ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា ដាក់បញ្ចូលនូវការអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទៅក្នុងកម្មវិធីសិក្សានៅថ្នាក់មត្តេយ្យ ដើម្បីបណ្តុះគំនិតកុមារតូចៗឱ្យយល់ដឹងពីច្បាប់ និងស្លាកសញ្ញាចរាចរណ៍ ខណៈបច្ចុប្បន្នមានការអប់រំពីថ្នាក់បឋមសិក្សាឡើងទៅ។
ថ្លែងក្នុងទិវាអន្តរជាតិរំឭកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី ១៥ នៅខេត្តកណ្ដាលកាលពីម្សិលមិញ លោក ស ខេង បានស្នើដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយ សិល្បករ សិល្បការិនី គ្រឹះស្ថានសិក្សាគ្រប់កម្រិត ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជនឱ្យបន្តអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកហើយក៏បានស្នើឱ្យក្រសួងអប់រំដាក់ការអប់រំច្បាប់នេះទៅក្នុងកម្មវិធីសិក្សាថ្នាក់មត្តេយ្យផងដែរ។
លោកបានបញ្ជាក់ថា៖ «ចំណុចនេះគឺសំខាន់ណាស់ ដែលកន្លងមកយើងបានបញ្ចូលកម្មវិធីអប់រំពីច្បាប់ចរាចរណ៍ក្នុងកម្រិតមធ្យមសិក្សា ប៉ុន្តែតាមខ្ញុំគិតមើល គឺគួរតែបញ្ចូលតាំងពីកម្រិតមត្តេយ្យសិក្សាដែលយើងអាចបង្រៀនគាត់ពីសញ្ញា ឬគំនូសចរាចរណ៍»។
លោកបានសង្កត់ធ្ងន់ថា៖ «គួរឱ្យរៀនពីថ្នាក់មត្តេយ្យទៅដើម្បីបណ្តុះគំនិតពីក្មេងទៅ ទោះបីជានៅប្រទេសគេក៏ធ្វើដូច្នេះដែរ ហើយបន្តិចទៀតស្រុកយើង ឡានកាន់តែច្រើន ចរាចរណ៍កាន់តែស្មុគស្មាញ។ ដូចនេះ យើងត្រូវ គិត និងមើលឃើញពីអនាគតពីទស្សនវិស័យទៅខាងមុខ»។
ជាមួយគ្នានេះលោក ស ខេង បានណែនាំថា ការបង្រៀនកុមារតូចៗកម្រិតមត្តេយ្យសិក្សានេះគឺអាចទិញជាគំនូសសញ្ញាចរាចរណ៍ជាជ័រដែលមានលក់នៅតាមទីផ្សារ យកទៅដាក់តាមមត្តេយ្យសិក្សាដើម្បីឱ្យកុមារទាំងនោះបានរៀន។ ចំពោះមុខត្រូវជ្រើសរើសតំបន់ដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនដូចជា នៅតាមទីប្រជុំជន ឬទីក្រុង ឯនៅតាមទីជនបទ មិនទាន់រៀនក៏បានដែរ ឬចាំធ្វើបន្តបន្ទាប់ទៀតក៏បាន។
លោក ស ខេង បានមានប្រសាសន៍ថា៖ «ដូចនេះ សុំស្នើទៅក្រសួងអប់រំឱ្យធ្វើការពិចារណាលើរឿងនេះដោយចាប់ផ្តើមពីថ្នាក់មត្តេយ្យទៅដែរ ដោយសារយើងមិនអាចមើលស្រាលបានទេ»។
នៅក្នុងឱកាសនៃការប្រារព្ធទិវាអន្តរជាតិរំឭកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះលោក ស ខេង ក៏បានលើកឡើងដែរថា ទិវានេះមិនត្រឹមតែចូលរួមរំលែកទុក្ខដល់ជនរងគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺជាព្រឹត្តិការណ៍ក្រើនរំឭកពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់ដែលបណ្តាលមកពីការបើកបរធ្វេសប្រហែស មិនគោរពច្បាប់ជាដើម។
ឆ្លើយតបនឹងការស្នើសុំនេះក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងអំណរគុណចំពោះអនុសាសន៍របស់លោក ស ខេង ហើយថា ក្រសួងនឹងពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការឆ្លើយតបនឹងអនុសាសន៍នេះ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ម្សិលមិញថា៖ «ខ្ញុំសូមបញ្ជាក់ជូនថា ទាក់ទិននឹងការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះក្រសួងអប់រំ យុវជន និងកីឡាបាននិងបន្តកិច្ចសហការជាមួយក្រសួងមហាផ្ទៃ និងអង្គការជនពិការអន្តរជាតិ (HANDICAP INTERNATIONAL) ដោយបានរៀបចំការអប់រំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងកម្មវិធីសិក្សាតាំងពីឆ្នាំ ២០០៤ មកម្ល៉េះហើយក្រសួងបានរៀបចំជាសៀវភៅ «ការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក» តាំងពីថ្នាក់ទី ១ ដល់ទី ៩ ដែលយើងបានបោះពុម្ពផ្សាយតាំងពីឆ្នាំ ២០០៦ មក ហើយផ្សព្វផ្សាយជាបន្តបន្ទាប់ផងដែរ»។
លោកបានបន្តថា បច្ចុប្បន្នខ្លឹមសារក្នុងសៀវភៅនេះបានបញ្ចូលពេញលេញទៅក្នុងសៀវភៅសិក្សាគោលដែលសិស្សកំពុងរៀនពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៦ រួចហើយ។ ចំណែកមធ្យមសិក្សាពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ៩ គឺនៅប្រើសៀវភៅការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្ថែមលើខ្លឹមសារដែលបានបញ្ជ្រាបខ្លះៗពីមុន។
លោកបានបន្តថា «ការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក» នេះគឺមានទាំងសៀវភៅសិស្ស និងសៀវភៅគ្រូដែលការបណ្តុះបណ្តាលគ្រូក៏បានចប់សព្វគ្រប់តាំងពីឆ្នាំ ២០០៩ មក។
ចំណែកការអប់រំពីថ្នាក់ទី ១០ ដល់ ១២ ធ្វើឡើងជាវេទិកាផ្សព្វផ្សាយដោយសហការទាំង ៣ ភាគី (ក្រសួងអប់រំ ក្រសួងមហាផ្ទៃ និងអង្គការជនពិការអន្តរជាតិ) ដោយឯកសារដែលប្រើក្នុងវេទិកាមានដូចជា អនុក្រឹត្យ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឯកសារណែនាំរបស់ក្រសួង និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។
បើតាមលោក រស់ សុវាចា ថ្មីៗនេះក្រសួងក៏បានចេញសេចក្តីណែនាំបន្ថែម ១ ទៀតផងដែរ ទៅលើការពង្រឹងការអនុវត្តការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះនៅតាមសាលារៀនទូទាំងប្រទេស និងបានផ្សព្វផ្សាយរួចហើយដោយបានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសតាមរយ:គណៈកម្មការអន្តរក្រសួង។
យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា ការអនុវត្តនូវច្បាប់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ ២០២០ នៅទូទាំងប្រទេសសម្រេចបានលទ្ធផលល្អប្រសើរ បើធៀបនឹងឆ្នាំ ២០១៩ ក្នុងនោះបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៩៤២ លើក ស្មើនឹង ២៣ ភាគរយ, កាត់បន្ថយអ្នកស្លាប់ចំនួន ៣៣៥ នាក់ ស្មើ ១៧ ភាគរយ និងអ្នករងរបួសថយចុះចំនួន ១ ៤៥៥ នាក់ ស្មើ ២៤ ភាគរយ៕