
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបថត ហ្វេសប៊ុក លោក ស ខេង
ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីម្សិលមិញបានបញ្ជាឲ្យធ្វើការស៊ើបអង្កេតទៅលើករណីទារិកាអាយុ ៥ ខែម្នាក់ រស់នៅជាមួយម្ដាយដែលកំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី ២ (ព្រៃស) បានស្លាប់កាលពីថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២០ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀតក្នុងរាជធានីភ្នំពេញ។
លោក ស ខេង បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ថា៖ «ករណីហ្នឹងយើងត្រូវតែធ្វើការស៊ើបអង្កេតហើយ មិនចាំបាច់គាត់ (អង្គការលីកាដូ) អំពាវនាវក៏យើងត្រូវតែស៊ើបអង្កេតដែរ»។
ជាមួយគ្នានេះដែរគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃ ១៩ ខែកុម្ភៈឆ្នាំ ២០២០ ថា គ.ស.ម.ក. បានចាត់ក្រុមការងារធ្វើការ ពិនិត្យសិក្សា និងវិភាគលើព័ត៌មាន និងរបាយការណ៍ និងចុះស៊ើបអង្កេតដោយជួបជាមួយគ្រប់ភាគីរួមមាន ប្រធានពន្ធនាគារ មន្ត្រីប៉ុស្តិ៍ ជនជាប់ឃុំបន្ទប់ជាមួយគ្នាចំនួន ២ រូបម្តាយទារិកា និងប្រធានអគារ។
លោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានថ្លែងថា អគ្គនាយកដ្ឋានពន្ធនាគារបាននិងកំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេតទៅលើករណីដែលអង្គការលីកាដូស្នើសុំទទូចឱ្យអាជ្ញាធរធ្វើការស៊ើបអង្កេតឱ្យបានពេញលេញទៅលើការស្លាប់របស់ទារិកាអាយុ ៥ ខែម្នាក់។
សេចក្ដីថ្លែងការណ៍របស់អង្គការលីកាដូបានអះអាងថា ទារិកាអាយុ ៥ ខែម្នាក់រស់នៅជាមួយម្ដាយដែលកំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី ២ (ព្រៃស) បានស្លាប់កាលពីថ្ងៃអាទិត្យ ទី ២៦ ខែមករានៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។ ការស្លាប់នេះបង្ហាញពីតម្រូវការចាំបាច់សម្រាប់អាជ្ញាធរក្នុងការផ្ដល់អាទិភាពសិទ្ធិនៅក្រៅឃុំបណ្ដោះអាសន្នសម្រាប់ស្ត្រីដែលមានកូនតូចនៅជាមួយ។ អ្នកស្រីមិនត្រូវបានផ្ដល់មេធាវីការពារក្ដីទេ ហើយក៏មិនបានដឹងពីសិទ្ធិក្នុងការស្នើសុំនៅក្រៅឃុំផងដែរ។ អ្នកស្រីមានផ្ទៃពោះ ៨ ខែនៅពេលត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ ។
សេចក្ដីថ្លែងការណ៍ដដែលនេះបានឲ្យដឹងថា៖ «យើងខ្ញុំ សូមស្នើសុំដោយទទូចឱ្យអាជ្ញាធរចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីធានាថាករណីបែបនេះមិនកើតមានឡើងម្ដងទៀត»។
លោក នុត សាវនា ថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា អគ្គនាយកដ្ឋានពន្ធនាគារបាននិងកំពុងស្រាវជ្រាវមើលថាតើ ទារកដែលបានស្លាប់គឺបណ្តាលមកពីការខ្វះការយកចិត្តទុកដាក់ពីសមត្ថកិច្ច ឬក៏បណ្តាលមកពីលក្ខខណ្ឌការរស់នៅរបស់គាត់មិនសមស្រប និងស្រាវជ្រាវថា តើមន្ទីរពេទ្យបានយកចិត្តទុកដាក់គ្រប់គ្រាន់ដែរឬទេក្នុងការពិនិត្យព្យាបាលទារិកានោះ។

ទិដ្ឋភាពនៅខាងមុខពន្ធនាគារព្រៃសនាពេលកន្លងមក។ រូបថត ភ្នំពេញ ប៉ុស្ដិ៍
លោក សាវនា ថ្លែងថា៖ «ខ្ញុំកំពុងតែស្រាវជ្រាវករណីហ្នឹងហើយសុំគោលការណ៍ពីអគ្គនាយកដ្ឋានថា ត្រូវដោះស្រាយយ៉ាងម៉េចចំពោះការងារហ្នឹង។ ខ្ញុំគិតថា បញ្ហាខាងមន្ទីរពេទ្យកុមារច្រើនជាង ពីព្រោះគាត់ត្រូវបានគេបញ្ជូនទៅពេទ្យដែរ ហើយខាងពេទ្យសរសេរមកថា ខ្លួនមិនសូវបានយកចិត្តទុកដាក់។ យើងមិនមែនសាចទឹកដាក់គ្នាអីទេ»។
លោកបានអះអាងថា អគ្គនាយកដ្ឋានពន្ធនាគារមានការសោកស្តាយពេលដែលទទួលដំណឹងថា ទារិកាអាយុ ៥ ខែនោះបានស្លាប់ ហើយលោកបានទទួលស្គាល់ថា ការខ្វះការយកចិត្តទុកដាក់គ្រប់គ្រាន់ និងពិនិត្យដិតដល់ក្នុងការថែព្យាបាលទារិកានោះពីមន្ត្រីពន្ធនាគារ និងគ្រូពេទ្យមួយចំនួន។
សេចក្ដីថ្លែងការណ៍របស់អង្គការលីកាដូបានឲ្យដឹងថាលីកាដូក៏បានស្នើសុំអគ្គនាយកដ្ឋានពន្ធនាគារថា អ្នកជាប់ឃុំទាំងអស់ដែលមានសិទ្ធិ គួរត្រូវបានសាកសួរថា តើអ្នកទាំងនោះចង់ស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្នរង់ចាំសវនាការដែរឬទេ? ជាពិសេសករណីអ្នកជាប់ឃុំដែលងាយរងគ្រោះដូចជា ស្ត្រីមានកូនតូចនៅជាមួយ និងអនីតិជន។ គួរផ្ដល់អាទិភាពចំពោះសវនាការសុំនៅក្រៅឃុំនៃករណីរបស់អ្នកជាប់ឃុំដែលងាយរងគ្រោះដូចជា ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចនៅជាមួយ ដូចនេះអ្នកទាំងនេះមិនចាំបាច់ត្រូវឃុំខ្លួនបណ្ដោះអាសន្នក្នុងរយៈពេលវែង និងមិនមានពេលវេលាកំណត់ជាក់លាក់។
សេចក្ដីថ្លែងការណ៍ដដែលនេះបានឲ្យដឹងថា ត្រូវធានាថាការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការគួរត្រូវបានប្រើប្រាស់ដោយសមស្រប និងជាជម្រើសចុងក្រោយដោយអនុលោមតាមគោលការណ៍សន្មតថា គ្មានទោស និងការពិចារណាឱ្យបានហ្មត់ចត់អំពីអ្នកជាប់ឃុំដែលងាយរងគ្រោះ ហើយថាត្រូវធានាថា រាល់បុគ្គលដែលត្រូវបានចោទប្រកាន់ទទួលបានសិទ្ធិ និង កិច្ចការពារផ្នែកច្បាប់ពេញលេញ ការជូនដំណឹងត្រឹមត្រូវពីបទចោទប្រឆាំងនឹងអ្នកទាំងនោះ និងដឹងពីនីតិវិធីពាក់ព័ន្ធនឹងការដាក់ពាក្យស្នើសុំ និងទទួលបានសិទ្ធិនៅក្រៅឃុំបណ្ដោះអាសន្ន ជាពិសេសក្នុងករណីនៃអ្នកជាប់ឃុំដែលងាយរងគ្រោះដូចជា អនីតិជន ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចនៅជាមួយជាដើម។
សេចក្ដីថ្លែងការណ៍របស់អង្គការលីកាដូបញ្ជាក់ថា៖ «ម្ដាយ និងស្ដ្រីមានផ្ទៃពោះដែលត្រូវបានផ្ដន្ទាទោសពីបទមជ្ឈិម គួរត្រូវបានព្យួរទោស»។
លោក សាវនា បានឲ្យដឹងថាចំណុចខ្លះនៃការស្នើសុំរបស់អង្គការលីកាដូ អគ្គនាយកដ្ឋានពន្ធនាគារបានអនុវត្តហើយ និងចំណុចខ្លះទៀតវាហួសដែន សមត្ថកិច្ចរបស់អគ្គនាយកដ្ឋានពន្ធនាគារដែលពុំមែនមានន័យថាអគ្គនាយកដ្ឋានពន្ធនាគារព្រងើយកន្តើយរឿងហ្នឹងនោះទេ ហើយលោកអះអាងថា ជនជាប់ឃុំដែលងាយរងគ្រោះ គឺអាទិភាពរបស់អគ្គនាយកដ្ឋានពន្ធនាគារ ហើយថាអគ្គនាយកដ្ឋានពន្ធនាគារមានការលំបាកក្នុងការគ្រប់គ្រងមណ្ឌលអប់រំកែប្រែទី ២ ដោយសារតែមានជនជាប់ឃុំវាច្រើន ខណៈដែលមន្ត្រីពន្ធនាគារមានចំនួនតិច និងខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ។
លោកថ្លែងថា៖ «មនុស្សច្រើនតែយើងមានមន្ត្រីតិច ដូច្នេះហើយគាត់មើលមិនបានពេញដៃពេញជើង។ និយាយទៅយើងមិនមែនច្រានចោលការទទួលខុសត្រូវនោះទេ តែមានចំណុចខ្លះវាហួសដែនសមត្ថកិច្ច និងសមត្ថភាព។ ហើយចំណុចទាំងប៉ុន្មានហ្នឹង វាទាមទារឲ្យមានការចូលរួមពីស្ថាប័នពាក់ព័ន្ធតែបើយើងខំតែឯងធ្វើដោយគ្មានការជួយពីខាងស្ថាប័នពាក់ព័ន្ធវានឹងលំបាក ហើយចំណុចខ្លះទៀតវា ទាមទារការចូលរួមពីប្រមុខដឹកនាំស្ថាប័នក្តី និងអ្នកនយោបាយជាន់ខ្ពស់រហូតដល់អាចធ្វើវិសោធកម្មច្បាប់មួយចំនួន»។
លោក សាវនា ក៏បានអរគុណចំពោះអង្គការលីកាដូដែលបានខិតខំសិក្សា និងបានផ្តល់អនុសាសន៍ដែលជាការរួមចំណែកការកាត់បន្ថយបញ្ហានៅថ្ងៃមុខអគ្គនាយកដ្ឋានពន្ធនាគារនឹងពិនិត្យមើល និងសិក្សាបន្ថែមទៅលើរបាយការណ៍របស់អង្គការលីកាដូ និងពិភាក្សាជាមួយដៃគូអភិវឌ្ឍ និងស្ថាប័នថាត្រូវធ្វើយ៉ាងម៉េចដើម្បីដោះស្រាយបញ្ហានេះ។
យោងតាមរបាយការណ៍អង្គការលីកាដូបានឲ្យដឹងថាកាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២០ ទារិកាអាយុ ៥ ខែបានរងរបួសជាទម្ងន់ដោយបាក់ ឆ្អឹងភ្លៅ បុគ្គលិកពេទ្យនៅមណ្ឌលអប់រំកែប្រែទី ២ បានពិនិត្យស្ថានភាពជំងឺរបស់នាង និងបានបញ្ជូននាង និងម្ដាយទៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀតដែលបានព្យាបាលអ្នកជាប់ឃុំមកពីពន្ធនាគារកន្លងមក។ បុគ្គលិកពេទ្យបានថតកាំរស្មីអ៊ិច និងបានរកឃើញថា ទារកនេះបានបាក់ឆ្អឹងភ្លៅ។ ទារក និងម្ដាយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកុមារជាតិ ដោយសារខាងមន្ទីរពេទ្យលើកឡើងថា មិនមានអ្នកជំនាញដើម្បីព្យាបាលអ្នកជំងឺក្មេងបែបនេះទេ។
មន្ទីរពេទ្យកុមារជាតិក៏បានព្យាបាលទារករងគ្រោះរួចហើយក៏បញ្ជូននាងត្រឡប់ទៅមណ្ឌលអប់រំកែប្រែទី ២ វិញ ទោះបីជាបុគ្គលិកពន្ធនាគារបានស្នើសុំ ទេវី និងម្ដាយ ស្នាក់នៅពេទ្យមួយយប់ដើម្បីតាមដានស្ថានភាពជំងឺ ក៏បុគ្គលិកមន្ទីរពេទ្យបានបដិសេធ និងត្រូវបានរាយការណ៍ថា បាននិយាយថាគ្មានបន្ទប់ទំនេរសម្រាប់ទេវី និងម្ដាយទេ។ ត្រឹមថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២០ ទារិកានោះមានការពិបាកដកដង្ហើម។ ម្ដាយរបស់នាងបានកត់សម្គាល់ឃើញថា កូនរបស់ខ្លួនបានចាប់ផ្ដើមបាត់បង់ស្មារតី និងបានប្រាប់ទៅមន្ត្រីពន្ធនាគារភ្លាម។
បុគ្គលិកពេទ្យនៅមណ្ឌលអប់រំកែប្រែទី ២ បានដាក់សេរ៉ូម ទេវី និងបញ្ជូននាងទៅកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀតជាកន្លែងដែលអ្នកទាំងនោះសម្អាត ស្លេស្ម៍ និងថតកាំរស្មីអ៊ិច សួតរបស់នាង។ លុះដល់ព្រឹកថ្ងៃ ២៦ ខែមករា ទេវី ពិបាកដកដង្ហើមជាខ្លាំង។ នាងត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ជាកន្លែងដែលវេជ្ជបណ្ឌិតបានព្យាយាមយកស្លេស្ម៍ចេញពីសួតរបស់នាង និងបានធ្វើចលនាបេះដូង ប៉ុន្តែនាងនៅតែមិនដឹងខ្លួន។ បន្ទាប់មក ទេវី ត្រូវបានដាក់នៅក្នុងទូកញ្ចក់បំពាក់ជាមួយនឹងអុកស៊ីហ្សែន។ ប៉ុន្តែនៅ ៣ នាទីក្រោយមក នាងក៏បានស្លាប់បាត់បង់ជីវិត ហើយការធ្វើកោសល្យវិច័យសាកសពបានបង្ហាញថា ទេវី ស្លាប់ដោយសារជំងឺរលាកសួត និងកង្វះអាហារូបត្ថម្ភ៕