ព្រះវិហារៈ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បានសម្រេច​ជាគោល​ការ​ណ៍ស្នើ​សុំ​បង្កើត​ភូមិថ្មី​នៅ​កន្លែង​មាន​ជម្លោះដី ​ខណៈ​លោក​ដឹក​នាំ​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​កាលពីម្សិល​មិញ​ ស្ដីពី​លទ្ធផល​ចុះ​​ស្រាវ​ជ្រាវ​ករណី​ទន្ទ្រាន​យក​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិនៅ​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព ក្នុ​ងភូមិ​អន្ទិល​ ឃុំ​យាង​ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះវិហារ។

លោក ​ខៀវ ​សុ​ភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ថ្លែង​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាល​ពី​​ម្សិល​មិញ​ថា ​អង្គ​ប្រជុំ​​នៅ​ក្រសួង​មហា​ផ្ទៃដឹក​នាំ​ដោយ​លោក ​ស ខេង បានសម្រេច​ឯក​ភាព​​ស្នើ​សុំ​សេចក្តី​សម្រេច​ទៅ​រាជ​រដ្ឋាភិ​បាល​ដើម្បី​ធ្វើ​អត្ត​សញ្ញាណ​កម្ម​ពល​រដ្ឋ​ ធ្វើ​ផ្លូវ​ និង​បង្កើត​ជា​ភូមិ​នៅ​កន្លែង​មាន​ជម្លោះ។

លោក​ថ្លែង​ថា៖ «អ្វី​ដែល​បាន​ធ្វើ​កន្លង​មក​ហើយ​ គឺ​សម្ដេច​លោក​ ឯកភាព​តាម​គោល​ការណ៍​ តាម​ការ​ណែ​នាំ​របស់​រាជរដ្ឋា​ភិ​បាល​ក្តីពី​ក្រសួង​ក្ដី ឬ​អាជ្ញាធរ​ក្រោម​ឱវាទ​ក្ដី។ ដោយ​ឡែក​ចំពោះ​ជន​ល្មើស​ដែល​តុលា​ការ​បាន​ឃុំ​ខ្លួនត្រូវ​បន្ត​តាម​នីតិ​វិធី​របស់​តុលា​ការ​បន្ត​ទៅ​ទៀត។ មាន​ប៉ុន្មាន​ឲ្យ​តុលា​ការ​លោក​បន្ត​នីតិវិធី​ទៅ»។

លោក​បន្ត​ថា៖ «ដោយ​ឡែក​ចំពោះ​ដី​ដែល​ប្រជា​ជន​លោក​បាន​កាន់​កាប់​ហើយ ទាំង​ប៉ុន្មាន​នេះ​ដែល​មាន​ឈ្មោះ​ក្នុង​ការ​កាន់​កាប់​ដោយ​ស្រប​ច្បាប់​នឹង​សុំ​គោល​ការណ៍​ទៅ​រាជ​រដ្ឋាភិបាល​ដើម្បី​ឆ្វៀល​ដី​ជូន​គាត់ ​ហើយ​យើង​ត្រូវធ្វើ​អត្ត​សញ្ញា​ណ​កម្ម​ពលរដ្ឋ​ទាំង​នោះ​ឲ្យ​បាន​គ្រប់​គ្រាន់​ត្រឹម​ត្រូវ​ច្បាស់​លាស់​ដោយ​មាន​ការ​ចូលរួម​ពី​សមត្ថ​កិច្ច​បញ្ជាក់​ឲ្យ​ច្បាស់​ថា ប្រជា​ពលរដ្ឋ​ហ្នឹង​ជា​អ្នក​អត់​ដី​មែន​ឬ​អត់? ហើយ​សួរ​តាម​បណ្ដា​ខេត្ត​ផ្សេង​ទៀត​ទៅ​លើ​ឈ្មោះ​ទាំង​នោះ»។

លោក​បាន​បញ្ជាក់​ថា អាជ្ញាធរ​​នឹង​ចេញ​ប័ណ្ណ​ឲ្យ​​គ្រួសារ​ដែល​មាន​សិទ្ធិ​ទទួល​បាន​ដី និង​ចុះ​ក្នុង​​បញ្ជី​ទទួល​ស្គាល់​ ហើយ​ពួក​គេ​មិន​អាច​មាន​ឈ្មោះ​នៅ​កន្លែង​ផ្សេង​​ទៀត​ទេ។ ដោយ​ឡែក​អ្នក​ដែល​ជាប់​បណ្ដឹង​នៅ​តុលា​ការ​ចំនួន​ ១៤ ​នាក់​គឺ​ជា​អ្នក​បាន​ទន្ទ្រាន​ដែល​នាំ​អាទិ៍​ដោយ​អ្នក​ស្រី ​សុខរ័ត្ន​ សុវណ្ណ​បញ្ចសីលា ​អតីត​​​ប្រធាន​​​គណ​​បក្ស​សាធា​រណរដ្ឋ​ប្រជាធិបតេយ្យ។

លោក​ថ្លែង​ថា ដី​ដែល​មាន​វិវាទ​គឺ​ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​អភិរក្ស​សត្វ​ព្រៃ​គូលែនព្រហ្មទេព និង​ផ្នែក​ខ្លះ​ស្ថិត​ក្រោម​ដី​សម្បទាន​សេដ្ឋ​កិច្ច​របស់​ក្រុម​ហ៊ុន អាន​ ម៉ារឌី។​ បើ​ស្រាវជ្រាវ​រក​ឃើញ​ថា​ពលរដ្ឋ​ដែល​នៅ​តំបន់​នោះ​មក​ពី​ខេត្ត​ផ្សេង នោះ​ពួក​គេ​នឹង​មិន​ទទួល​បាន​ដី​ទេ ប្រ​សិន​បើ​អាជ្ញាធរ​ស្រាវជ្រាវ​ទៅ​រក​ឃើញ​ថា ពួក​គេ​មាន​ដី​នៅ​ខេត្ត​ផ្សេង​ទៀត​ហើយនោះ។ លោក​ស្នើ​ឲ្យ​ពលរដ្ឋ​​បញ្ឈប់​នូវ​ទង្វើ​មួយ​ដែល​លោក​ហៅ​ថា​ «ចាញ់​បាន​លុយ ឈ្នះ​បាន​ដី»។

លោក​ ជា គឹម​សេង​ អភិបាល​ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះ​វិហារ​ បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​រស់​នៅ​នឹង​កន្លែង​ជាក់​ស្ដែង​ គឺ​មាន​តែ​ជាង​ ១០០ ​គ្រួសារ​ ប៉ុណ្ណោះ ប៉ុន្តែនៅ​ពេល​អាជ្ញាធរ​ចុះ​ធ្វើ​អត្ត​សញ្ញាណ​កម្ម​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ឃើញ​រហូត​ដល់​ជាង​ ៥០០ ​គ្រួសារ​ដែល​មក​ពី​ខេត្ត​ផ្សេងៗ។

លោក​បាន​បញ្ជាក់​ថា៖ «គាត់​មិនមែន​រស់​នៅ​ទីនោះ គាត់​ចេះ​តែមក​ពី ២៤ ​ខេត្ត​ក្រុង​ ហើយ​ចេះ​តែថា​ដី​គាត់។​ យើង​បាន​ធ្វើ​របាយការណ៍​ទៅ​លើ​រួច​ហើយ អាស្រ័យ​លើ​ថ្នាក់​ដឹក​នាំ​ខេត្ត និង​ក្រសួង​មហា​ផ្ទៃ​លោក​ដោះ​ស្រាយ​យ៉ាង​ម៉េច។ រឿងនេះវា​ហួស​ពី​សមត្ថភាព​របស់​ស្រុក»។

កាល​ពី​ថ្ងៃខែ​មករា​ មាន​មនុស្ស​​ ១៤ ​នាក់ ​ត្រូវ​បាន​អាជ្ញាធរចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​ទ​ន្ទ្រាន​រាន​ដី​ព្រៃ​​របស់​រដ្ឋ​ និង​ដី​របស់​ក្រុម​ហ៊ុន​មេត្រី​ភាព។ ប៉ុន្តែនៅ​ក្នុង​មេសា ស្រី្តម្នាក់​ឈ្មោះ​ សុខរ័ត្ន សុវណ្ណ​បញ្ច​សីលា ប្រធាន​គណ​បក្ស​សាធា​រណរដ្ឋ​ប្រជាធិបតេយ្យក៏ត្រូវ​បាន​​អាជ្ញាធរ​​ខេត្ត​ព្រះវិហារ​​ចាប់​ខ្លួន​ផងដែ​រ ពាក់ព័ន្ធ​នឹងករណី​ដឹកនាំ​​ពល​រដ្ឋ​​ទៅ​រំដោះ​​មនុស្ស​ទាំង​ ១៤​ នាក់ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ។ ប៉ុន្តែ​កាល​ពី​ចុង​ខែ​មេសា ​មន្ត្រី​តុលា​ការ​ថ្លែង​ប្រាប់​ថា អ្នក​ទាំង ១៤​ នឹង​ត្រូវ​បាន​ដោះលែង​​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។

ប៉ុន្តែ លោក ​ឡោ ចាន់​ អ្នក​សម្របសម្រួល​អង្គការ​អាដ​ហុក​បាន​ឲ្យដឹងកាល​ពី​ម្សិល​មិញ​ថា ​ក្នុង​ចំណោម​មនុស្ស ​១៤​ នាក់នោះ គឺ​មាន​តែ​ ៤ នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្នកាលពី​ពេល​ថ្មីៗ​កន្លង​មក​នេះ៕