ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​រិះគន់​ច្បាប់​ព្រៃឈើ និង​ស្តីបន្ទោស​មន្ត្រី​ចំពោះ​ការ​បណ្តោយ​​ឲ្យ​មាន​បទល្មើស​ព្រៃឈើ និង​ការប្រើ​លេស​សម្អាត​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ទៅ​បំផ្លាញ​ព្រៃឈើ​ខណៈ​សកម្មជន​ការពារ​បរិស្ថាន​ថា វិធានការ​មាន​ភាព​យឺតយ៉ាវ​ និង​គ្មាន​ប្រសិទ្ធភាព​។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​លើក​ឡើង​បែប​នេះ​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​សកម្មភាព​ការងារ និង​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ និង​ទិសដៅ​ភារកិច្ច​អនុវត្ត​បន្ត​កាលពី​ថ្ងៃទី​ ២៣ ខែ​កញ្ញា​ឆ្នាំ​នេះ​នៅ​ខេត្ត​បាត់ដំបង​។

លោក​បាន​ថ្លែង​ថា​បទល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើត​មាននៅ​ខេត្ត​មណ្ឌលគិរី ហើយ​លោក​បាន​ស្តីបន្ទោស​លោក ស្វាយ ​សំអ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​ថា ប្រសិន​បើ​នៅ​តែ​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ ប្រាកដ​ជា​មាន​បញ្ហា​។

លោក ស ខេង បាន​បញ្ជាក់​ថា​៖ «​ទាក់ទង​នឹង​ការ​គេ​ថត​ពី​ផ្កាយរណប​ហើយ​មិន​អាច​លាក់​អី​ជិត​ទេ​។ ​គេ​ Live ​ឲ្យ​យើង​មើល​តែ​ម្តង អា​ដឹកឈើ​ពី​ណា​ចេញ​ទៅ​ណា​គេ​ live ​ឲ្យ​យើង​មើល​តែ​ម្តង ហើយ​តាម​ដឹង​ដូចជា​នៅ​ខេត្ត​មណ្ឌលគិរី​។ ​ឥឡូវ​សុំ​ផ្តាំ​ទៅ​អភិបាល​ខេត្ត​មណ្ឌលគិរី​សូម​ឲ្យ​ពិនិត្យ​មើល ហើយ​បើ​មិន​មើល​ទេ​ចៅហ្វាយ​ខេត្ត​ក៏​មាន​រឿង​ដែរ ហើយ​មិន​ត្រឹមតែ​មើល​ទេ​ត្រូវ​ដោះស្រាយ​»​។

យ៉ាង​ណា​ក្ដី​លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​រិះគន់​ចំពោះ​ច្បាប់​ព្រៃឈើ​ផង​ដែរ ដោយ​លោក​ថា​ច្បាប់​នេះ​មិន​បាន​ផ្តល់​អំណាច​ដល់​រដ្ឋបាល​ដែនដី​ដែល​មាន​កម្លាំង​គ្រប់​គ្រាន់តែ​បែរ​ជា​ទៅ​ប្រគល់​អំណាច​ទាំង​ស្រុង​ឲ្យ​រដ្ឋបាល​ព្រៃឈើ ដោយ​លោក​បាន​ព្រលយ​ពាក្យ​ពី​ការកែ​ច្បាប់​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​។

លោក​ថា​៖ «​ខ្ញុំ​ថា អា​ច្បាប់​ព្រៃឈើ​ហ្នឹង​ហើយ​បើ​ធ្វើ​ (​តាម​ច្បាប់​ព្រៃឈើ​) ​អ៊ីចឹង​វា​អន្តរាយ​ហើយ​ដោយ​អត់​ឲ្យ​អំណាច​ទៅ​ឲ្យ​រដ្ឋបាល​ដែនដី​ដែល​គេ​មាន​កម្លាំង​គ្រប់គ្រាន់​។ ​គណៈបញ្ជាការ​ឯកភាព​គេ​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​នឹង​ដោះស្រាយ​ហើយ​គាត់​យក​អំណាច​ផ្តាច់​ទៅ​ឲ្យ​រដ្ឋបាល​ព្រៃឈើ ហើយ​គាត់​អត់​មាន​អំណាច​ហើយ​គាត់​មិន​អាច​ធ្វើ​អ្វី​កើត​ទេ​...​ដូច្នេះ​ខេត្ត​ក៏​លូក​មិន​បាន​ហើយ​គាត់​ក៏​ផុតដៃ​ផុតជើង​ទីបំផុត​ទៅ​វា​ជា​បញ្ហា​អ៊ីចឹង​ហើយ​ឥឡូវនេះ​យើង​នាំ​គាត់​កែ​គាត់​មិន​ព្រម​កែ​ទៀត​។ ត្រូវតែ​កែ​ទាល់​តែ​បាន​។ ​ខ្ញុំ​ឲ្យ​ឯកឧត្តម សក់ សេដ្ឋា ដឹកនាំ​សម្របសម្រួល​ដើម្បី​កែ​ហ្នឹង​ក្នុង​ក្របខ័ណ្ឌ​គណៈកម្មាធិការ​ជាតិ​កំណែ​ទម្រង់​វិមជ្ឈការ​វិសហមជ្ឈការ​កែ​ច្បាប់​ហ្នឹង ហើយ​កែ​ច្បាប់​ហ្នឹង​មិន​ទាន់​ចេញ​។ ខ្ញុំ​ថា បើ​ចាំ​អង្វរ​ថ្វាយបង្គំ​គាត់​ឲ្យ​ព្រម​វា​មិន​ងាយ​ទេ​។ ពេលខ្លះ​មាន​តែ​កាន់​ព្រនង់​ទៅ​តែ​ម្តង​ពីព្រោះ​អាហ្នឹង​ផលប្រយោជន៍​ជាតិ​...»​។

ក្រៅពី​នេះ​លោក ស ខេង ក៏​បាន​រិះគន់​មន្ត្រី​ជាន់ខ្ពស់​ចំពោះ​​ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បន្ត​សម្អាត​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​ដោយ​​លោក​ថា គ្រាន់​តែ​ជា​លេស​ដើម្បី​កាប់​ឈើ​។

លោក​បាន​បញ្ជាក់​ថា​៖ «​យក​​លេស​អា​សម្អាត​បាត​អាង វា​មិនមែន​សម្អាត​បាត​អាង វា​ទៅ​កាប់​អា​ឈើ​ពី​ណា​មក​ហើយ​ថា​សម្អាត​បាត​អាង​។ ទៅ​កាប់​​អា​ឈើ​នៅ​ឈរ​លើ​គោក​មិនមែន​ឈើ​ក្នុង​ទឹក​ទេ​ហើយ​ថា​អាហ្នឹង​សម្អាត​បាត​អាង​។ អ៊ីចឹង​​អាសម្អាត​បាត​អាង​គឺ​មិន​ចេះ​ចប់​​ខណៈ​វារីអគ្គិសនី​គេ​ (​ធ្វើ​) ​ហើយ ...​លេង​អ៊ីចឹងៗ​អី​ធ្វើ​ម៉េច​?»​។

កាលពី​សប្តាហ៍​មុន​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​បញ្ជា​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចុះ​ពិនិត្យ​មើល​ករណី​ដឹកឈើ​ក្នុង​តំបន់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ខណៈ​មាន​​សកម្មភាព​ដឹកជញ្ជូន​ឈើ​មិន​ចេះ​ឈប់ឈរ​។

លោក វេង សាខុន បាន​ថ្លែង​ថា​៖ «​ចុះ​ទៅ​ពិនិត្យ​មើល​មើល៍ អា​ដឹក​ស្តុក​ដឹក​អត់​ចេះ​អស់​ហ្មង​នៅ​សេសាន​ ២ មិន​ដឹង​ថ្ងៃ​ណា​អស់​ស្តុក ដឹក​រហូត គេ​ជេរ​យើង​រហូត​» ។

កាលពី​ចុង​ខែ​សីហា​ឆ្នាំ​នេះ​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជា​​ឲ្យ​ខេត្ត​រតនគិរី ខេត្តមណ្ឌលគិរី​ និង​ស្ទឹងត្រែង​ចាត់​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យ​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព បន្ទាប់ពី​ទទួល​បាន​លិខិត​ពី​ប្រតិភូ​សហភាព​អឺរ៉ុប​ស្ដីពី​របាយការណ៍​ «​បទល្មើស​ជា​ប្រព័ន្ធ​៖ ​ប្រទេស​វៀតណាម​បាន​បន្ត​នាំ​ចូល​ឈើហុប​ខុស​ច្បាប់​ពី​កម្ពុជា​» ​ដែល​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ៣១ ខែ​ឧសភា​ឆ្នាំ​នេះ​។

ក្រុមហ៊ុន Ang & Associates Lawyer Co., Ltd បាន​ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំងពី​ឆ្នាំ​ ២០១២ ដែល​មាន​ផ្ទៃដី​ ៣៦០០០ ​ហិកតា​ក្នុង​ស្រុក​សេសាន​ក្នុង​ខេត្ត​ស្ទឹងត្រែង ប៉ុន្តែ​កាលពី​ចុង​ខែ​កុម្ភៈ​ឆ្នាំ​នេះ រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​បណ្ដោះអាសន្ន​រហូត​បោះឆ្នោត​ជា​សកល​រួច​។

លោក អ៊ូច ឡេង សកម្មជន​ការពារ​បរិស្ថាន​បាន​អះអាង​ថា​មន្ត្រី​មួយ​ចំនួន​បាន​ទទួល​ប្រយោជន៍​ពី​អ្នក​រកស៊ី​ឈើ​ធំៗ​ដោយ​បាន​បើក​ភ្លើង​ខៀវ​ឱ្យ​មាន​​បទល្មើស ខណៈ​អ្នក​រកស៊ី​ឈើ​ភាគច្រើន​គឺជា​អ្នក​មាន​អំណាច​ និង​មាន​លុយ​ ឬ​មាន​អ្នកធំ​នៅ​​ពី​ក្រោយ​ធ្វើឲ្យ​ការបង្ក្រាប​ពុំ​មាន​ប្រសិទ្ធភាព​។

លោក​ថា​៖ «​ថ្នាក់ដឹកនាំ​ដឹង​រឿង​​ថា តើ​នរណា​ជា​អ្នក​រកស៊ី​ឈើ​...​ដើម្បី​រកស៊ី​ឈើ​បាន​ត្រូវ​មាន​ការអនុញ្ញាត​...​ផ្ទុយ​ទៅ​វិញ​គាត់​​ធ្វើជា​មិន​ដឹង​ដើម្បី​ទារ​ប្រយោជន៍​ពី​អ្នក​រកស៊ី​ឈើ​ទាំង​នោះ​»​។

លោក​ថា​៖ «​វា​មិន​ឃើញ​មាន​អ្វី​ជា​ដុំកំភួន​ទាល់តែ​សោះ ផ្ទុយ​ទៅ​វិញ​ការកាប់​បំផ្លាញ​ព្រៃឈើ​...​បាន​កើត​មាន​ឡើងកាន់​តែ​ខ្លាំង​ឡើងៗ ហើយ​រឿង​នេះ​​គឺ​ធ្វើ​ឲ្យ​យើង​កាន់​តែ​បារម្ភ​»៕