ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីម្សិលមិញបន្ទោសក្រសួងសាធារណការ និងដឹកជញ្ជូនដែលធ្វេសប្រហែសមិនបានពិនិត្យឲ្យហ្មត់ចត់លើលក្ខណៈបច្ចេកទេសធ្វើផ្លូវខ្វះគុណភាពឆាប់ទ្រុឌទ្រោម ខណៈមតិសាធារណៈខ្លះនិយាយរិះគន់ថាមានបញ្ហាពុករលួយនៅក្នុងគម្រោងសាងសង់នីមួយៗ។
ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ ២០១៧ និងទិសដៅការងារឆ្នាំ ២០១៨ នៃក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៨ នៅសាលសន្និសីទចតុមុខ ដោយមានការចូលរួមពីមន្ត្រីមកពីអគ្គនាយកដ្ឋានជំនាញ អង្គភាព មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីខេត្ត លោក ស ខេង បានថ្លែងថា៖ «នេះគឺបទពិសោធរបស់យើងដែលចាំបាច់ត្រូវតែគិតគុណភាពឲ្យបានច្បាស់លាស់ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋក៏ដូចជា អ្នកធ្វើដំណើរទាំងឡាយ ត្រូវខិតខំកែលម្អពង្រឹងយន្តការ និងបន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទប់ស្កាត់នូវការដឹកជញ្ជូនលើសទម្ងន់ និងលើសកម្រិតកំណត់ដែលកំពុងក្លាយជាជំងឺនិង ជាមេរោគបំផ្លាញផ្លូវថ្នល់របស់យើង»។
លោក ស ខេង ថ្លែងថានៅមានផ្លូវជាតិមួយចំនួននៅមានគុណភាពអន់នៅឡើយជាក់ស្តែងដូចជាផ្លូវជាតិលេខ ៨A តភ្ជាប់ពីផ្លូវជាតិលេខ ៦A ទៅផ្លូវជាតិលេខ ៧A ដែលទើបធ្វើថ្មីមកដល់ពេលនេះវាមានលក្ខណៈទ្រុឌទ្រោមជាងផ្លូវចាស់ពីមុនដែលមិនសូវបានជួសជុល។
លោកថ្លែងថា៖ «ដឹងទាំងអស់គ្នាហើយថាផ្លូវរបស់យើងដែលបានធ្វើកន្លងទៅនេះគឺមានផ្លូវមួយចំនួនគុណភាពល្អ ប៉ុន្តែផ្លូវមួយចំនួនទៀតខ្វះគុណភាពដូចយើងធ្វើដំណើរឆ្លងកាត់ទាំងអស់គ្នាផ្លូវជាតិលេខ ៨ ដែលតភ្ជាប់ពីផ្លូវជាតិ ៦A ទៅភ្ជាប់ផ្លូវជាតិលេខ ៧A ជាផ្លូវមួយដែលទើបនឹងធ្វើថ្មី ប៉ុន្តែរហូតមកដល់ពេលនេះទ្រុឌទ្រោមជាងផ្លូវដែលចាស់ជាងមុនហើយមិនសូវបានជួសជុល ហើយផ្លូវជាតិលេខ ៨A នេះបានជួសជុលជាបន្តបន្ទាប់ ប៉ុន្តែនៅតែមិនធានាគុណភាព»។
លោក យស់ សំអឿន ប្រធានសាធារណការ និងដឹកជញ្ជូនស្រុកខ្សាច់កណ្តាលបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាផ្លូវទាំងនោះសាងសង់ដោយក្រុមហ៊ុនចិនហើយបានធ្វើតាមស្តង់ដារផ្លូវជាតិលេខ ៨A ហើយផ្លូវនេះបាននិងកំពុងថែទាំជារៀងរាល់ឆ្នាំហើយ។
លោកបានថ្លែងថា៖ «ខ្ញុំអត់ហ៊ានវាយតម្លៃថាវាខូចខាតម៉េចទេ ទាល់តែចុះមកជាមួយខ្ញុំ ខ្ញុំបង្ហាញថាកន្លែងណាខូចខាត។ ថែទាំរៀងរាល់ឆ្នាំគេបញ្ជូនមកឲ្យខាងមន្ទីរសាធារណការខេត្តកណ្តាល។ ខ្ញុំឃើញខូច រាយការណ៍ឡើងមកថ្នាក់លើ»។
លោក ជា ឡេង នាយករដ្ឋបាលសាលាស្រុកខ្សាច់កណ្តាលបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថាផ្លូវនេះមានការខូចខាតដោយសារឡានដឹកលើសចំណុះដែលធ្វើឲ្យមានការទ្រុឌទ្រោមហើយត្រូវបានជួសជុលជាប្រចាំ។
លោកបានបញ្ជាក់ថា៖ «ចិញ្ចើមផ្លូវ (ផ្លូវជាតិលេខ ៨) មានប្រេះ មានស្រុត ពេលមានភ្លៀង មានអី ខាងក្រោមនឹងវាច្រោះហា វាអត់សូវណែនអ៊ីចឹងហា។ ខាងស្រុកខ្ញុំ ជង្ហុកអត់មានទេ គ្រាន់តែមានបំណះហើយនិងកន្លែងខ្លះទៅ វាកិនដូចមិនដិតដល់ វារាងជ្រាយទៅ ដល់ឡានវាដឹកលើសចំណុះទៅ វាជ្រាយ ដល់ពេលអ៊ីចឹងទៅវាពូនអាខ្សាច់ហ្នឹងឡើងខ្ពស់អ៊ីចឹងទៅ ឡានធំៗដឹកសុទ្ធតែហួសចំណុះបានធ្វើឲ្យផ្លូវយើងទ្រុឌទ្រោម គាត់ (សម្តេច) ថាហ្នឹងវាមិនខុសទេ។ អ៊ីចឹងពេលវាដឹក ប៉ះអាកន្លែងណាជ្រាយអ៊ីចឹងទៅ អាដីហ្នឹងវាប៉ោងឡើងខ្ពស់តិចៗទៅ វាខូងអ៊ីចឹងទៅ»។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាថ្លែងថាវាពិតជាមានការអភិវឌ្ឍនូវស្ថានភាពផ្លូវថ្នល់គឺវាមានការអភិវឌ្ឍ ប៉ុន្តែក៏មានការជួសជុលច្រើនដែរ។ ជាក់ស្តែងដូចរបាយការណ៍ពីខាងមន្ទីរសាធារណការ និងដឹកជញ្ជូននៅឆ្នាំ ២០១៧ គឺបានចំណាយជាង ២០០ លានរៀលទៅលើការជួសជុលផ្លូវថ្នល់។
លោកថ្លែងថា៖ «យើងសង្កេតថាបញ្ហាការដឹកលើសចំណុះក៏នៅតែកើតមានឡើង ការល្មើសទៅលើការប្រើប្រាស់ផ្លូវថ្នល់ក៏នៅមានស្របជាមួយនឹងស្ថានភាពផ្លូវរបស់យើងនៅមិនទាន់មានគុណភាពល្អនៅឡើយព្រោះថាគេចាក់តិចទៅដើម្បីឲ្យបានចំណេញច្រើនហើយករណីវាមិនមែនជាករណីមួយតូចតាចទេដោយសារគុណភាពផ្លូវយើងពីមួយឆ្នាំទៅមួយឆ្នាំជួបប្រទះអារឿងដដែលៗហើយវាធ្វើឲ្យចំណាយថវិកាជាតិក្នុងវិស័យដដែលពីមួយឆ្នាំទៅមួយឆ្នាំ»។
យោងតាមស្ថិតិរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងក្នុងសន្និបាតបានឲ្យដឹងថាយុទ្ធនាការចុះបង្ក្រាបរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រុមលេខាធិការដ្ឋានបានត្រួតពិនិត្យរថយន្តដឹកជញ្ជូនដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ៩២៣ ៦៥៨ គ្រឿងក្នុងឆ្នាំ ២០១៧៕