
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងនាពេលកន្លងមក។ រូបថត ហ៊ាន រង្សី
កំពង់ធំៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ចេញលិខិតព្រមានជាលើកទី ១ ទៅដល់ស្នងការ ស្នងការរង និងមន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំចំនួន ៥ រូប បន្ទាប់ពីបានប្រព្រឹត្តកំហុសដោយខ្វះការដឹកនាំ និងការធ្វេសប្រហែសអនុវត្តភារកិច្ចរបស់ខ្លួន ហើយក្នុងករណីនៅតែប្រព្រឹត្តផ្ទុយនឹងការណែនាំទៀតនោះនឹងទទួលទណ្ឌកម្មធ្ងន់ជាងនេះ។
លិខិតចំនួន ៥ ច្បាប់ផ្សេងគ្នាចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះថ្ងៃទី ២៦ មីនាដែលទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈពីម្សិលមិញឲ្យដឹងថា ក្រសួងមហាផ្ទៃបានសម្រេចអនុវត្តវិន័យក្រោមរូបភាព ព្រមានលើកទី ១ ចំពោះលោក អ៊ុក កុសល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដោយមូលហេតុខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ។
លិខិតទាំងនោះបន្តទៀតថា ចំពោះលោក វ៉ា ចាន់កុសល ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច លោក អ៊ឹម សុគឿន ស្នងការរងទទួលផែនការងារធនធានមនុស្ស លោក ទិត សំណាង ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពងធំ និងលោក រុំ សុវិជ្ជា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំក៏ទទួលនូវការព្រមានជាលើកទី ១ នេះដូចគ្នាក្រោមហេតុផលដោយការធ្វេសប្រហែសអនុវត្តភារកិច្ចរបស់ខ្លួន។
លិខិតបញ្ជាក់ថា៖ «សាមីខ្លួនដែលមានឈ្មោះក្នុងប្រការ ១ ត្រូវកែប្រែនូវកំហុសឆ្គងឲ្យបានត្រឹមត្រូវ។ ក្នុងករណីនៅតែប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះនឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ។ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ ១ ត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ»។
លោក ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា លិខិតនេះពិតជាចេញដោយនាយកដ្ឋានបុគ្គលិក ក្រោយមានបទបញ្ជាពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិតប្រាកដមែន។ លោកថា៖ «លិខិតនេះគឺព្រមានចំពោះបុគ្គលចំនួន ៥ រូបខាងលើមានតែ ៥ នាក់ហ្នឹងទេបាទ។ ខ្ញុំមិនអាចនិយាយបានច្រើនជាងនេះទេ បើទោះលិខិតនេះ ខ្ញុំអ្នកធ្វើក៏ដោយ សូមទាក់ទងទៅអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ព្រោះជាសមត្ថកិច្ចរបស់គាត់»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ពីម្សិលមិញថា មន្ត្រីទាំង ៥ រូបនេះពិតជាមានកំហុសត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្វើការព្រមានយ៉ាងដូច្នេះ។ លោកបន្តថា ការព្រមានជាលើកទី ១ នេះគឺគ្រាន់តែជាការព្រមានឲ្យដឹងខ្លួន និងត្រូវកែខ្លួនឲ្យល្អឡើងវិញចៀសវាងប្រព្រឹត្តកំហុសដដែល ឬផ្សេងបន្ថែមទៀត ដែលឈានទៅដល់ការដាក់ទណ្ឌកម្មផ្នែកវិន័យណាមួយក្នុងច្បាប់។ បើកំហុសឈានដល់ធ្ងន់ធ្ងរដែលមិនអាចលើកលែងបានគឺអាចឈានដល់ការដកតំណែងតែម្តង។
លោកបញ្ជាក់ថា៖ «មន្ត្រីនគរបាលជាតិ បើអត់មានកំហុស គេអត់ព្រមានទេ ខ្ញុំនិយាយឲ្យខ្លី។ ប៉ុន្តែខុសអីខ្លះគឺស្ថិតលើអ្នកស៊ើបអង្កេត ព្រោះគេធ្វើការស៊ើបអង្កេតរបស់គេ រកមន្ត្រីមានកំហុសពីបទបញ្ជារបស់នគរបាលជាតិហើយ បានគេដាក់ពិន័យ»។
មន្ត្រីនគរបាលទាំង ៥ រូបដែលទទួលរងការព្រមាននេះម្សិលមិញមិនអាចទាក់ទងសុំការបំភ្លឺបានទេ ឯខ្លះទៀតមិនអាចស្វែងរកប្រភពទាក់ទងបាន។
លោក សុខ លូ អភិបាលខេត្តកំពង់ធំប្រាប់ម្សិលមិញថា ករណីឈានដល់ការព្រមាននេះគឺមិនមែនកំហុសអ្វីធំដុំនោះទេ ដោយសារពួកគាត់អនុវត្តការងារមិនបានល្អ។ លោកបញ្ជាក់ថា៖ «ខ្ញុំត្រេកអរដែលមានលោក [ស ខេង] បានដាស់តឿនមន្ត្រីឲ្យធ្វើការហ្នឹងណា ហើយការដាស់តឿនមន្ត្រីនេះមិនមែនសម្រាប់តែខេត្តកំពង់ធំនោះទេ គឺសម្រាប់មន្ត្រីទូទាំងប្រទេសឲ្យមានការធ្វើការមានឯកភាពផ្ទៃក្នុងពង្រឹងវិន័យការងារ និងការគ្រប់គ្រងការងារហ្នឹងណា»៕