កណ្តាល៖ ឧបនាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ដល់​ក្រុម​ការងារ​ប្រតិបត្តិការ​បោស​សម្អាត​គ្រាប់​យុទ្ធភណ្ឌ​ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ​នៅ​ខេត្ត​កណ្តាល ដោយ​ក្នុង​ម្នាក់​ទទួល​បាន​ថវិកា ១ លាន​រៀល ពី​លើ​ប្រាក់​ខែ​របស់​ពួក​គេ​ជា​រៀងរាល់​ខែ ចាប់​ពី​ខែ​ឧសភា​នេះ ដល់​ខែ​ធ្នូ ឆ្នាំ ២០២១។

ការ​ប្រកាស​ផ្តល់​ប្រាក់​លើក​ទឹក​ចិត្ត​នេះ ធ្វើ​ឡើង​តាមរយៈ​លោក ជា សុគន្ធា នាយក​រង​ខុទ្ទកាល័យ​លោក ស ខេង និង​សហការី ដែល​នៅ​ថ្ងៃទី ១៤ ខែឧ​សភា​នេះ បាន​ចុះ​សួរ​សុខ​ទុក្ខ និង​សំណេះ​សំណាល​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​ការងារ​ប្រតិបត្តិការ​បោស​សម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុង​នាវា​ចម្បាំង​ដែល​លិច​ក្នុង​ទន្លេ​នៅ​ការដ្ឋាន​ទី២ ស្ថិត​នៅ​ឃុំបឹងគ្រំ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។

លោក ជា សុគន្ធា បាន​ថ្លែង​ថា៖ «ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ការងារ​ប្រតិបត្តិការ​សម្ដេច​ក្រឡាហោម ស ខេង បាន​សម្រេច​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ជូន​ក្រុម​ការងារ​ប្រតិបត្តិការ​ជាក់​ស្ដែង​ក្នុង​ម្នាក់​ទទួល​បាន​ថវិកា ១ លាន​រៀល​ជា​រៀង​រាល់​ខែ ចាប់​ពី​ខែ​ឧសភា​នេះ រហូត​ដល់​ខែ​ធ្នូ ឆ្នាំ ២០២១»។

លោក ម៉ី សុភា មេ​បញ្ជាការ​នៃ​ទី​បញ្ជាការដ្ឋាន​កង​បោស​សម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្រោម​ទឹក បាន​ថ្លែង​អំណរគុណ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ស ខេង ដែល​បាន​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​​ខ្ពស់​មក​លើ​ក្រុម​ការងារ​ប្រតិបត្តិការ។

លោក​ថា៖ «ក្នុង​នាម​ក្រុម​ការងារ​ប្រតិបត្តិការ​សូម​ថ្លែង​អំណរគុណ​ជា​ថ្មី​ម្ដង​ទៀត គោរព​ជូន​សម្ដេច​ក្រឡា​ហោម ស ខេង ដែល​បាន​ចាត់​តំណាង​មក​សួរ​សុខ​ទុក្ខ និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ក្រុម​ការងារ ជាពិសេស​បាន​បន្ថែម​ប្រាក់​ឧបត្ថម្ភ​ដែល​ជា​ការ​លើក​ទឹក​ចិត្ត​ខ្ពស់​មួយ​ទៀត ដល់​ក្រុម​ការងារ​ដែល​កំពុង​បំពេញ​បេសកកម្ម​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ»។

គួរ​រំឭក​ផង​ដែរ​ថា ថ្មីៗ​នេះ​ក្រុម​ការងារ​ប្រតិបត្តិការ​បាន​បោស​សម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុង​នាវា​ចម្បាំង​លិច​ក្នុង​ទន្លេ ស្ថិត​នៅ​ភូមិវាល ឃុំ​មានជ័យ ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ប្រកប​ដោយ​ជោគជ័យ។

ក្នុង​ប្រតិបត្តិការ​នោះ ស្រង់​គ្រាប់​យុទ្ធភណ្ឌ​បាន​ជាង ១៦ តោន រួម​ទាំង​សម្ភារ​សឹក បំណែក​ឆ្អឹង​សព និង​ស្រង់​នាវា​ឡើង​មក​លើ​គោក​ជា​ស្ថាពរ​ក្នុង​កិច្ច​ប្រតិបត្តិការ​រយៈពេល ៦ ខែ។

ក្នុង​ប្រតិបត្តិការ​រុករក​នាពេល​នោះ លោក ស ខេង ធ្លាប់​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ក្នុង​ម្នាក់ ១ លាន​រៀល ដល់​ក្រុម​ការងារ​ប្រតិបត្តិការ​នេះ​ផង​ដែរ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត។

ផ្អែក​តាម​របាយការណ៍​បឋម​ពី​ក្រុម​ការងារ​បោស​សម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ឱ្យ​ដឹង​ថា សម្រាប់​ការដ្ឋាន​ទី២ នៅ​ឃុំបឹងគ្រំ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល​នាពេល​នេះ ក្រុម​ការងារ​បាន​ស្រាវជ្រាវ​រក​ឃើញ​នាវា​ចម្បាំង​ដែល​បាន​លិច​កាល​ពី​សម័យ​សង្គ្រាម​នោះ គឺ​ជា​ប្រភេទ​នាវា​សឹក​របស់​កងទ័ព លន់ នល់ ដែល​មាន​ចំណុះ​ប្រមាណ ៨០០ តោន ហើយ​ដែល​អ្នក​ស្រុក​ហៅ​ថា ប្លង់តុង៕