ភ្នំពេញៈ មេដឹកនាំ​សហជីព​កម្មករ​ចំណីអាហារ​ និង​សេវាកម្ម លោក ស ម៉ូរ៉ា ​មិន​បាន​ចូល​ខ្លួន​ទៅ​កាន់​សាលាឧទ្ធរណ៍​តាម​ដីកា​កោះហៅ​ទេ​កាលពី​ម្សិលមិញ​ទាក់ទង​បណ្តឹង​របស់​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា​ ដោយ​លោក​បាន​អះអាង​ថា តុលាការ​ទើប​ជូន​ដំណឹង​ដល់​រូបលោក​ដែល​វា​មាន​រយៈពេល​ខ្លី​ពេក​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​អាច​ចូល​ខ្លួន​តាម​ដីកា​កោះហៅ​បាន​ទេ​ពីព្រោះ​មេធាវី​របស់​ខ្ញុំ​បាន​និយាយ​ថា ពេលវេលា​ខ្លី​ពេក​គឺ​មិន​អាច​រៀបចំ​ឯកសារ​ឲ្យ​បាន​ទាន់​ពេលវេលា​។ យើង​ទើប​តែ​រក​មេធាវី​បាន​កាលពី​ម្សិលមិញ​។ ដូច្នេះ​ឥឡូវ​នេះ​យើង​ផ្ញើ​លិខិត​សុំ​ពន្យារពេល​ការសាកសួរ​ដោយសារ​តែ​យើង​ត្រូវការ​ពេលវេលា​ដើម្បី​ពិនិត្យ​មើល​ករណី​របស់​យើង​ឡើង​វិញ​ពីព្រោះ​ឧបទ្ទវហេតុ​នោះ​កើតឡើង​តាំងពី​ឆ្នាំ​ ២០១៦ ​ម្ល៉េះ​»​។

ក្រុមហ៊ុន​បាន​ដាក់​ពាក្យ​បណ្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ ៦ ​ម៉ឺន​ដុល្លារ​ដោយសារ​នាំ​កម្មករ​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​ឱ្យ​អ្នក​គ្រប់គ្រង​ឃ្លាំង​ចូល​ធ្វើការ​វិញ​៕ NS