បាត់ដំបងៈ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​សូម​ឱ្យ​មន្ត្រី​បញ្ឈប់​ការស្នើសុំ​អន្តរាគមន៍​ ដើម្បី​ឱ្យ​កូន​របស់​ខ្លួន​បាន​ធ្វើ​ជា​ប៉ូលិស ដែល​ផ្ទុយ​ពី​គោលនយោបាយ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល ដែល​តម្រូវ​ឱ្យ​មាន​ការប្រឡង​ជាប់​ ឬ​ធ្លាក់​អាស្រ័យ​លើ​សមត្ថភាព​របស់​បុគ្គល​ម្នាក់ៗ​។

លោក ស ខេង បាន​ថ្លែង​បែបនេះ​ពេលធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ថ្នាក់​បរិញ្ញាបត្ររង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៃ​សាកល​វិទ្យាល័យ​ជាតិ​បាត់ដំបង​ក្នុង​ខេត្ដ​បាត់ដំបង​កាលពី​ម្សិលមិញ​។

លោក​ថ្លែង​ថា បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​បាន​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ ហើយ​ប្រជាពលរដ្ឋ​បើ​ចង់​ធ្វើ​ប៉ូលិស​គឺ​ត្រូវ​មាន​ការប្រឡង​ឱ្យបាន​ត្រឹមត្រូវ​។ កន្លងមក​មាន​បុគ្គល​មួយចំនួន​បាន​មក​ស្នើសុំ​អន្តរាគមន៍ ប៉ុន្ដែ​ក្នុង​នាម​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​មាន​សិទ្ធិ​ត្រឹម​អនុញ្ញាត​ឱ្យ​ដាក់ពាក្យ​ប្រឡង​ប៉ុណ្ណោះ គឺ​គ្មាន​សិទ្ធិ​ឱ្យ​ប្រឡង​ជាប់​ជា​ប៉ូលិស​ឡើយ​។

លោក​ឧបនាយករដ្ឋមន្ដ្រី​ថ្លែង​ថា​៖ «​ឥឡូវ​សម័យ​កំណែទម្រង់​រួច​ចេះតែ​នាំ​គ្នា​អន្តរាគមន៍​ដែល​វា​ខុសពី​នយោបាយ​កំណែទម្រង់​។ ខ្ញុំ​ធ្វើ​មិន​កើត​ទេ នេះ​គឺជា​ការពិត​។ អ្នកខ្លះ មិន​ដែល​ធ្លាប់​រៀន​ប៉ូលិស​ទេ ប៉ុន្ដែ​មក​ដល់​សុំ​ធ្វើ​ប៉ូលិស ហើយ​ធំ​ទៀត (​តំណែង​)»​។

លោក ស ខេង បាន​រំឭក​កាលពី​ឆ្នាំ​ ១៩៧៩ ថា ការចូល​ធ្វើ​ជា​ប៉ូលិស​កាល​នោះ​គឺ​មិនចាំបាច់​ទៅ​ប្រឡង​ទេ គឺ​ក្រសួង​ប្រមូល​មក​ធ្វើ​តែម្ដង​។ បើ​អ្នកណា​បាន​រៀន​ ឬ​រៀន​បាន​ថ្នាក់​ទី​ ៣ ​គឺ​ក្រសួង​ត្រេកអរ ព្រោះ​កាលនោះ​មិន​មាន​ធនធាន​មនុស្ស ពីព្រោះ​ធនធាន​មនុស្ស​ត្រូវ​របប​ប្រល័យ​ពូជសាសន៍​សម្លាប់​ចោល​អស់​ហើយ ពិសេស​អ្នក​ដែល​ចេះដឹង​។ លោក​ឧបនាយក​រដ្ឋមន្ដ្រី​បាន​ណែនាំ​ដល់​យុវជន សិស្ស និស្សិត ត្រូវ​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ ហើយ​ឪពុកម្ដាយ​ត្រូវ​ណែនាំ​ឱ្យ​កូន​ទៅ​រៀន ព្រោះ​ចំណេះដឹង​គឺជា​ទ្រព្យសម្បត្ដិ​ដែល​មិនចេះ​រីងស្ងួត​ឡើយ​។

លោក​ថ្លែង​ថា ដំណាក់កាល​កំណែទម្រង់​វិស័យ​អប់រំ​នាពេល​បច្ចុប្បន្ន​គឺ​មាន​ធនធាន​មនុស្ស​ច្រើន​មាន​អ្នកមាន​សមត្ថភាព​ក៏​ច្រើន ដូច្នេះ​បើ​ចង់​ចូល​ក្របខ័ណ្ឌ​រដ្ឋ​ ឬ​ធ្វើជា​ប៉ូលិស គឺ​ត្រូវ​ប្រឡង​ដោយ​សមត្ថភាព​។

លោក ស ខេង បាន​បញ្ជាក់ថា​៖ «​បើ​មិន​អ៊ីចឹង​ទេ ខ្ញុំ​ទៅធ្វើ​កំណែទម្រង់​យ៉ាងម៉េច ខ្ញុំ​ទទួល​ខុសត្រូវ​ដដែល​។ កំណែទម្រង់​ប៉ូលិស​ទៅ​ប៉ូលិស​ធ្វើ​ការងារ​មិនកើត គេ​មិន​បន្ទោស​ខ្ញុំ​ដដែល​។ អ្នកណា​បន្ទោស​គឺ​ប្រជាពលរដ្ឋ​គឺ​លោក​បន្ទោស​»​។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា គាំទ្រ​ចំពោះ​ប្រសាសន៍​របស់​លោក​ ស ខេង ដែល​បាន​លើក​ឡើង​បែបនេះ​។ ប៉ុន្ដែ​លោក​ទទូច​សូម​ឱ្យ​ការប្រឡង​ចូល​ក្របខ័ណ្ឌមន្ដ្រីសាធារណៈ​ដែល​ជា​មន្ដ្រី​បម្រើ​រាស្ដ្រ​គឺ​ត្រូវតែ​ជ្រើសរើស​ដោយ​តម្លាភាព និង​ការទទួល​ខុសត្រូវ​ខ្ពស់បំផុត​។

លោក​ថ្លែងថា​៖ «​យើង​គួរ​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ដ្រី​សាធារណៈ​ដោយ​ផ្ដោត​សំខាន់​ទៅលើ​សមត្ថភាព បទពិសោធ និង​ចំណេះដឹង​របស់​បេក្ខជន​ដែល​បានដាក់​ពាក្យ​ប្រឡង ដើម្បី​ទទួល​បាន​មន្ដ្រី​ដែល​មាន​សមត្ថភាព​មក​បំពេញ​ការងារ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ និង​ពង្រឹង​ការផ្ដល់​សេវា​បម្រើ​ប្រជាពលរដ្ឋ​បាន​ល្អ​»​។

បើ​តាម​លោក ពិសី កន្លង​មក​នៅ​កម្ពុជា​មាន​វប្បធម៌​ និង​ការអនុវត្ដ​ជា​ទម្លាប់​អំពី​ការប្រើប្រាស់​ខ្សែស្រឡាយ​បក្ខពួកនិយម​ក្នុង​ការបាន​តំណែង ឬ​ការឡើង​តំណែង​។ ដូច្នេះ​នៅក្នុង​ដំណាក់កាល​បច្ចុប្បន្ន​នេះ​គួរតែ​បញ្ចប់​នូវ​ទម្លាប់​បែបនេះហើយ​ដាក់​បញ្ចូល​គោលការណ៍​ជ្រើសរើស​មន្ត្រី​សាធារណៈ​ឱ្យមាន​តម្លាភាព គណនេយ្យភាព​នៅក្នុង​ផែនការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​របស់​ជាតិ​ឡើងវិញ​៕

វីដេអូ៖