ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានលើកឡើងថា រហូតមកទល់ពេលនេះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងជាង ១៣០ បានដាក់ពាក្យស្នើសុំព្យួរការងារ ដែលការសម្រេចនេះ គឺជាការប្ដូរជំហរពីការចង់បិទទាំងស្រុងមកត្រឹមព្យួរវិញបន្ទាប់ពីមានការសម្រួលពីរដ្ឋាភិបាល។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទលោក ហេង សួរ បានបញ្ជាក់ថា តាមពិតរោងចក្រទាំងនោះមិនចង់ព្យួរការងារឡើយគឺពួកគេចង់បិទរោងចក្រតែម្ដង ដោយសាររងផលប៉ះពាល់ពីការរាលដាលនៃជំងឺកូវីដ១៩។ ប៉ុន្តែដោយសារមានការសម្រួលពីរដ្ឋាភិបាលតាមរយៈការលើកលែងបង់ពន្ធ ការផ្អាកបង់ភាគទានដល់ ប.ស.ស និងការសម្រួលផ្សេងទៀតទើបពួកគេសម្រេចចិត្តត្រឹមព្យួរការងារសិន។
លោកថា៖ «រដ្ឋាភិបាលបានចេញវិធានការជាបន្តបន្ទាប់ដើម្បីធ្វើម៉េចរក្សានូវការងារ និងរក្សានូវចំណូលខ្លះ ទៅដល់បងប្អូនកម្មករនៅក្នុងរោងចក្រដែលបានព្យួរទាំងនោះ។ ធាតុពិតរោងចក្រដែលបានដាក់ពាក្យសុំព្យួរទាំងអស់នោះតាមស្ថានភាពជាក់ស្ដែងគឺចង់បិទច្រើនជាងចង់ព្យួរ។ ប៉ុន្តែតាមរយៈការពិភាក្សាគ្នាដើម្បីរកផលចំណេញខ្លះ សម្រាប់បងប្អូននិយោជិតគឺរដ្ឋាភិបាលសុខចិត្តលើកទឹកចិត្តឱ្យរោងចក្រទាំងអស់នោះមកត្រឹមជាការព្យួរវិញ។ ដោយសារក្នុងពេលព្យួរនេះមិនទាន់ក្លាយជាអ្នកត្រូវបញ្ឈប់ការងារនៅឡើយទេ ហើយបើរោងចក្រហ្នឹងបិទគាត់ត្រូវបាត់បង់ការងារហ្នឹងរហូត»។
លោកបន្តថា រដ្ឋាភិបាលបានឧបត្ថម្ភប្រាក់ ៤០ ដុល្លារបន្ថែមពីលទ្ធភាពដែលខាងរោងចក្រអាចផ្ដល់ទៅឲ្យខាងក្រុមកម្មករ។
លោកបន្ថែមថា ក្នុងត្រីមាសទី ១ ឆ្នាំនេះការនាំចេញផលិតផលវិស័យកាត់ដេររបស់កម្ពុជាបានថយមកនៅត្រឹម ៨០ ភាគរយនៃការនាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែតួលេខថយចុះនេះមិនទាន់ជាអាក្រក់ពេកទេដោយសារកាលពីខែកុម្ភៈទីផ្សារនៅអឺរ៉ុបទើបចាប់ផ្ដើមមានសញ្ញារងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងរហូតទល់ខែមីនាទើបបិទការនាំចូល។
យ៉ាងណាក្ដីលោកបានបញ្ជាក់ថា ថ្វីដ្បិតមានការបិទមិនឱ្យនាំចូលទៅអឺរ៉ុប និងត្រូវស្ដុកទុកផលិតផលកាត់ដេរក្ដី ក៏អ្នកបញ្ជាទិញបានគោរពតាមកិច្ចសន្យាដោយបង់ថ្លៃសម្រាប់ផលិតផលកាត់ដេរដែលបានផលិតរួចហើយទាំងនោះ។
ក៏ប៉ុន្តែលោកថានៅក្នុងខែ ៤ និងខែ ៥ និងខែ ៦ ក្រុមអ្នកបញ្ជាទិញនៅមិនទាន់បានកំណត់ពីចំនួនត្រូវបញ្ជាទិញទេ។
លោកបានបញ្ជាក់ថា៖ «ការនាំចេញរបស់យើងពិតជាមានផលប៉ះពាល់ ជាពិសេសនៅក្នុងត្រីមាសទី ២ នេះតែម្ដង គឺអាចថយចុះមកនៅត្រឹម ៥០ ភាគរយនៃតួលេខកាលពីឆ្នាំមុន»។
ទន្ទឹមនឹងនេះលោក ហេង សួរ ក៏បានកោតសរសើរដល់ក្រុមកម្មករលើសពី ៩៥ ភាគរយដែលបន្តធ្វើការនៅថ្ងៃបុណ្យចូលឆ្នាំ ខណៈកម្មករមួយចំនួនបានស្ដាប់តាមអ្នកបំផុសបំផុលហើយនៅធ្វើដំណើរទៅលេងស្រុកកំណើត។
លោកបញ្ជាក់ថា តាមស្ថិតិគឺមានកម្មករជាង ១ ម៉ឺននាក់បានអវត្តមានក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ តែបានត្រឡប់មកបំពេញការងារវិញ ហើយត្រូវបានពិនិត្យសុខភាព និងបញ្ជូនឱ្យទៅធ្វើចត្តាឡីស័ក ១៤ ថ្ងៃមុនអនុញ្ញាតឱ្យចូលធ្វើការងារវិញជាង ៤ ពាន់នាក់។
រីឯជាង ៦ ពាន់នាក់ផ្សេងនៅមិនទាន់បានវិលមកបំពេញការងាវិញទេ ដោយសារពួកគេបានប្រកាសបោះបង់ការងារខ្លួនឯង ហើយខ្លះទៀតត្រូវបានគ្រួសារណែនាំមិនឱ្យត្រឡប់មកធ្វើការងារវិញ ខណៈកម្មករខ្លះបានប្ដូរទៅធ្វើកសិកម្ម ។
លោកបានថ្លែងបន្តថា៖ «តួលេខដែលលម្អៀងគ្នានេះគឺដោយសារវាមានមូលហេតុអ៊ីចឹង ហើយសួរថាតើយើងនឹងបន្តត្រួតពិនិត្យសុខភាពទៀតអត់? ប៉ុន្តែយើងក៏មិនដឹងថា តើពេលណាពួកគាត់មក (ធ្វើការ) វិញដែរហើយយន្តការរបស់ក្រសួងសុខាភិបាលក៏គេមានដែរ អ្នកដែលមានអាការគ្រុនក្ដៅ ក្អក ហៀរសំបោរ ពិបាកដកដង្ហើម គឺគាត់អាចទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកស្រុក ឬមួយខលទៅលេខ ១១៥»។
លោក ហេង សួរ រំពឹងថា វិស័យឧស្សាហកម្មកាត់ដេរកម្ពុជានឹងរស់ឡើងវិញ ប្រសិនបើស្ថានភាពជំងឺកូវីដ ១៩ នៅអឺរ៉ុបចាប់ផ្ដើមថមថយវិញនៅក្នុងខែមិថុនាខាងមុខនេះ។
ក៏ប៉ុន្តែប្រសិនបើនៅបន្តអូសបន្លាយរដ្ឋាភិបាលនឹងរៀបចំការបណ្ដុះបណ្ដាលដល់កម្មករដើម្បីងាកទៅរកឧស្សាហកម្មផ្សេងវិញ៕
វីដេអូ៖