ព្រះសីហនុ: រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង កាលពីម្សិលមិញបានអះអាងថា កំណើនជនជាតិបរទេសនៅខេត្តព្រះសីហនុបានធ្វើឲ្យមានការបារម្ភខ្លាំងពីផលប៉ះពាល់ទឹកសមុទ្រ ខណៈទឹកសមុទ្រកម្ពុជាកំពុងមានការគាំទ្រ និងជាទីពេញនិយមពីពលរដ្ឋខ្មែរ និងបរទេសក្នុងការទៅកម្សាន្ដ។
ការថ្លែងបែបនេះបានធ្វើនៅក្នុងកម្មវិធីប្រកាសចូលកាន់មុខតំណែង មន្ត្រីក្រោមឱវាទនៅទីស្ដីការក្រសួងមហាផ្ទៃ។
លោក ស ខេង បានថ្លែងថាខេត្តព្រះសីហនុកំពុងមានការវិនិយោគ ហើយភ្ញៀវទេសចរបានទៅទីនោះមិនក្រោមជាង ៧ ម៉ឺននាក់ទេ ពិសេសចិន។
លោកថាវាជាធម្មតាទេទោះជនជាតិណាក៏ដោយ ក៏មានមនុស្សល្អ និងអាក្រក់ស្របពេលដែលខេត្តព្រះសីហនុនៅមិនទាន់បានរៀបចំខ្លួនឲ្យបានល្អតាមការវិវឌ្ឍនេះ។ដូច្នេះវាកើតឡើងនូវបញ្ហាមួយចំនួនដូចជា បទល្មើសកាប់សម្លាប់ ការប្រើគ្រឿងញៀន បញ្ហាបរិស្ថានជាដើម។
លោកបញ្ជាក់ថា៖ «អ្វីដែលយើងបារម្ភបំផុតខ្លាចថា ទឹកសមុទ្រដែលកំពុងតែជាទីនិយមរបស់ពលរដ្ឋខ្មែរ និងភ្ញៀវបរទេសដែលកោតសរសើរថាល្អនោះ ប្រសិនបើយើងមិនបានយកចិត្តទុកដាក់ឲ្យបានគ្រប់ជ្រុងជ្រោយទេ វាអាចធ្វើឲ្យទឹកសមុទ្រក្លាយជាប្រើលែងកើត ...ក្នុងតួនាទីទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ យើងបានចាត់ស្នើឱ្យមានក្រុមការងារចុះទៅអង្កេតស្រាវជ្រាវហើយ»។
ជាមួយគ្នានេះលោក ស ខេង បានបន្ថែមថា៖ «សម្រាប់ក្រសួងមហាផ្ទៃដែលមានការទទួលខុសត្រូវច្រើន អ៊ីចឹងស្នើថាយើងនឹងរៀបចំក្រុមការងារមួយ ដើម្បីទៅគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុក្នុងនោះ ខ្ញុំគិតថាមានអគ្គនាយកដ្ឋាន ៤ ដែលដើរតួ អគ្គរដ្ឋបាល អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហើយនិងក្រុមអ្នកច្បាប់។ រៀបចំជាក្រុមមួយហៅថាក្រុមប្រតិបត្តិការ ឬក៏ក្រុមគាំទ្រ។ ប៉ុន្តែមិនមែនថាក្រុមគាំទ្រទៅធ្វើជំនួសរដ្ឋបាលខេត្តព្រះសីហនុទេ ក៏ប៉ុន្តែទៅគាំទ្រជួយដោះស្រាយនូវបញ្ហាទាំងឡាយណាដែលខេត្តមិនមានលទ្ធភាព រាប់ទាំងការបង្ក្រាបបទល្មើសទាំងនោះផង»។
កាលពីថ្ងៃទី ១១ ខែកញ្ញាស្នងការនគរបាលខេត្តព្រះសីហនុលោក ជួន ណារិន្ទ បានព្រមានដល់ម្ចាស់អាជីវកម្មផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ក្លិបកម្សាន្ត និងម៉ាស្សា សរុប ៨៤ នាក់ក្នុងនោះមានជនជាតិខ្មែរ ៦៣ នាក់ ចិន ២០ នាក់ និងកូរ៉េ ១ នាក់ឲ្យគោរពច្បាប់កម្ពុជាដោយមិនត្រូវយកទីតាំងប្រព្រឹត្តល្មើសទេ។
លោកថាចំពោះម្ចាស់ក្លិបឌីស្កូ ខារ៉ាអូខេ ទីតាំងត្រូវមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពឲ្យបានត្រឹមត្រូវ រីឯសន្តិសុខឯកជនត្រូវមានឯកសារច្បាស់លាស់។
លោកបានបញ្ជាក់ថា៖ «ម្ចាស់អាជីវកម្មមិនត្រូវដើរចែកចាយប័ណ្ណរូបភាពអាសអាភាស មិនត្រូវឆ្លៀតឱកាសយកទីតាំងទៅរកស៊ីប្រព្រឹត្តបទល្មើសខុសច្បាប់ ជួញដូរមនុស្ស និងជួញដូរ ប្រើប្រាស់ គ្រឿងញៀន បើកបនពេស្យាចារដាច់ខាត បើពុំនោះទេនឹងចាត់វិធានការដោយគ្មានការលើកលែង»។
ទាក់ទិននឹងបញ្ហានេះកាលពីថ្ងៃទី ១០ កញ្ញាសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន ៤ នាក់បញ្ជូនទៅតុលាការរឿងចាប់បង្ខាំងជនជាតិចិន ២ នាក់ធ្វើទារុណកម្មក្នុងកាស៊ីណូដើមត្នោតនៅភូមិ ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ។ នោះតាមរបាយការណ៍ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
លោក ស៊ឹង សែនករុណា មន្ត្រីអង្កេតផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុកបានយល់ថាកម្ពុជាមានច្បាប់គ្រប់គ្រាន់សម្រាប់ចាត់វិធានការ និងគ្រប់គ្រងជនបរទេស ប៉ុន្ដែមន្ត្រីអនុវត្តច្បាប់នៅមានការខ្វះចន្លោះ ឬប្រព្រឹត្តអំពើពុករលួយធ្វើឲ្យកើតបទល្មើសក្នុងតំបន់។
លោកថា៖ «យើងមើលឃើញវាកើតឡើងតែរឿងដដែលប្រៀបដូចបក់ផ្សែងដោយមិនបានពន្លត់ភ្លើងអ៊ីចឹងដែរ។ ដូច្នេះបើទោះជាមន្ត្រីមានការបារម្ភក៏ដោយ ក៏ខ្ញុំនៅតែមិនទាន់មានជំនឿចិត្តពេញលេញដែរ»៕