ភ្នំពេញ៖ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នាល្ងាច​ថ្ងៃ​នេះ​ បាន​ផ្ញើសារ​ក្រើន​រំឭក​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​កងកម្លាំង​អនុវត្ត​ច្បាប់ ដែល​កំពុង​បំពេញ​ការងារ​ក្នុង​ស្ថានភាព​នៃ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់ ដោយ​ត្រូវ​មាន​ការ​អត់ធ្មត់ និង​ប្រកាន់​ខ្ជាប់​នូវ​វិន័យ អាកប្បកិរិយា​ថ្លៃថ្នូរ និង​ត្រូវ​ចៀសវាង​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​ដោះស្រាយ​បញ្ហា។

តាមរយៈ​សារ​នេះ លោក ស ខេង បាន​ក្រើន​រំឭក​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ និង​កងកម្លាំង​អនុវត្ត​ច្បាប់​ទាំង​អស់ បន្ត​យក​ចិត្ត​ទុក​ដាក់​បំពេញ​ភារកិច្ច​ប្រកប​ដោយ​ការ​អត់ធ្មត់ ដោយ​ប្រកាន់​ខ្ជាប់​នូវ​វិន័យ អាកប្បកិរិយា​ថ្លៃថ្នូរ ម៉ឺងម៉ាត់ និង​ត្រូវ​គោរព​គោលកាណ៍​នៃ​ក្រម​សីលធម៌​វិជ្ជាជីវៈ របស់​កងកម្លាំង​ឲ្យ​បាន​ជា​ដាច់​ខាត ជា​ពិសេស​ត្រូវ​ចៀសវាង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ការ​ដោះស្រាយ​បញ្ហា នៅ​ពេល​អនុវត្ត​រាល់​បទបញ្ជា ឬ​វិធានការ នានា​របស់​រាជរដ្ឋាភិបាល។

លោក​បាន​ថ្លែង​ថា៖ «ក្នុង​នាម​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ យើង​ខ្ញុំ​យល់​ច្បាស់​អំពី​ការ​លំបាក ផល​ប៉ះពាល់ និង​បញ្ហា​ប្រឈម​ផ្សេងៗ ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច ព្រមទាំង​កងកម្លាំង​អនុវត្ត​ច្បាប់​ទាំង​អស់ កំពុង​ជួប​ប្រទះ​នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ។ ក៏​ប៉ុន្តែ​ទោះបី​យ៉ាង​ណា ខ្ញុំ​សូម​ជំរុញ​ទឹក​ចិត្ត​ឲ្យ​បងប្អូន​បន្ត​រក្សា និង​ប្រកាន់​ខ្ជាប់​នូវ​ការ​អត់ធ្មត់​ខ្ពស់ ដើម្បី​ទទួល​បាន​ការ​គាំទ្រ និង​ការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ការ​បំពេញ​បេសកកម្ម ដ៏​មាន​សារៈសំខាន់​លើ​សមរភូមិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ១៩ ឲ្យ​ទទួល​បាន​ជោគជ័យ»។

សមត្ថកិច្ចត្រួតពិនិត្យឯកសារឆ្លងកាត់ព្រុំប្រទល់ភ្នំពេញ-ក្រុងតាខ្មៅ​ តាមបណ្ដោយផ្លូវជាតិលេខ ២ កាលពីថ្ងៃទី ១៧ មេសា។ ហ៊ាន រង្សី

លោក​បន្ត​ថា៖ «ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ ក្រើន​រំឭក​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ និង​កងកម្លាំង​អនុវត្ត​ច្បាប់​ទាំង​អស់ សូម​បន្ត​យក​ចិត្ត​ទុក​ដាក់​បំពេញ​ភារកិច្ច​ប្រកប​ដោយ​ការ​អត់ធ្មត់ ដោយ​ប្រកាន់​ខ្ជាប់​នូវ​វិន័យ អាកប្បកិរិយា​ថ្លៃថ្នូរ ម៉ឺងម៉ាត់ និង​ត្រូវ​គោរព​គោលកាណ៍​នៃ​ក្រម​សីលធម៌​វិជ្ជាជីវៈ របស់​កងកម្លាំង​ឲ្យ​បាន​ជា​ដាច់​ខាត ជាពិសេស​ត្រូវ​ចៀស​វាង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ការ​ដោះស្រាយ​បញ្ហា នៅ​ពេល​អនុវត្ត​រាល់​បទបញ្ជា ឬ​វិធានការ នានា​របស់​រាជរដ្ឋាភិបាល»។

លោក ស ខេង ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ ចូលរួម​អនុវត្ត​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល ក៏​ដូចជា​សហការ​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច ដើម្បី​បុព្វហេតុ​រួម​នៃ​ការ​កាត់ផ្ដាច់ និង​ឈាន​ទៅ​បញ្ចប់​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​នៃ​ជំងឺ​កូវីដ ១៩ សំដៅ​នាំ​ស្ថានការណ៍ និង​គ្រប់​សកម្មភាព​របស់​សង្គម​វិល​មក​រក​ប្រក្រតី​ភាព​ឡើង​វិញ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕