ក្រចេះ: លោក ហេង ស្រស់ សកម្មជន​ការពារ​ព្រៃឈើ និង​ជា​អ្នក​ដែល​ធ្វើដំណើរ​តាម​ម៉ូតូ​ជាមួយ​លោក​ សែន សុទ្ធា ដើម្បី​ចុះទៅ​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់ ថ្លែង​ថា លោក សែន សុទ្ធា បាន​ស្លាប់​គឺ​បន្ទាប់ពី​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​ភរិយា​សព​ចង់​ឱ្យ​មាន​ការស៊ើបអង្កេត​ករណីនេះ​។

លោក ស្រស់ ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ម្សិលមិញ​ថា កាលពី​ថ្ងៃទី​ ១៦ ​ខែ​កក្កដា ពួកលោក​ទាំង​ ២ ​នាក់​បាន​ចុះ​ទៅក្នុង​តំបន់​ព្រៃឡង់​ស្ថិត​នៅ​ភូមិ​កាភ្លុក ឃុំ​កំពង់ចាម ស្រុក​សំបូរ​ដោយ​ស្នាក់នៅ​ក្នុងផ្ទះ​របស់​ប្រជាសហគមន៍​ដែល​ស្ថិត​នៅក្បែរ​ក្រុមហ៊ុន​ស៊ីងបាយអូថេក ដើម្បី​តាមដាន​អំពី​បទល្មើស​ព្រៃឈើ​។

លោក​ថា​៖ «​ម្ចាស់ផ្ទះ​បាន​រៀបចំ​បាយ​ហូប​ជុំគ្នា ហើយ​គឺ​យើង​បាន​ទិញ​ស្រា​មក​ហូប​ជុំគ្នា​ជាមួយ​សហគមន៍​។ ​ប៉ុន្តែ​គាត់​ (​សុទ្ធា​) មិនទាន់​បាន​ហូប​ (​ផឹក​) ​ទេ គឺ​ហូប​តែ​ខ្ញុំ​ដើម្បី​ជជែក​គ្នា​ជាមួយ​សហគមន៍ ដើម្បី​សួរថា តើ​ឈើ​ហ្នឹង​ដឹក​ចេញពី​កន្លែង​ណា​ចូល​ទៅ​កន្លែង​ណា​»​។

បើ​តាម​លោក ស្រស់ ក្រោយពី​លោក​បាន​ជជែក​គ្នា​បាន​មួយ​សន្ទុះ​លោក​ សុទ្ធា ក៏​បាន​ចូលមក​ផឹកស្រា​ជុំគ្នា​។ លោក​ថា ជាទូទៅ​នៅពេល​ចុះ​ធ្វើការ​ស៊ើបអង្កេត​អំពី​បទល្មើស​ព្រៃឈើ គឺ​តែង​មាន​ការទិញ​ស្រា​ទៅ​ផឹក​ជាមួយ​សហគមន៍​ដើម្បី​បង្កើត​ភាពស្និទ្ធស្នាល​។

«​នៅ​ប្រហែល​ម៉ោង​ ៤ ​រសៀល ពួកយើង​បាន​ឃើញ​គោយន្ត​ដឹកឈើ​ចូល​ទៅក្នុង​ក្រុមហ៊ុន ហើយ​យើង​បាន​ថត​ទុក​ធ្វើ​ជា​ភ័ស្ដុតាង ដើម្បី​បង្ហាញថា ក្រុមហ៊ុន​ហ្នឹង​ពិតជា​មាន​ការដឹកជញ្ជូន​ឈើ​ចូល​ទៅក្នុង​ក្រុមហ៊ុន​មែន​។ នៅ​ប្រហែល​កន្លះ​ម៉ោង ស្រាប់តែ​មាន​ប្រធាន​សន្ដិសុខ​ (​ក្រុមហ៊ុន​) ​ម្នាក់​គាត់​មក​ប្រាប់ថា ក្រុមហ៊ុន​គេ​ដឹង​ហើយ​ថា​អ្នក​ទាំង​ ២ ​បាន​មក​ទឹកដី​ហ្នឹង ហើយ​ខ្ញុំ​ក៏​បញ្ជាក់​ថា ពួកខ្ញុំ​មិនបាន​ចូល​ទឹកដី​របស់​ក្រុមហ៊ុន​ទេ​»​។

នៅ​ប្រហែល​ម៉ោងជាង​ ៨ ​យប់​លោក និង​លោក​ សុទ្ធា បាន​ជិះ​ម៉ូតូ​ចាកចេញ​ពី​ទីនោះ​ទៅ​កាន់​ភូមិ​មួយ​ផ្សេង​ទៀតហើយ​ក៏បាន​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​នៅតាម​ផ្លូវ​ហើយ​ក្រោយមក​ក៏បាន​ស្លាប់​មុនពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

ជុំវិញ​ករណី​គ្រោះថ្នាក់​នេះ​ស្នងការ​ខេត្តក្រចេះ​ក៏​បាន​ចេញ​សេចក្ដី​បំភ្លឺថា តាម​ការសន្និដ្ឋាន​​ គឺ​លោក សុទ្ធា បាន​ស្លាប់​ដោយសារ​តែ​គ្រោះថ្នាក់​បង្ក​ឡើង​ដោយ​ខ្លួនឯង​ព្រោះ​ការត្រួតពិនិត្យ​សព​ដោយ​គ្រូពេទ្យ​បង្ហាញថា​ជន​រងគ្រោះ​មាន​របួស​នៅ​ចង្កា​មាន​ឈាម​ហូរ​តាម​មាត់​ និង​ហើមពោះ​ហើយ​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​ផ្សេង​ឡើយ​។

ប៉ុន្តែ​អ្នកស្រី អ៊ិន សុភឿន ភរិយា​លោក សុទ្ធា អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​ឱ្យបាន​ច្បាស់លាស់​ដោយ​អ្នកស្រី​ថ្លែង​ថា សាកសព​ពុំ​ឃើញ​មាន​មុត​ ឬ​មាន​ស្នាមរបួស​អ្វី​ធ្ងន់ធ្ងរ​រហូត​ធ្វើឲ្យ​ស្លាប់​បែប​នេះ​នោះ​ឡើយ​៕