ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានថ្លែងទៅកាន់មន្ត្រី និងកងកម្លាំងនៅខេត្តក្រចេះកាលពីថ្ងៃព្រហស្បតិ៍ឲ្យពួកគេប្រុងប្រយ័ត្នក្នុងការបោះឆ្នោតជាតិដែលចូលមកដល់ក្នុងខែកក្កដាខាងមុខចំពោះសកម្មភាពប្រឆាំងណាមួយ ខណៈដែលលោកក៏បានព្រមានផងដែរថា ចលនាប្រឆាំងណាមួយអាចកើតឡើងបានលុះត្រាតែរដ្ឋាភិបាលមិនបានបំពេញបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «យើងត្រូវតែរួមគ្នាថែរក្សាការពារ និងពង្រឹងសន្តិភាពអធិបតេយ្យភាព និងស្ថិរភាពនយោបាយ។ នេះគឺជាលក្ខខណ្ឌចម្បងសម្រាប់គាំទ្រដល់ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម»។
ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់តំណែងរបស់អភិបាលខេត្តក្រចេះថ្មីលោក វ៉ា ថន លោក ស ខេង បានព្រមានថា បដិវត្តន៍អាចកើតឡើងបានលុះត្រាតែរដ្ឋាភិបាលមិនបានបំពេញបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ប៉ុន្តែទោះជាយ៉ាងណាលោកនៅតែអះអាងថា គណបក្សសង្គ្រោះជាតិដែលទទួលបានសំឡេងឆ្នោត ៤៤ ភាគរយក្នុងការបោះឆ្នោតក្នុងឆ្នាំ ២០១៣ នោះគឺជាគណបក្សមួយដែលប៉ុនប៉ងបង្កចលាចល។
គណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយបង្ខំកាលពីខែវិច្ឆិកាឆ្នាំមុនដោយសាររដ្ឋាភិបាលចោទប្រកាន់ថាបានបង្កើតបដិវត្តន៍ពណ៌ដែលទទួលបានការគាំទ្រពីបរទេសបើទោះជាមានភ័ស្តុតាងតិចតួចដែលទំនងមិនច្បាស់ត្រូវបានបង្ហាញក្តី។
កាលពីថ្ងៃព្រហស្បតិ៍លោក ស ខេង បានបញ្ជាក់ថា ការសម្រេចចិត្តនេះគឺត្រឹមត្រូវហើយស្របច្បាប់។
លោកថ្លែងថា៖ «អាជ្ញាធរមានសមត្ថកិច្ចត្រូវតែយកចិត្តទុកដាក់ការពារ និងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងសកម្មភាពណាមួយដែលព្យាយាមធ្វើឱ្យសង្គមកម្ពុជាធ្លាក់ចូលក្នុងភាពចលាចល»។
ទោះជាយ៉ាងណាលោកបានកត់សម្គាល់ថាចលនាប្រឆាំងរដ្ឋាភិបាលណាមួយដែលកើតឡើងគឺអាច «កើតចេញពីភាពអសកម្ម ឬភាពទន់ខ្សោយរបស់យើង ចេញពីបញ្ហាតូចដែលក្លាយទៅជាបញ្ហាធំ»។
លោកបានអំពាវនាវឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតនៅមុនការបោះឆ្នោតដែលនឹងចូលមកដល់ក្នុងខែកក្កដាខាងមុខ។
លោកថ្លែងថា៖ «ដូច្នេះយើងត្រូវពិនិត្យមើលសូម្បីតែបញ្ហាតូចបំផុតប៉ុនចុងសក់ដល់ចុងជើង»។
លោក ខេង នៅតែអះអាងថាគណបក្សប្រជាជនកម្ពុជាបានគ្រប់គ្រងដោយជោគជ័យអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយពីព្រោះគណបក្សបានបម្រើឆន្ទៈរបស់ប្រជាពលរដ្ឋហើយមិនបានធ្វើឱ្យមានកំហុសធំដុំនោះទេ។
លោកថ្លែងថា៖ «មានកំហុសតិចតួចខ្លះៗ ប៉ុន្តែវាមិនធ្ងន់ធ្ងរ និងមិនបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិទេ»។ លោកក៏បានបន្តអំពាវនាវឱ្យមានកំណែទម្រង់នៅគ្រប់កម្រិតនៃរដ្ឋាភិបាលផងដែរ។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនស្តីបន្ទោសទេ ប៉ុន្តែយើងត្រូវសិក្សាអំពីអ្វីដែលយើងបានធ្វើដែលធ្វើមិនឱ្យពួកគាត់បោះឆ្នោតឱ្យយើង»។
នេះមិនមែនជាលើកទី ១ ទេដែលលោក ស ខេង បានអំពាវនាវឱ្យមន្ត្រីរដ្ឋាភិបាលពិនិត្យមើលកិច្ចការខាងក្នុងដើម្បីស្វែងរកមូលហេតុដែលបង្កឲ្យមានចលាចលនៅក្នុងប្រទេសកម្ពុជា។ កាលពីឆ្នាំ ២០១៦ លោកក៏បានព្រមានថា អសកម្មរបស់រដ្ឋាភិបាលអាចនាំឱ្យមានបដិវត្តន៍។ នៅពេលនោះការលើកឡើងរបស់គាត់គឺផ្ទុយស្រឡះពីវោហារស័ព្ទរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្តីបន្ទោសដល់អ្នកដែលមានចេតនាអាក្រក់ និងមហាអំណាចបរទេស។
លោក Paul Chambers សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Naresuan ថ្លែងថា ការអត្ថាធិប្បាយនេះគឺវាឆ្លុះបញ្ចាំងអំពីការយល់ឃើញផ្ទាល់ខ្លួនដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនអាចមើលរំលងបាន។
លោកថ្លែងថា៖ «ប្រសិនបើនេះវាជាទស្សនៈរបស់លោក ស ខេង នោះការលើកឡើងបែបនេះវាអាចឆ្លុះបញ្ចាំងអំពីទស្សនៈខុសគ្នារវាងរូបគាត់ និងលោក ហ៊ុន សែន»៕ NS