ពោធិ៍សាត់ៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីម្សិលមិញបានបើកសម្ពោធ និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋទាំង ២៥ រាជធានី-ខេត្តដែលធ្វើឡើងនៅក្នុងខេត្តពោធិ៍សាត់។
លោក ស ខេង ថ្លែងនៅក្នុងពិធីសម្ពោធដោយអះអាងថា៖ «ការដាក់ឱ្យដំណើរការអង្គភាពនេះនឹងពង្រឹងការទទួលខុសត្រូវ និងគណនេយ្យភាពរបស់រដ្ឋបាលរាជធានី ខេត្ត ក្នុងការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាមានប្រសិទ្ធភាពបានទាន់ពេលវេលា និងមានតម្លាភាព ហើយប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការមកទទួលសេវានៅកន្លែងតែមួយ។
ទោះជាយ៉ាងណាក៏ដោយលោក ស ខេង បានអះអាងថា ការបង្កើតអង្គភាពច្រកចេញ-ចូលតែមួយថ្នាក់រាជធានី ខេត្តមិនមែនជាការកាត់បន្ថយអំណាចប្រធានមន្ទីរនោះទេ ព្រោះមន្ទីរជំនាញនីមួយៗមានមន្ត្រីប្រចាំការនៅការិយាល័យផ្តល់សេវានេះ។
លោក ស ខេង ថ្លែងថា៖ «មិនមែនបានសេចក្តីថា យើងកាត់អំណាចពីប្រធានមន្ទីរហ្នឹងទេ ប៉ុន្តែមានមន្ត្រីរបស់គាត់នៅប្រចាំការនៅកន្លែងការិយាល័យមួយជាមួយគ្នា។ តំណាងឱ្យកសិកម្ម តំណាងឱ្យពាណិជ្ជកម្ម តំណាងឱ្យឧស្សាហកម្ម តំណាងឱ្យបរិស្ថាន តំណាងឱ្យធនធនទឹក តំណាងអីនៅម្តុំជាមួយគ្នា។
លោក ស ខេង ថ្លែងបន្តថា៖ «ប្រធានមន្ទីរ (នៅ) កន្លែងមួយចំនួន ខ្ញុំបានឱ្យទៅនៅជាមួយចៅហ្វាយខេត្តហើយ។ ទៅអង្គុយនៅការិយាល័យជាមួយចៅហ្វាយខេត្ត មិនមែនបន្ទប់តែមួយទេ ចង់និយាយថា អគារតែមួយ បន្ទប់ដោយឡែកពីគ្នា ព្រោះយើងចង់កសាងទៅជារដ្ឋបាលឯកភាពមួយ»។
លោក ស ខេង បានឲ្យដឹងទៀតថា៖ «អ៊ីចឹង បើគាត់ (ចៅហ្វាយខេត្ត) ចង់ជួបមន្ទីរកសិកម្ម មន្ទីរកសិកម្មនៅការិយាល័យខាងណោះ ជ្រុងខាងណោះ។ ចង់ជួបមន្ទីរបរិស្ថាន មន្ទីរបរិស្ថាននៅខាងណោះ។ គាត់ហៅមកជំនុំគ្នាបាន តែបើសិនណាឱ្យគាត់នៅទីទៃៗក៏បានដែរ! ពីមុនមកយើងវាអ៊ីចឹង។ ប៉ុន្តែរដ្ឋបាលទំនើបសព្វថ្ងៃ គេច្រើនធ្វើអ៊ីចឹង!»។
លោក ស ខេង ថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះខេត្តចំនួន ៣ ត្រូវបានបង្កើតឱ្យមានរដ្ឋបាលឯកភាពរួចរាល់ហើយ គឺខេត្តត្បូងឃ្មុំ ខេត្តសៀមរាប និងខេត្តព្រៃវែង ហើយនេះមិនមែនគ្រាន់តែជារូបភាពនោះទេ តែការសម្រេចចិត្តលើបញ្ហាណាមួយគឺមានការស្រុះស្រួលគ្នា ពីព្រោះរដ្ឋបាលខេត្តមានក្រុមប្រឹក្សា និងគណៈអភិបាល ហើយតំណាងឱ្យរដ្ឋាភិបាលគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងតំណាងឱ្យគ្រប់រដ្ឋមន្ត្រីទាំងអស់។
លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីនោះថា អង្គភាពច្រកចេញចូលតែមួយមានសេវាសរុបចំនួន ៥៥៩ ប្រភេទនៃវិស័យជំនាញចំនួន ១៥។ គិតត្រឹមដំណាច់ឆ្នាំ ២០១៩ ក្រុង ស្រុក ខណ្ឌចំនួន ១១៥ ក្នុងចំណោមក្រុង ស្រុក ខណ្ឌទាំង ២០៣ បានបង្កើតឱ្យមានការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរួចរាល់ ហើយស្រុកដែលសេសសល់ចំនួន ៨៨ ទៀតបានអនុវត្តយន្តការច្រកចេញចូលតែមួយសម្រាប់ផ្តល់សេវាលើវិស័យចំនួន ១៤ ដែលមានប្រភេទសេវា ២១១។
លោក ប្រាក់ សំអឿន ថ្លែងថា៖ «ចាប់តាំងពីការដាក់ឱ្យដំណើរការអង្គភាពច្រក-ចេញចូលតែមួយនៅក្នុងអំឡុងឆមាសទី ២ នៃឆ្នាំ ២០១៨ រហូតមកដល់ចុងឆ្នាំ ២០១៩ កន្លងមកនេះ អង្គភាពច្រកចេញចូលតែមួយទាំង ២៥ រាជធានី ខេត្តបានផ្តល់សេវាសរុបចំនួន ៦៩៤ ៩៦៧ សេវា និងទទួលបានចំណូលប្រហែលជាង ១៤ លានដុល្លារសហរដ្ឋអាមេរិក»។
លោក ឡាំ សុជាតិ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា កាលណារដ្ឋបាលប្រមូលផ្តុំគ្នានៅកន្លែងតែមួយគឺប្រជាជនមានភាពងាយស្រួលក្នុងការមកស្វែងរកសេវាពីកន្លែងមួយទៅកន្លែងមួយដែលនៅកៀកៗគ្នា ហើយទទួលបានសេវាពាក់ព័ន្ធជាកញ្ចប់បានរហ័ស។ ប្រជាជនដែលមកទំនាក់ទំនងការងារ ឬចូលរួមអភិវឌ្ឍផ្សេងៗគឺមានការចូលរួមពីអង្គភាពពាក់ព័ន្ធរបស់រដ្ឋាភិបាល ព្រោះការងារជំនាញជាច្រើនមានការពាក់ព័ន្ធនឹងការិយាល័យអន្តរវិស័យរបស់រដ្ឋ។
លោក ឡាំ សុជាតិ ថ្លែងថា៖ «តែយើងបារម្ភខ្លាចថាមន្ត្រីថ្នាក់ក្រោមហ្នឹង គាត់ធ្លាប់តែងាយស្រួលច្រើនឆ្នាំហើយនៅដាច់ដោយឡែក ធ្វើអីៗដោយតែឯងៗ ឬ ១ នាក់ ២ នាក់ក្នុងការិយាល័យជំនាញខ្លួនហ្នឹងដល់ពេលរដ្ឋាភិបាលគាត់ចង់ពង្រឹងរបៀបរបបធ្វើការអាចមន្ត្រីគាត់លំបាកធ្វើការឱ្យបានពេញលេញអ៊ីចឹង»។
លោក ឡាំ សុជាតិ បានថ្លែងទៀតថា ជាទូទៅវាគឺជាការល្អក្នុងការដាក់ឱ្យប្រើប្រាស់សេវាច្រកចេញចូលនេះ។ ប៉ុន្តែប្រជាជននៅមិនទាន់បានដឹងពីសេវាច្រកចេញចូលតែមួយដែលរដ្ឋាភិបាលទើបដាក់ឱ្យប្រើប្រាស់នៅស្រុកថ្មី និងខេត្តថ្មីមួយចំនួន ហើយពួកគាត់ភាគច្រើនអាចមិនទាន់ស្គាល់ច្រកសេវានេះ យល់ដឹងពីសារៈសំខាន់ និងប្រើប្រាស់ឱ្យបានច្រើននោះទេ។
លោក ឡាំ សុជាតិ បានថ្លែងឲ្យដឹងទៀតថា រាជរដ្ឋាភិបាលត្រូវធ្វើយុទ្ធនាការបន្ថែមទៀតដោយធ្វើយ៉ាងណាឱ្យច្រក និងការិយាល័យសេវានេះបានចូលរួមលើកកម្ពស់គណនេយ្យភាពការផ្តល់សេវាច្រកនេះឱ្យបានល្អ និងឱ្យប្រជាពលរដ្ឋបានផ្តល់យោបល់ពីការពេញចិត្ត និងការមិនពេញចិត្តដើម្បីកែលម្អ៕