ភ្នំពេញៈ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា​កាលពី​ម្សិលមិញ​បាន​ប្រកាស​បដិសេធ និង​ថ្កោលទោស​ចំពោះ​ជនខិលខូច​ដែល​បាន​យកឈ្មោះ​លោក​ទៅ​ពាក់ព័ន្ធ​នឹង​ល្បែងភ្នាល់​ល្មើសច្បាប់​តាម​អនឡាញ​ និង​បាន​ស្នើសុំ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ចាត់វិធានការ​បន្ទាន់​ចំពោះ​ជនល្មើស​ទាំងនេះ​។

ការប្រកាស​បដិសេធ និង​ថ្កោលទោស​របស់​លោក ស សុខា បែប​នេះ​បាន​ធ្វើ​ឡើង​តាមរយៈ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាលពី​ម្សិលមិញ​ដោយ​ភ្ជាប់​ជាមួយ​លិខិត​ស្នើសុំ​កិច្ច​អន្តរាគមន៍​ចំនួន​ ៣ ​សន្លឹក​ដាច់​ដោយ​ឡែក​​ពីគ្នា​ស្នើសុំ​ទៅ​កាន់​លោក នេត សាវឿន អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ លោក សៅ សុខា អគ្គមេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ចាត់វិធានការ​ជា​បន្ទាន់ ចំពោះ​ទង្វើ​របស់​ជនខិលខូច​ទាំងនេះ​។

លោក​បាន​ថ្លែងថា​៖ «​ក្នុង​ប្រតិបត្តិការបង្ក្រាប​ល្បែងភ្នាល់​តាម​អនឡាញ​ខុសច្បាប់​ប្រកប​ដោយ​ប្រសិទ្ធភាព​ថ្មីៗ​នេះ​មាន​លេចឮ​ជនខិលខូច​មួយ​ចំនួន​បាន​យក​ឈ្មោះ​បុគ្គល​នេះ បុគ្គល​នោះ​ជា​ខ្នងបង្អែក​។ ​ក្នុង​នោះ​ក៏មាន​ជន​ឆ្លៀតឱកាស​មួយ​ក្ដាប់​តូច​បាន​បង្កើត​ពាក្យ​ចចាមអារ៉ាម​លាប​ពណ៌​មកលើ​រូបខ្ញុំ​​ថា​នៅ​ពីក្រោយ និង​បាន​ជួយ​សម្រួល​ដល់​អាជីវកម្ម​ខុសច្បាប់​នេះ​មួយ​ចំណែក​ដែរ​»​។

លោក ស សុខា បាន​ចាត់​ទុក​ការចោទប្រកាន់ និង​ពាក្យ​ចចាមអារ៉ាម​ទាំងនោះ​ថា​ជា​ល្បិច​កាង​អាជីវកម្ម​ខុសច្បាប់​របស់​ខ្លួន និង​គ្រាន់តែ​ជា​ការបន្ទច់បង្អាក់​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ប៉ុណ្ណោះ​។ ​ទង្វើ​បែប​នេះ​ជា​ការលាប​ពណ៌​ក្នុង​ចរិត​ព័ត៌មាន​ក្លែងក្លាយ​ (fake news) ​បង្ខូច​កេរ្តិ៍ឈ្មោះ និង​សេចក្ដីថ្លៃថ្នូរ​របស់​លោក​ក្នុង​បំណង​យក​ចំណេញ​រឿង​អ្វី​មួយ និង​ជា​ការបំពុលសង្គម ហើយ​ក៏​មិនមែន​ជា​សេរីភាព​បញ្ចេញមតិ​តាមច្បាប់​ទេ​គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ត្រូវ​ផ្ដន្ទាទោស​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​បដិសេធ​ទាំង​ស្រុង និង​សូម​ថ្កោលទោស​ជន​ទាំងនោះ​យ៉ាង​ដាច់អហង្ការ ព្រម​ទាំង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច មេត្តា​ចាត់វិធានការ​ផ្លូវច្បាប់​ឲ្យ​បាន​ធ្ងន់ធ្ងរ​ជា​ទីបំផុត​។ ខ្ញុំ​សូម​លើកទឹកចិត្ត គាំទ្រ និង​ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​បង្កើន​ការទប់ស្កាត់ និង​អនុវត្ត​ច្បាប់​តាម​សារាចរ​ណែនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន ដោយ​កុំ​ខ្វល់​ថា​ជា​នរណា ឬ​កូន​នរណា​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​យក​ឈ្មោះ​ថ្នាក់ដឹកនាំ ឬ​កូន​ថ្នាក់ដឹកនាំ​ណាមួយ​ទៅ​ប្រើ​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ​»​។

លោក នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ​បាន​ថ្លែង​ថា ជន​ណា​ក៏ដោយ​ឲ្យ​តែ​យក​ឈ្មោះ​គេ​ទៅធ្វើ​សកម្មភាព​គឺជា​អំពើ​ខុសច្បាប់​ទាំងអស់​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​នឹង​ស្រាវជ្រាវ​រក​ជន​យក​ឈ្មោះ​គេ​ទៅ​ធ្វើ​សកម្មភាព​នោះ​ឲ្យ​ឃើញ រួច​ទូទាត់​តាម​ផ្លូវ​ច្បាប់​។ ចំពោះ​ករណី ឯកឧត្ដម ស សុខា បច្ចុប្បន្ន​កម្លាំង​នគរបាលជាតិ​សហការ​ជាមួយ​ស្នងការ​រាជធានី-ភ្នំពេញ​កំពុង​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​ជនល្មើស​មក​ផ្ដន្ទាទោស​តាមច្បាប់​»​។

លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ថ្លែងថា លោក​មិនទាន់​ទទួល​បាន​លិខិត​ស្នើសុំ​អន្តរាគមន៍​របស់​លោក ស សុខា នៅឡើយ​ទេ ដោយសារ​លោក​រវល់​កិច្ចប្រជុំ​ពេញ​ ១ ​ថ្ងៃ​។ រីឯ លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជាក់​ថា លោក​ក៏​មិនទាន់​បាន​ទទួល​លិខិត​សុំ​អន្តរាគមន៍​នេះដែរ​កាលពី​ម្សិលមិញ​។

យ៉ាងណាក្ដី​លោក ស ថេត អគ្គស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ករណី​នេះ​អគ្គស្នងការ​នគរបាល​ជាតិ​បានប្រគល់​ឲ្យ​កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​សន្ដិសុខ​ក្រសួង​មហាផ្ទៃ​ដើម្បី​ស្រាវជ្រាវ​ហើយ​កងកម្លាំង​កំពុង​តែ​ចាត់ការ​លើ​ករណី​នេះ​ហើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​កន្លង​ទៅ​គាត់​ (​លោក ស សុខា​) ​ឮ​ព័ត៌មាន​និយាយ​បង្ខូចឈ្មោះ​គាត់​។ តាមពិត​គាត់​មិន​មាន​នៅ​ពីក្រោយ​រឿងនេះ​ទេ​។ ​ប៉ុន្ដែ​មាន​អ្នកខ្លះ​និយាយ​ថា គាត់​នៅ​ពីក្រោយ​បែបនេះ បែប​នោះ​។ ការបង្ក្រាប​បទល្មើស​ល្បែង​អនឡាញ​កន្លងមក យើង​មិនដែល​ជួបប្រទះ​ករណី​អួតអាង​អំណាច​អី​ទេ​។ យើង​អនុវត្ដ​ការងារ​តាម​ច្បាប់​ដោយ​រលូន​»៕