ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ប្តេជ្ញា​នឹង​បន្ត​ផ្គត់ផ្គង់​រថយន្ត​ឱ្យបាន​គ្រប់​អធិការដ្ឋាន​នគរបាល​ក្រុង-ស្រុក-ខណ្ឌ​នៅត្រឹម​ឆ្នាំ​ ២០២១ ខណៈដែល​កាលពី​ថ្ងៃ​ពុធ លោក​បាន​ប្រគល់​រថយន្ត​ម៉ាក Ford Ranger Pickup ២២ ​គ្រឿង​ ឱ្យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ ៣ ​គ្រឿង ​ដល់​អធិការដ្ឋាន​នគរបាល​ក្រុង និង​ខណ្ឌ​សម្រាប់​ធ្វើ​កិច្ចប្រតិបត្តិការ​ប្រចាំ​ថ្ងៃជា​អ្វី​ដែល​លោក​ហៅថា ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​កងកម្លាំង​នគរបាល​។

ក្នុង​ពិធី​ប្រគល់​រថយន្ត​ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត លោក ស ខេង ថ្លែង​ថា​៖ «​ខ្ញុំ​នឹង​ប្តេជ្ញា​ដើម្បី​នឹង​បន្ត​ផ្គត់ផ្គង់​​ឡាន​នេះ​ឱ្យបាន​គ្រប់​ស្រុក-ក្រុង-ខណ្ឌ ដែល​យើង​មាន​ប្រមាណ ២០០ (​គ្រឿង​)​។ អ៊ីចឹង​ចាប់ពី​លើក​ក្រោយ​នេះ​ទៅ​នឹង​ចែក​តាម​ស្រុក​។ អ៊ីចឹង​ខេត្ត​កុំ​ដណ្តើម​ទៀត​! ដណ្តើម​ក៏​មិន​ឱ្យ​ដែរ​! ឱ្យ​ទៅ​ស្រុក​! ព្រោះ​ស្រុក ម៉ូតូ​ក៏​យើង​អត់​បាន​ឱ្យ​។ យើង​ឱ្យ​ទៅ​ប៉ុស្តិ៍ (​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឃុំ-សង្កាត់​)​។ រាជធានី ខេត្ត មាន​ឡាន​ហើយ​»​។

លោក​ឧបនាយករដ្ឋមន្ត្រី​ថ្លែង​ថា​ ក្នុង​រង្វង់​រយៈពេល​ ៣ ​ទៅ​ ៤ ​ខែ​ខាង​មុខ​នេះ លោក​នឹង​ដោះស្រាយ​ឱ្យ​ស្រុក- ក្រុង អាច​ទទួល​បាន​រថយន្ត​ចំនួន ៥០ ​គ្រឿង​ទៀត ហើយ​ក្នុង​ឆ្នាំ​នេះ​លោក​នឹង​ខិតខំ​ដោះស្រាយ​ឱ្យ​ក្រុង-ស្រុក អាច​ទទួល​បាន​រថយន្ត​យ៉ាង​ហោចណាស់ ១០០ ​គ្រឿង​។ លោក​​ថ្លែងថា​៖ «​សុំ​ឱ្យ​អគ្គភ័ស្តុភារ​ដាក់​គម្រោង​ឆ្នាំ​ ២០២១ ដើម្បី​នឹង​បំពាក់​ថែម ១០០ ​ទៀត​ដើម្បី​ឱ្យ​ ២០២១ ​ឱ្យ​ចប់​។ នេះ​ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​កងកម្លាំង​នគរបាល​របស់​យើង​»​។

បើ​តាម​លោក ស ខេង បច្ចុប្បន្ន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​នីមួយៗ​មាន​ម៉ូតូ ៤ ​គ្រឿង​។ ប៉ុន្តែ​ការផ្តល់​រថយន្ត​ត្រូវ​បាន​ផ្តល់​អាទិភាព​ដល់​កងកម្លាំង​នៃ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​នៅ​តាម​ព្រំដែន ព្រោះ​បើ​មិន​មាន​មធ្យោបាយ​ធ្វើដំណើរ​ទេ ពួកគេ​នឹង​ជួប​ការលំបាក​ក្នុង​ការធ្វើ​សកម្មភាព​។ ព្រំដែន​កម្ពុជា-ថៃ​ ត្រូវ​បាន​ដោះស្រាយ​ហើយ ប៉ុន្តែ​ព្រំដែន​កម្ពុជា-វៀតណាម និង​ឡាវ​មិនទាន់​បាន​ដោះស្រាយ​នៅឡើយ​ទេ​។ លោក​ថា ​នឹង​បន្ត​ដោះស្រាយ​នៅ​តាម​ព្រំដែន​ទាំង​ ២ ​នេះ​ដែល​មិនទាន់​មាន​រថយន្ត​ទៅតាម​លទ្ធភាព​ជាក់ស្តែង​នៃ​ថវិកា​។

លោក​បន្តថា ក្រសួង​មហាផ្ទៃ​មិនទាន់​ដោះស្រាយ​បាន​ចប់​សព្វគ្រប់​នូវ​អគារ​សម្រាប់​ធ្វើការ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ដែល​កំពុង​ខ្វះខាត ប៉ុន្តែ​លោក​កំពុង​ជំរុញ​បន្ថែម​ទៀត​ដោយ​បាន​ផ្តល់នូវ​អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ចំនួន​ជាង ៣០ ​ក្នុង​ ១ ​ឆ្នាំ ​ដែល​លោក​អះអាង​ថា ជិត​គ្រប់​ចំនួន​ហើយ​។

លោក ស ខេង ក៏បាន​ក្រើនរំឭក​ដល់​មន្ត្រី​នគរបាល​ឱ្យបំពេញ​តួនាទី​តាម​វិជ្ជាជីវៈ​របស់​នគរបាល​ដោយ​ត្រូវ​ស្មោះត្រង់​ចំពោះ​តួនាទី​របស់​នគរបាល​ដើម្បី​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ​មិនមែន​បម្រើ​ខ្លួនឯង បក្ខពួក​ខ្លួន និង​ក្រុមគ្រួសារ​ខ្លួន​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​មាន​ន័យ​ថា យើង​មិន​លើកលែង​ចំពោះ​បុគ្គល​ណា​ទាំងអស់​ដែល​ប្រព្រឹត្ត​ខុស ទោះបី​បង​ខ្ញុំ ក្មួយ​ខ្ញុំ ពូ​ខ្ញុំ មា​ខ្ញុំ មីង​ខ្ញុំ​ក៏ដោយ ឱ្យតែ​ខុសច្បាប់ យើង​ត្រូវ​តែ​អនុវត្ត​ច្បាប់​។ នោះ​ដែល​គេ​ហៅថា វិជ្ជាជីវៈ​។ ប៉ុន្តែ​បើ​បង​ខ្ញុំ ពូ​ខ្ញុំ មា​ខ្ញុំ ធ្វើ​ខុស ខ្ញុំ​បែរ​ជា​រក​វិធី​បិទបាំង ទម្លាក់​កំហុស​ដាក់​អ្នកដទៃ អាហ្នឹង គេ​ហៅថា​មិនមែន​វិជ្ជាជីវៈ​ទេ​»​។

បើ​តាម​លោក នេត ​សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ​ដែល​បាន​ថ្លែង​ក្នុង​ពិធី​នោះ​កាលពី​ឆ្នាំមុន​ក្រសួង​មហាផ្ទៃ​បានផ្តល់​ម៉ូតូ​បន្ថែម ១ ៦៤៦ ​គ្រឿង​ ដល់​គ្រប់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទូទាំង​ប្រទេស និង​ម៉ូតូ​ ១ ​គ្រឿង​ ដល់​ការិយាល័យ​កិច្ចការ​ប៉ុស្តិ៍​រដ្ឋបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត​។ បច្ចុប្បន្ន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ-សង្កាត់​ដែល​មាន​ស្នាក់ការ​ធ្វើការ​មាន​ចំនួន ១ ៥៤៣ ​ប៉ុស្តិ៍ និង​ពុំទាន់​មាន​ស្នាក់​ការធ្វើការ​មាន​ ១០៣ ​ប៉ុស្តិ៍​។

លោក នេត សាវឿន ​ថ្លែងថា គិតពី​ខែ​តុលា​ឆ្នាំ​ ២០១៩ មកទល់​បច្ចុប្បន្ន​តាមរយៈ​ការស្នើសុំ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​លោក ស ខេង បាន​បញ្ជា​ទិញ​នូវ​រថយន្ត​ចំនួន ៤៥ ​គ្រឿង​។ លោក​បញ្ជាក់ថា រថយន្ត​ទាំងនោះ​ត្រូវ​«​បាន​ធ្វើការ​បែងចែក​ជូន​ដល់​វរសេនាតូច​ការពារ​ព្រំដែន​ចំណុះ​ទិស​ភូមិភាគ​ ៤ ភូមិភាគ​ ៥ តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ​នូវ​រថយន្ត​ម៉ាក Mazda Pickup ចំនួន ១៦ ​គ្រឿង និង​ ៤ ​គ្រឿង​ទៀត ជូន​ដល់​ក្រុម​ល្បាត​ត្រួតពិនិត្យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក​តាម​ផ្លូវ​ជាតិ​លេខ​ ៤ និង​ផ្លូវជាតិ​លេខ​ ៥»៕