៀន នៅក្នុងក្លិបកម្សាន្ត រ៉ុកឡើយ ព្រោះកំពុងស្ថិតក្នុងដំណាក់កាលតាមចាប់ខ្លួន។ លោកបន្តថា មានតែករណីគ្រឿងញៀនក្នុងក្លឹបកម្សាន្តរ៉ុកតែមួយប៉ុណ្ណោះ ដែលមានមន្ត្រីប៉ូលិសជាប់ពាក់ព័ន្ធ។
លោកបន្តថា៖ «ពាក្យថា ពាក់ព័ន្ធ ជួនកាលអាចជាការបង្កលក្ខណៈ ជួនកាលអាចរួមប្រព្រឹត្ត។ វិធានការ គឺមិនឱ្យវា (ប៉ូលិសកំពុងតាមចាប់ខ្លួន) រួចខ្លួនធ្វើអីពាក់ព័ន្ធនឹងគ្រឿងញៀនជាបទឧក្រិដ្ឋ បើគេអាចយកទៅបាញ់ចោលគេយកទៅបាញ់ចោល ហើយសមត្ថកិច្ចហ្នឹងហើយ ដែលមានទោសគុណជា ២»។
លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ឃើញថារឿងប៉ូលិសពាក់ព័ន្ធនឹងគ្រឿងញៀន គឺជារឿងដែលមិនអាចចៀសរួចឡើយ ព្រោះដោយសារការតាមដានអំពីការអនុវត្តច្បាប់នៅតែមានភាពធូររលុង ដែលនាំឱ្យមានការប្រព្រឹត្តអំពើពុករលួយ និងស្របពេលគេដឹងថា ការជួញដូរនិងចែកចាយគ្រឿងញៀនគឺជាអំពើខុសច្បាប់មួយ ដែលអាចធ្វើឱ្យមនុស្សឆាប់មានបាន។
លោកបញ្ជាក់ថា៖ «ការតាមរកឈ្មួញគ្រឿងញៀនឬអ្នកពាក់ព័ន្ធ ដូចជាប៉ូលិសជាដើម មិនពិបាករកទេដោយសារអីដោយសារការឆ្មក់ចូលទៅឃាត់មនុស្សជាង ៣០០ នាក់ កន្លងមកហ្នឹង ពួកគេនឹងអាចផ្ដល់ចម្លើយហើយថា តើអ្នកណាជាអ្នកចែកចាយគ្រឿងញៀន នៅក្នុងហ្នឹង (រ៉ុក) ខ្លះ ដូច្នេះ ខ្ញុំមានជំនឿថា នឹងអាចរកឃើញបើក្រសួងមហាផ្ទៃមានឆន្ទៈពិតប្រាកដពិសេសឆន្ទៈនយោបាយក្នុងការបំបែក សំណុំរឿងចែកចាយគ្រឿងញៀនដែលពាក់ព័ន្ធជាមួយប៉ូលិសហ្នឹង»។
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក គិត ធាង ម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ុក ពីបទ «ចាត់ចែងសម្រួល ឱ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទសមគំនិត» និងសម្រេចឃុំខ្លួននៅពន្ធនាគារ (PC) រួមទាំងអ្នកពាក់ព័ន្ធចំនួន ១៧ នាក់ផ្សេងទៀត។
កាលពីថ្ងៃម្សិលមិញ លោក កែ កឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើឱ្យពិនិត្យ និងវាយតម្លៃអំពីលទ្ធភាពដែលសម្រេចបានអំពីចំណុចខ្លាំងនិងខ្សោយ និងបញ្ហាប្រឈម ដើម្បីកំណត់ទិសដៅនិងសកម្មភាពការងារ ឱ្យបានសមស្រប ក្នុងការទប់ស្កាត់និងដោះស្រាយ រាល់បញ្ហាពាក់ព័ន្ធគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព៕