ភ្នំពេញ៖ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​បាត់ដំបង បាន​ផ្ដល់​ថវិកា​ចំនួន ២០០ លាន​រៀល ទៅ​ដល់​រដ្ឋបាល​ខេត្ត​បាត់ដំបង ដើម្បី​ប្រើប្រាស់​សម្រាប់​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​កំពុង​ជួប​ការ​លំបាក​ដោយ​គ្រោះ​ធម្មជាតិ ដូច​ជា​ខ្យល់​កន្ត្រាក់ និង​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩។

យោង​តាម​លិខិត លោក ស ខេង ផ្ញើ​ទៅ​លោក ងួន រតនៈ អភិបាល​ខេត្ត​បាត់ដំបង​កាល​ពី​ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២១ ថា៖ «ខ្ញុំ​សូម​ឧបត្ថម្ភ​នូវ​ថវិកា​ចំនួន ២០០ លាន​រៀល ជួយ​សម្រាល​ការ​ខ្វះខាត​ជា​បណ្ដោះអាសន្ន​របស់​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវិដ ១៩»។

ជាមួយ​គ្នា​នេះ លោក​បាន​ប្រាប់​ឲ្យ​អភិបាល​ខេត្ត​បាត់ដំបង​ចាត់ចែង​ថវិកា​ទាំង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ចូលរួម​ចំណែក​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​ការ​លំបាក​នាពេល​បច្ចុប្បន្ន។

លោក ងួន រតនៈ នៅ​ព្រឹក​ថ្ងៃទី ២៥ ខែ​មេសា​នេះ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅ​ក្នុង​ជំហាន​បឋម​នេះ លោក​បាន​ចាត់ចែង​ប្រើប្រាស់​ថវិកា​នេះ​មួយ​ចំនួន​ឲ្យ​ក្រុម​ការងារ​ទិញ​ស័ង្កសី ១ ០០០ សន្លឹក និង​អង្ករ ២០ តោន រួម​ទាំង​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ទៀត សម្រាប់​ចែក​ជូន​ដល់​គ្រួសារ​ក្រីក្រ ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ ពិសេស​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ ចំនួន​ជាង ២០០ គ្រួសារ និង​គ្រួសារ​ក្រីក្រ​មួយ​ចំនួន​ទៀត ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ជីវភាព ដោយសារ​ករណី​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

លោក​បាន​បញ្ជាក់​ថា៖ «នៅ​ពេល​នេះ ខ្ញុំ​កំពុង​ដឹកនាំ​កម្លាំង​បញ្ជាការ​ឯកភាព និង​ក្រុម​ការងារ​មនុស្ស​ធម៌​សម្ដេច​ក្រឡា​ហោម​ចុះ​អន្តរាគមន៍​ចែក​ស្បៀង​អាហារ និង​សម្ភារ​មួយ​ចំនួន​សម្រាប់​ជួសជុល​ផ្ទះ​ដែល​រង​ការ​ខូចខាត​ដោយ​ខ្យល់​កន្ត្រាក់​ឡើង​វិញ​ដល់​គ្រួសារ​ទីទាល់ក្រ​ជាង ២០០ គ្រួសារ»។

បើ​តាម​លោក រតនៈ កាល​ពី​ចុង​ឆ្នាំ ២០២០ កន្លង​ទៅ​នេះ លោក ស ខេង បាន​ឧបត្ថម្ភ​ស្បៀង​អង្ករ​ជាង ៦០០ តោន ដល់​រដ្ឋបាល​ខេត្ត​បាត់ដំបង សម្រាប់​ចែក​ជូន​គ្រួសារ​ក្រីក្រ​រងគ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង និង​ខ្យល់​កន្ត្រាក់។ ស្បៀង អង្ករ​ទាំង​នោះ មាន​នៅ​សេសសល់​ខ្លះ ដែល​រហូត​មក​ទល់​ពេល​នេះ កំពុង​ត្រូវ​បាន​យក​មក​ប្រើប្រាស់​សម្រាប់​ចែក​ជូន​ដល់​គ្រួសារ​ទីទាល់ក្រ​មួយ​ចំនួន​ក្នុង​មូលដ្ឋាន ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ ព្រម​ទាំង​គ្រួសារ​ក្រីក្រ ដែល​រង​ប៉ះពាល់​ដោយសារ​ករណី​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា ចាប់​តាំង​ពី​មាន​ករណី​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា ខេត្ត​បាត់ដំបង​មាន​អ្នក​ឆ្លង​វិជ្ជមាន​ជំងឺ​នេះ ១៩ នាក់ ប៉ុន្តែ​ពួក​គេ​បាន​ជា​សះស្បើយ​អស់​ហើយ លើកលែង​តែ ២ នាក់ ដែល​ទើប​រក​ឃើញ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដែល​ជា​ករណី​ឆ្លង​ពី​ក្រៅ​ប្រទេស [ប្រទេស​ថៃ] និង​ពី​សហគមន៍ ២០ កុម្ភៈ ក្នុង​រាជធានី​ភ្នំពេញ៕