ភ្នំពេញ៖ លោក ហេង សំរិន ប្រធានរដ្ឋសភាផ្តល់ថវិកា ២០ លានរៀល អង្ករចំនួន ១១ ២៤០ គីឡូក្រាម រួមជាមួយនឹងគ្រឿងឧបភោគបរិភោគជាច្រើនទៀតជូនដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលជួបការខ្វះខាតនៅក្នុងពេលកំពុងអនុវត្តវិធានការការពារទប់ស្កាត់ជំងឺកូវីដ១៩។
លោក ហេង សំរិន ថ្លែងនៅក្នុងពិធីប្រគល់-ទទួលនាព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២១ ឱ្យដឹងថាក្រៅការផ្តល់ជំនួយនេះ លោកក៏បានសម្តែងការសោកស្តាយ និងចូលរួមមរណៈទុក្ខចំពោះក្រុមគ្រួសារដែលមានសមាជិកបានស្លាប់បាត់បង់អាយុជីវិត ដោយសារជំងឺកូវីដ១៩ និងបានជូនពរដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលទាំងអស់បានឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះ ហើយបានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។
លោក ហេង សំរិន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តវិធានការរដ្ឋបាលនិងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនមិនគួរធ្វេសប្រហែសឡើយ ព្រោះថាជំងឺកូវីដ១៩ នៅតែបង្កហានិភ័យខ្ពស់ដដែលនៅកម្ពុជាក៏ដូចជាពិភពលោកទាំងមូល បើទោះបីពេលនេះរាជរដ្ឋាភិបាលបានបញ្ចប់វិធានការបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលយ៉ាងណាក្តី។
ជាមួយគ្នានេះ លោក ហេង សំរិន ក៏បានលើកទឹកចិត្តដល់ពលរដ្ឋឲ្យទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃ ដើម្បីការពារខ្លួន និងបង្កើតភាពស៊ាំក្នុងសហគមន៍ ជាការការពារទប់ស្កាត់កុំឲ្យជំងឺដ៏កាចសាហាវនេះ យាយីសង្គមជាតិកាន់តែធ្ងន់ធ្ងរឡើង។
លោក ហេង សំរិនថ្លែងថា៖ «ប្រទេសជាច្រើននៅលើពិភពលោកបានកំពុងជំរុញការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋរៀងៗខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ និងដើម្បីឆាប់បានស្តារសង្គម និងសេដ្ឋកិច្ចប្រទេសជាតិពីវិបត្តិជំងឺរាតត្បាតនេះឡើងវិញ»។
លោក ហេង សំរិន ក៏បានសម្តែងការកោតសរសើរដល់សកម្មភាពមនុស្សធម៌នានា ដែលបានកើតឡើងយ៉ាងផុលផុសនៅគ្រប់កន្លែង គ្រប់តំបន់ ដើម្បីជួយគ្នាទៅវិញទៅមកនៅគ្រាលំបាកនេះ ដែលជាវប្បធម៌ និងប្រពៃណីដ៏ថ្លៃថ្លា ក្នុងសង្គមកម្ពុជាតាំងពីដើមមក។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញថ្លែងថា អំណោយទាំងអស់នេះ រដ្ឋបាលរាជធានីភ្នំពេញនឹងយកទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទុះរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ "សហគមន៍ ២០កុម្ភៈ" នៅរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បន្តថាក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តរាល់វិធានការរដ្ឋបាល និងសុខាភិបាលយ៉ាងម៉ឺងម៉ាត់បំផុត ប្រកបដោយប្រសិទ្ធភាព បានទាន់ពេលវេលា ក្នុងការទប់ស្កាត់ ការពារសុខុមាលភាពប្រជាពលរដ្ឋ រក្សាសណ្តាប់ធ្នាប់ សុខសន្តិភាពសង្គម ពិសេសការចុះចែកអំណោយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋនៅក្នុងតំបន់ដែលត្រូវបិទខ្ទប់៕