ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យដឹង​កាលពី​ដើម​សប្ដាហ៍​ថា ក្រសួង​បាន​ប្រគល់​សិទ្ធិ​ដល់​ប្រធាន​មន្ទីរអប់រំរាជធានី-ខេត្ដ ដើម្បី​អាច​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា និង​ចេញ​លិខិត​អនុញ្ញាត​បើក​ដំណើរការ​ឡើងវិញ​ក្នុង​ដំណាក់កាល​ទី​ ២ ចំពោះ​គ្រឹះស្ថានសិក្សា​ដែល​ចេញ​អាជ្ញាប័ណ្ណ​អនុញ្ញាត​ដោយ​ការិយាល័យ​ច្រកចេញចូល​តែមួយ​របស់​រដ្ឋបាល ក្រុង ស្រុក ខណ្ឌ​។

ការសម្រេច​ប្រគល់​សិទ្ធិ​ដល់​ប្រធាន​មន្ទីរអប់រំ​នៅតាម​បណ្ដា​រាជធានី ខេត្ដ​នេះ​ក្រសួង​អប់រំ​បាន​យោង​ទៅ​លើ​សេចក្តី​ណែនាំ​លេខ​ ៤៣ អយក.សណន ចុះ​ថ្ងៃទី​ ១ ខែ​កញ្ញា ឆ្នាំ​ ២០២០ ស្តីពី​ការបើក​ដំណើរការ​ឡើងវិញ​ចំពោះ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​មត្តេយ្យ​សិក្សា​ឯកជន​ក្នុង​ដំណាក់កាល​ទី​ ២ និង​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​ (SOP) សម្រាប់​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ​ក្នុង​​បរិបទ​នៃ​ជំងឺ​កូវីដ​ ១៩ របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា​ចុះ​នៅ​ថ្ងៃទី​ ៤ ខែ​សីហា ឆ្នាំ ២០២០​។

លោក ហង់ជួន ណារ៉ុន បាន​ឱ្យដឹងថា ក្រសួង​ប្រគល់​សិទ្ធិ​ជូន​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី-ខេត្ត​ក្នុង​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា និង​លិខិត​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ ក្នុង​ដំណាក់កាល​ទី​ ២ ចំពោះ​គ្រឹះស្ថានសិក្សា​ដែល​ចេញ​អាជ្ញាប័ណ្ណ​អនុញ្ញាត ដោយ​ការិយាល័យ​ច្រកចេញ​ចូល​តែមួយ​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។

ក្រោយពី​បាន​ចុះ​ត្រួតពិនិត្យ​វាយតម្លៃ​ទីតាំង​​គ្រឹះស្ថានសិក្សា​ស្រប​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​ (SOP) ​រួច​ផ្ញើ​របាយការណ៍​ស្តីពី​ការចុះ​ត្រួតពិនិត្យ​គ្រឹះស្ថាន​សិក្សា និង​លិខិត​អនុញ្ញាត​ឱ្យ​បើក​គ្រឹះស្ថានសិក្សា​ឡើងវិញ​មក​ក្រសួង (​នាយកដ្ឋាន​រដ្ឋបាល​) យ៉ាងយូរ​ ៣ ​ថ្ងៃក្រោយ​ពេល​ចេញ​លិខិត​អនុញ្ញាត​។

លោក ប៉ិច បូឡែន ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា (President of Federation of Education Services in Cambodia) បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២១ ខែ​កញ្ញា បាន​ឱ្យ​ដឹងថា ការប្រគល់សិទ្ធិ​ដល់​ប្រធាន​មន្ទីរអប់រំ រាជធានី-ខេត្ដ​ ក្នុង​ការចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា និង​ចេញ​លិខិត​អនុញ្ញាត​បើក​ដំណើរការ​ឡើងវិញ​ក្នុង​ដំណាក់កាល​ទី​ ២ ដល់​គ្រឹះស្ថានសិក្សា​នេះ​គឺ​បានបង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ និង​ការប្រឹងប្រែង​ផ្ដល់​ការអប់រំ​ដល់​សិស្សានុសិស្ស​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​គ្រឹះស្ថាន​សិក្សា​ដែលមាន​អាជ្ញាប័ណ្ណ​នៅ​ថ្នាក់ ក្រុង ស្រុក ខណ្ឌ ក៏​អាច​ធ្វើ​បានដែរ ព្រោះ​គ្រឹះស្ថាន​ទាំងនោះ​ស្ថិតនៅ​ជនបទ​មាន​ភាព​អំណោយផល​ល្អ​ទាំង​បរិវេណ​សាលា និង​បរិស្ថាន​។ ដូច្នេះ​គ្រឹះស្ថានសិក្សា នៅ​ថ្នាក់ ក្រុង ស្រុក ខណ្ឌ មាន​បណ្ដា​រាជធានី ខេត្ដ ពួកគាត់​អាចធ្វើ​បាន​តាម​ការណែនាំ​របស់​ក្រសួង​អប់រំ និង​រដ្ឋាភិបាល​លើ​ការការពារ និង​រក្សា​អនាម័យ​»​។

លោក​បាន​បញ្ជាក់ថា ក្រោយពី​ការបើក​ដំណើរការ​គ្រឹះស្ថាន​សិក្សា​ឡើងវិញ ដំណាក់កាល​ទី​ ២ ក្នុង​រយៈពេល​ជាង​ ១ ​សប្ដាហ៍​កន្លងមកនេះ ​ទាំង​ក្រសួង​អប់រំ និង​គ្រឹះស្ថាន​សិក្សាអប់រំ​នានា​បាន​រក​វិធី​នៃ​គន្លង​ថ្មី​បាន​ត្រឹមត្រូវ ទាំង​ការសម្រប​ខ្លួន​របស់​សិស្ស និង​អាណាព្យាបាល​សិស្ស គ្រូបង្រៀន គឺ​បាន​យល់ដឹង​គ្រប់ៗ​គ្នា​។

លោក រស់ សុវាចា អ្នក​នាំពាក្យ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់ថា ការប្រគល់​សិទ្ធិ​ដល់​ប្រធាន​មន្ទីរអប់រំ រាជធានី-ខេត្ដ​នេះ បន្ទាប់ពី​ក្រសួង​អប់រំ​មាន​កិច្ចប្រជុំ​បច្ចេកទេស ពិភាក្សា​លម្អិត គ្រប់​ជ្រុងជ្រោយ ជាមួយ​នឹង​មន្ទីរអប់រំរាជធានី-ខេត្ដ​ទាំង​ ២៥ ដើម្បី​ពិគ្រោះ​យោបល់​ក៏​ដូចជា​ណែនាំ​នៅក្នុង​ការគ្រប់គ្រង ទប់ស្កាត់ និង​បង្ការ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដូច​មានចែង​នៅក្នុង​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) ចុះ​កាលពី​ថ្ងៃទី​ ៤ ខែ​ សីហា ឆ្នាំ​ ២០២០ របស់​ក្រសួង​អប់រំ​។

លោក​ថ្លែងថា​៖ «​ជាទូទៅ​មន្ទីរអប់រំ​នៅ​ទូទាំង ២៥ រាជធានី-ខេត្ដ​មាន​តួនាទី​ជា​សេនាធិការ​របស់​ក្រសួង​អប់រំ​»៕