ព្រៃវែងៈ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ពីម្សិលមិញណែនាំដល់មន្ត្រីកាកបាទក្រហមទូទាំងប្រទេសត្រូវចូលរួមជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ដោយមិនត្រូវរើសអើង បែងចែក ឬប្រកាន់និន្នាការនយោបាយនោះទេ ដោយលោកចាត់ទុកថា ពលរដ្ឋទាំងអស់សុទ្ធតែជាមុខសញ្ញា ដែលត្រូវការការជួយសង្គ្រោះ។
លោកថ្លែងបែបនេះ ក្នុងឱកាស ដែលលោកចូលរួមពិធីអបអរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា នៅខេត្តព្រៃវែង កាលពីថ្ងៃទី ៩ ខែ ឧសភា។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «កាកបាទក្រហមគឺជាអង្គការ អព្យាក្រឹតមួយ ឯករាជ្យមួយ មិនមែនជាអង្គការនយោបាយទេ។ ជាយន្តការសាធារណៈមួយ អ៊ីចឹងប្រជាពលរដ្ឋយើងមិនត្រូវបែងចែកនេះពណ៌ខៀវ នោះពណ៌ក្រហមទេ ឬនេះបក្សនេះ នេះបក្សនោះទេ អត់ទេ»។
លោក ស ខេង បន្ថែមថា៖ «ប្រជាពលរដ្ឋ គឺប្រជាពលរដ្ឋ បានន័យថា ប្រជាពលរដ្ឋទាំងអស់ គឺជាមុខសញ្ញា ដែលយើងត្រូវជួយទាំងអស់ ដែលកន្លងមក យើងធ្វើបែបនេះ អ៊ីចឹងសូមឲ្យធ្វើបែបនេះបន្តទៀត។ ព្រោះជាអង្គការជួយសង្គមមួយ ត្រូវមើលប្រជាជនទាំងអស់ជាប្រជាជនយើង បើទោះបីជាគាត់មាននិន្នា-ការនយោបាយក្នុងក្របខ័ណ្ឌណាក៏ដោយ ក្នុងរបបប្រជាធិបតេយ្យពហុបក្ស វាតែងតែអ៊ីចឹង»។
ក្រៅពីណែនាំឲ្យធ្វើការដោយមិនត្រូវរើសអើងពលរដ្ឋ លោកស ខេង ក៏ស្នើក្នុងន័យក្រើនរំឭកដល់កាកបាទក្រហមទូទាំងប្រទេស ត្រូវមានតម្លាភាព ក្នុងការគ្រប់គ្រង ប្រើប្រាស់ថវិកា របស់កាកបាទក្រហម ដែលបានមកពីគ្រប់ប្រភព ដូចជាទទួលបានពីថ្នាក់កណ្តាល ទទួលបានពីសប្បុរសជន ឬក្នុងពិធីដូចដែលបានធ្វើនេះជាដើម ចៀសវាងបាត់បង់ទំនុកចិត្តពីមជ្ឈដ្ឋានទូទៅ។
លោកបន្ថែមថា៖ «បើមិនដូច្នោះ យើងអំពាវនាវឲ្យសប្បុរសជនជួយ វាអត់មានតម្លៃទេ គេថាយកធ្វើអ្វី បើយកទៅមិនឃើញចាយផង។ ម្យ៉ាងទៀត ចាយផ្តេសផ្តាស មិនមាន [ភាព] ជាក់លាក់ ដូច្នេះគេអត់មានជំនឿទេ។ តែកាលណាគេមិនមានជំនឿលើយន្តការរបស់យើងហើយ ទោះបីគេមានលុយប៉ុន្មានក៏គេមិនជួយដែរ។ សុំថាត្រូវគ្រប់គ្រងឲ្យបានហ្មត់ចត់ មានតម្លាភាពតាមគោលការណ៍»។
លោកមានប្រសាសន៍បែបនេះ ខណៈលោកលើកឡើងពីភាពមិនប្រក្រតីមួយចំនួន ដែលលោកបានដឹងថា កន្លែងខ្លះមានបញ្ហាពាក់ព័ន្ធនឹងភាពមិនប្រក្រតីចំពោះថវិកាដែលជាជំនួយនេះ។
លោកថ្លែងថា៖ «បើទោះជាគេចូលតិចក៏ដោយ បើជួយទៅ ចូលច្រកណាផ្សេង ខ្ញុំនិយាយបែបនេះមិនមែនបានន័យថា ខេត្តព្រៃវែងមានបញ្ហាហ្នឹងទេ ប៉ុន្តែកន្លែងខ្លះមានបញ្ហាហ្នឹង គ្រាន់តែថាខ្ញុំមិនបញ្ចេញឈ្មោះតែប៉ុណ្ណឹងទេ។ កន្លែងខ្លះវាមានបញ្ហាហ្នឹង ដល់អ៊ីចឹងទៅ គេមិនទុកចិត្តទៅលើយន្តការ ដល់អ៊ីចឹងធ្វើពិធីអ៊ីចឹងទៅ ប្រមូលថវិកាមិនបានប៉ុន្មានទេ។ នេះហើយជាបញ្ហាដែលខ្ញុំគិតថា ជាបញ្ហាសំខាន់នោះ»។
លោកអ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងមហន្តរាយកាកបាទក្រហមកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍ ម្សិលមិញថាប្រសាសន៍របស់ថ្នាក់ដឹកនាំ គឺមានចេតនា ចង់ដាស់តឿនដល់សមាជិកកាកបាទក្រហមទូទាំងប្រទេស ឲ្យមានស្មារតីរឹងមាំ ស្របពេលកន្លងមក បានអនុវត្តបានត្រឹមត្រូវហើយ។ លោកបន្តថា ជាទូទៅភាពមិនប្រក្រតី គឺពិតជាមាន ព្រោះតែមានបុគ្គលមួយចំនួនបានយកឈ្មោះកាកបាទក្រហម ប្រព្រឹត្តរឿងមិនល្អ តែនៅពេលថ្នាក់ដឹកនាំបានលើកឡើងដូច្នេះជនទាំងនោះ ច្បាស់ជាមានការកែប្រែ។
លោកថា៖ «ជាធម្មតាទេរឿងហ្នឹង ថាវាល្អច្រើនហើយ ដល់ទៅ ៨០ ទៅ ៩០ % តែបើចង់ឲ្យ អាម៉ាកញ្ចប់តូចហ្នឹង វាទៅជាល្អអ៊ីចឹង នេះលោកក្រើនរំឭក ព្រោះលោកជាថ្នាក់ដឹកនាំ ហើយលោកក៏ជាសមាជិកសកម្មមួយរូប លោកមានភារកិច្ចនឹងនិយាយ។ សម្រាប់ខ្ញុំ [យល់ថា] មិនបានល្អ ១០០% ទេ វានៅមានជនឱកាស និយមឆ្លៀតធ្វើចលនាក្នុងកាកបាទក្រហម។ ប៉ុន្តែខ្ញុំជឿជាក់ថា ក្រោយពេលសម្តេចក្រឡាហោម [ស ខេង] លោកបានលើកនេះ សកម្មភាពទាំងនោះនឹងល្អប្រសើរជាងមុន ហើយអ្នកដែលបានអនុវត្តការខុសឆ្គងនោះ គេនឹងឈានទៅរកការកែប្រែ»។
ក្នុងឱកាសប្រារព្វខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា កាកបាទក្រហម ទទួលថវិកាពីសប្បុរសជន ចំនួន ២០ ៧៥៧ ៥១០ ដុល្លារអាមេរិក ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌នៅប្រទេសកម្ពុជា៕