ភ្នំពេញៈ លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ប្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញឱ្យរាយការណ៍ទៅហ្វេសប៊ុកស្នងការនគរបាលរាជធានីភ្នំពេញ ឬខលទៅក្រុមការងារប្រតិកម្មរហ័ស ប្រសិនបើនៅមានសេសសល់មន្ត្រីតាមបណ្តាការិយាល័យជំនាញ ខណ្ឌ និងប៉ុស្តិ៍ទាំង ១៤ ក្នុងរាជធានីភ្នំពេញអនុវត្ដការងារមិនបានល្អជូនដល់ពលរដ្ឋ។
លោកស្នងការបានសរសេរលើហ្វេសប៊ុករបស់លោកផ្ទាល់ និងថ្លែងជាមួយភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា បើនៅមានមន្ត្រីតាមបណ្តាខណ្ឌ និងប៉ុស្តិ៍ណាបម្រើប្រជាពលរដ្ឋ និងផ្តល់សេវាសាធារណ:ផ្សេងៗជូនប្រជាពលរដ្ឋមិនបានល្អ សូមខមម៉ិន (Comment) ចូលផេច «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» ឬទំនាក់ទំនងមកលេខរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនគរបាលរាជធានីភ្នំពេញតែម្ដង។
លោកថ្លែងថា៖ «ប្រសិនបើនៅមានសេសសល់មន្ត្រីតាមបណ្តាការិយាល័យជំនាញ ខណ្ឌ និងប៉ុស្តិ៍ណាដែលអនុវត្តការងារ និងបម្រើប្រជាពលរដ្ឋមិនបានល្អ។ ដូចជាមិនទទួលពាក្យបណ្តឹងប្រើប្រាស់សម្តី និងកាយវិការមិនសមរម្យ ទទួលឯកសារពីប្រជាពលរដ្ឋទុកយូរជ្រុលមិនធ្វើជូនប្រជាពលរដ្ឋ។ សូមជួយរាយការណ៍មកកាន់ផេច «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» ឬក៏ទំនាក់ទំនងមកលេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមរយៈលេខទំនាក់ទំនង ០៦៩ ៥១៦ ៩៩៩»។
លោក ស ថេត បានឲ្យដឹងថា មួយរយៈពេលកន្លងមកនេះមន្ត្រីតាមបណ្តាការិយាល័យជំនាញ អធិការនគរបាលខណ្ឌទាំង ១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ក្នុងរាជធានីភ្នំពេញបានធ្វើការងារប្រចាំការ ២៤ ម៉ោងក្នុង ២៤ ម៉ោងទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ប្រើប្រាស់សម្តី និងកាយវិការមិនសមរម្យ ជាពិសេសបានផ្តល់សេវាសាធារណៈបានលឿន និងឆាប់រហ័សក្នុងការធ្វើសៀវភៅស្នាក់នៅ (ក ២) សៀវភៅគ្រួសារ (ក ៤) និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរ ទាន់ពេលវេលាទទួលបានការសាទរ និងកោតសរសើរពីសំណាក់ប្រជាពលរដ្ឋផងដែរ។ លោកបានបញ្ជាក់បន្ថែមថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយនឹងទទួលយករាល់ខំមិនរបស់ប្រជាពលរដ្ឋ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុកបានឲ្យដឹងថា កន្លងមកក៏មានពលរដ្ឋធ្លាប់ជូនដំណឹង និងផ្ដល់ព័ត៌មានចំពោះមន្ដ្រីអសកម្មបែបនេះដល់ថ្នាក់ដឹកនាំដែរ ប៉ុន្ដែនៅមិនទាន់ឃើញមានចំណាត់ការតាមផ្លូវច្បាប់ចំពោះមន្ដ្រីទាំងនោះឡើយ។
លោកថ្លែងថា៖ «ទោះជាយ៉ាងណាយើងនៅតែរង់ចាំមើលចំណាត់ការកំណែទម្រង់នេះទៀត ព្រោះយើងមិនទាន់មានភាពជឿជាក់ទៅលើការអនុវត្ដនេះបានល្អប្រសើរទេ។ កន្លងមកយើងក៏ឃើញថា ស្ថាប័នផ្សេងៗមានការប្រកាសលើការកែទម្រង់បែបនេះដែរ ប៉ុន្ដែការកែទម្រង់នោះនៅតែមិន ទាន់ឃើញមានភាពល្អប្រសើរ»។
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោក ស ខេង កាលពីដើមខែឧសភាកន្លងទៅនេះ ក្នុងពេលលោកធ្វើជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានានៅវត្តស្នាយសរស្ថិតនៅភូមិព្រៃខ្លា និងភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែងក៏បានណែនាំឲ្យមន្ដ្រីចៀសវាងដាច់ខាតចំពោះការយកទោសពៃរ៍ ដោយកត់សម្គាល់អ្នកណាមានមតិមិនស្របថាគេជាខ្មាំងសត្រូវ មិនត្រូវមានទស្សនៈនេះទេ។
លោក ស ខេង ថ្លែងថា៖ «ប្រជាជនឲ្យយោបល់មកថា លោកឯងធ្វើនេះខុស ការងារនេះនៅមិនទាន់ល្អទេសុំឲ្យជួយកែលម្អជាដើម យើងត្រូវទទួលពាក្យទាំងឡាយនោះយោបល់ទាំងឡាយនោះ គំនិតទាំងឡាយនោះពីពួកគាត់។ ប្រជាជនចេះជាងយើង យើងមិនចេះដល់ប្រជាជនទេត្រូវតាំងខ្លួនអ៊ីចឹង។ តែកាលណាយើងតាំងខ្លួនជាចៅហ្វាយនាយប្រជាជនហើយ អ្នកនោះខុសហើយ ត្រូវតាំងខ្លួនជាអ្នកដែលរៀនសូត្រពីប្រជាជនជាកូនសិស្សប្រជាជន»៕