ភ្នំពេញ: អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង កាលពី​ម្សិលមិញ​បាន​ប្រាប់​ឲ្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដែល​ទើប​តែ​ទទួល​តំណែង​ជំនួស​លោក ជួន សុវណ្ណ បន្ត​កិច្ចការងារ​បង្ក្រាប​បាតុកម្ម​គ្រប់​រូបភាព​បង្ក្រាប​គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ​ជាច្រើន​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

ការ​ថ្លែង​នេះ​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង​នគរបាលជាតិ​ត្រូវ​ចូលកាន់​តំណែង​ជំនួស​លោក​នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​មាន​ការចូលរួម​ប្រកាស​ពី​លោក​ ចាន់ អ៊ាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​លោក ឃួង ស្រេង អភិបាល រាជធានី​ភ្នំពេញ​ព្រម​ទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ប្រមាណ​ជិត ៣០០ នាក់​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ថ្លែង​ក្នុង​ពិធី​នោះ​ថា ស្ថានភាព​នយោបាយ និង​ការទូត​របស់​កម្ពុជា​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅក្នុង​ក្រសែភ្នែក​របស់​អង្គការ​ជាតិ និង​អន្តរជាតិ និង​បណ្ដា​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​ដែល​មាន​និន្នាការ​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ពួកគេ​គ្មាន​អ្វី​ក្រៅពី​ការខិតខំ​ផ្អាក​ដំណើរការ​ខិតខំ​អភិវឌ្ឍ​ប្រទេស​របស់​រដ្ឋាភិបាល​សព្វ​ថ្ងៃ​នេះ​ទេ​។

លោក​បន្ត​ថា​នាពេល​ថ្មីៗ​នេះ​សកម្មភាព​បទល្មើស​ព្រហ្មទណ្ឌ​កំពុង​កម្រើក​ឡើង​វិញ​ដូចជា ឃាតកម្ម ប្លន់​ប្រដាប់​អាវុធ គ្រឿងញៀន បនល្បែង និង​ករណី​ផ្សេងៗ​ទៀត​ជាច្រើន​ដែល​កើត​មាន​ឡើង​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដែល​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​ស្ថាប័ន​នេះ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ខ្លាំង​បំផុត​។ ទោះបី​យ៉ាង​ណា ករណី​ទាំងនេះ​បាន​ជះឥទ្ធិពល​ដល់​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​ប៉ះពាល់​ដល់​ការដឹកនាំ​របស់​រដ្ឋាភិបាល​ផង​ដែរ​។

លោក​ ឃួង ស្រេង បញ្ជាក់​ថា​៖ «​ត្រូវ​យក​ចិត្ត​ទុកដាក់​បង្ក្រាប​បទល្មើស​គ្រឿងញៀន តាមរយៈ​ការលើក​កម្ពស់​គុណភាព និង​ប្រសិទ្ធភាព ការអនុវត្ត​ប្រឆាំង​គ្រឿងញៀន និង​បង្ក្រាប​រាល់​មុខសញ្ញា​ជនល្មើស​ដែល​ពួកគេ​កំពុង​ចរាចរ កែច្នៃ និង​ជួញដូរ​គ្រឿងញៀន​ទាំង​ទ្រង់ទ្រាយ​ធំ និង​តូច និង​នៅ​តាម​ទីកន្លែង​កម្សាន្ដ​នានា​នៅក្នុង​ទីក្រុង​ភ្នំពេញ​»​។

លោក​ ជួន សុវណ្ណ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ទើប​តែងតាំង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ជំនួស​លោក កៅ ខុនដារ៉ា ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី​វិញ​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​។ ក្នុង​កម្មវិធី​នោះ​លោក​បាន​ថ្លែង​ថា​ក្នុង​អំឡុង​អាណត្តិ​ដែល​លោក​កំពុង​គ្រប់គ្រង​នេះ​មាន​បញ្ហា​ជាច្រើន​ដូចជា ការធ្វើ​បាតុកម្ម​គ្រប់​រូបភាព​រួមមាន តវ៉ា​ដីធ្លី កម្មករ​តវ៉ា​សុំ​ឡើង​ប្រាក់​ឈ្នួល ការតវ៉ា​បញ្ហា​ព្រំដែន ការតវ៉ា​បញ្ហា​បរិស្ថាន និង​ការតវ៉ា​សុំ​ឲ្យ​ដោះលែង​ទណ្ឌិត​ផ្សេងៗ​ជាច្រើន​ដោយ​ធ្វើ​ជា​លេស​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ក្នុង​ន័យ​បង្ខូច​កេរ្តិ៍ឈ្មោះ​រដ្ឋាភិបាល ប៉ុន្ដែ​ករណី​ទាំង​នេះ​ត្រូវ​បាន​បង្ក្រាប​តាមរយៈ​កម្លាំង​នគរបាល​របស់​លោក និង​បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​ទប់ស្កាត់​ទាន់​ពេលវេលា​។

លោក សុវណ្ណ បន្ត​ថា​ក្នុង​អាណត្តិ​លោក​គ្រប់គ្រង​នេះបាន​បង្ក្រាប​បទល្មើស​ល្បែង​ស៊ីសង​ចំនួន ៦២២ ​ករណី ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​ ២០៦១ ​នាក់ និង​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ចំនួន​ ១១៤១ ​នាក់​ក្រៅ​ពី​នេះ​បាន​ធ្វើ​កិច្ចសន្យា​អប់រំ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាច្រើន​ករណី​ទៀត​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​ជំរុញ​ឯកឧត្តម​ស្នងការ​ថ្មី​នេះ បន្ត​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​ឲ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត​ដោយ​យក​ចិត្ត​ទុកដាក់​ជំរុញ​ឱ្យ​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​ទាំងអស់​បន្ត​រឹតបន្តឹង​សន្តិសុខ សណ្តាប់ធ្នាប់ បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​បន្ថែម​ទៀត​»​។

លោក ស ថេត ដែល​ត្រូវ​ជំនួស​តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ប្តេជ្ញា​ថា លោក​គោរព និង​អនុវត្ត​យ៉ាង​ស្មោះត្រង់​បំផុត​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ចំពោះ​រដ្ឋធម្មនុញ្ញ​កម្មវិធី​នយោបាយ​ចតុកោណ​ដំណាក់កាល​ទី​ ៤ របស់​រាជរដ្ឋាភិបាល​។

លោក ថេត បាន​សន្យា​ថា​នឹង​ប្រតិបត្តិ​យ៉ាង​ម៉ឺងម៉ាត់ និង​ដោយ​សច្ចធម៌​ចំពោះ​មុខ​ច្បាប់ និង​បទប្បញ្ញត្តិ​ផ្សេងៗ​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​។

លោក ថេត ថ្លែង​ថា​៖ «​ក្រៅ​ពី​នេះ​ខ្ញុំ​សូម​ប្ដេជ្ញា​ដែរ​ថា នឹង​ប្រើ​កម្លាំងកាយ​ចិត្ត និង​គំនិត​ប្រាជ្ញា ដើម្បី​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង និង​អង្គភាព​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ឲ្យ​បាន​ល្អ​ប្រសើរ​»​។

លោក ចាន់ អ៊ាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា​បើ​ទោះបី​ជា លោក ស ថេត ធ្លាប់​ជា​អតីត​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​ក្ដី ប៉ុន្ដែ​ការទទួល​តំណែង​ជា​ស្នងការ​នៅ​ក្រុង​ភ្នំពេញ​នាពេល​នេះ​វា​អាច​នឹង​មាន​លក្ខណៈ​ខុស​គ្នា​ឆ្ងាយ ព្រោះ​នៅ​ខេត្ត​បាត់ដំបង​មាន​ប្រជាជន​ជាង​ ១ ​លាន​នាក់​ប៉ុណ្ណោះ ចំណែក​នៅ​ទីក្រុង​ភ្នំពេញ​មាន​ប្រជាជន​មក​ប្រមូល​ផ្ដុំ​គ្នា​ពី​គ្រប់​ទិសទី​រហូត​ដល់​ជិត​ ៣ ​លាន​នាក់​។ ដូច្នេះ​ការគ្រប់គ្រង​នឹង​មាន​លក្ខណៈ​ខុស​គ្នា​ដោយ​ត្រូវ​តែ​ប្រើប្រាស់​ឲ្យ​អស់​ពី​សមត្ថភាព និង​កម្លាំង​កាយ​បន្ថែម​ទៀត ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

លោក​ផ្ដល់​អនុសាសន៍​ថា​៖ «​ត្រូវ​យក​ចិត្ត​ទុកដាក់​ជំរុញ​ឱ្យ​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​ទាំងអស់ បន្ត​រឹតបន្តឹង​សន្តិសុខ សណ្តាប់ធ្នាប់ បង្ការ​ទប់ស្កាត់ និង បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​បន្ថែម​ទៀត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​»​។

លោក ស ថេត ត្រូវ​បាន​តែងតាំង​ជា​អគ្គស្នងការរង​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ​កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន បន្ទាប់ពី​លោក​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ពី​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង។ សូមបញ្ជាក់ថា លោក ស ថេត មិនមែន​ជា​ប្អូនប្រុស​បង្កើត​របស់​ឧបនាយក​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​មហាផ្ទៃ លោក ស ខេង ទេ​៕