ភ្នំពេញៈ ក្នុងមហាសន្និបាតនៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើភាសាបារាំង (AIMF) ពីម្សិលមិញ ឧបនាយករដ្ឋមន្ត្រីលោក ហោ ណាំហុង រំឭកថាថ្ងៃទី ២ ធ្នូ ឆ្នាំ ១៩៧៨ ជាថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិផ្តួលរំលំរបបខ្មែរក្រហម និងថ្ងៃទី ២ ធ្នូ ឆ្នាំ ១៩៨៧ ជាថ្ងៃដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្តើមចរចាជាមួយអតីតព្រះមហាក្សត្រ នរោត្តម សីហនុ នៅប្រទេសបារាំង។
លោក ហោ ណាំហុង បានថ្លែងថា៖ «ដូចនេះ ខ្ញុំសូមរំឭកពីកាលបរិច្ឆេទមួយ ពោលគឺ ថ្ងៃ ២ ធ្នូ ឆ្នាំ ១៩៧៨ ថ្ងៃនោះគឺជាថ្ងៃនៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដើម្បីផ្តួលរំលំរបបខ្មែរក្រហម និងកាលបរិច្ឆេទមួយទៀតគឺថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅពេលដែលសម្ដេចនាយករដ្ឋមន្ត្រី (ហ៊ុន សែន) របស់យើងបានចាប់ផ្តើមចរចាជាមួយសម្តេចឪ នរោត្តម សីហនុ នៅ Fère en Tardenois ប្រទេសបារាំងដែលនាំឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងឆ្នាំ ១៩៩១»។
សាលារាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំមហាសន្និបាត AIMF លើកទី ៣៩ ឆ្នាំ ២០១៩ រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៣-៤ ខែធ្នូ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញក្រោមប្រធានបទ «AIMF ភ្នំពេញ ៤០ ឆ្នាំក្រោយមក»។ មហាសន្និបាតនេះត្រូវបានប្រារព្ធធ្វើឡើង ១ ថ្ងៃក្រោយពេលដែលមេដឹកនាំជាន់ខ្ពស់នៃប្រទេសកម្ពុជាបានប្រារព្ធខួបលើកទី ៤១ ឆ្នាំនៃការបង្កើតរណសិរ្ស ២ ធ្នូនេះ។
លោក ហោ ណាំហុង បញ្ជាក់ថាកាលបរិច្ឆេទជាប្រវត្តិសាស្ត្រថ្ងៃទី ២ ខែធ្នូនេះ បាននាំឱ្យកម្ពុជាធ្វើដំណើរឆ្ពោះទៅរកការបញ្ចប់របបប្រល័យពូជសាសន៍ខ្មែរក្រហមនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ និងបានបញ្ចប់សង្គ្រាមស៊ីវិលដែលអនុញ្ញាតឱ្យមានការរស់រានឡើងវិញ។ ជាមួយគ្នានេះក៏នាំឲ្យមានការធ្វើទំនើបកម្មរាជធានីភ្នំពេញក៏ដូចជាការរស់ឡើងវិញ និងទំនើបកម្មនៃជាតិខ្មែរជាទូទៅផងដែរ។
លោកថ្លែងថា៖ «កាលនោះ យើងត្រូវចិញ្ចឹម និងផ្ដល់ជម្រកជូនប្រជាជនរងភាពអត់ឃ្លានរាប់លាននាក់ ដែលទើបត្រឡប់មកពីជំរំធ្វើការដោយបង្ខំ។ យើងត្រូវកសាងរាល់ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងទាំងអស់ឱ្យស័ក្តិសមនឹងកេរ្តិ៍ឈ្មោះរាជធានីមួយនេះក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅទូទាំងប្រទេសដែលត្រូវបានបំផ្លាញទាំងស្រុងដោយរបបប្រល័យ ពូជសាសន៍ខ្មែរក្រហម»។
លោកថ្លែងថាចាប់ពីឆ្នាំ ២០០០ មកទីក្រុងភ្នំពេញបានប្រឈមនឹងបញ្ហាបន្ទាន់ថ្មីៗទៀត ព្រោះប្រជាជនបានចាកចេញពីជនបទចូលមករស់នៅដែលទាមទារឱ្យមានការសាងសង់លំនៅឋាននៅតាមសង្កាត់បណ្ដោះអាសន្នមួយចំនួន។ ចាប់ពីឆ្នាំ ២០០៤ មកទីក្រុងបានចាប់ផ្តើមការពង្រីកវិសាលភាពរបស់ខ្លួន ដោយចាប់ផ្ដើមឈានចូលដល់ដំណាក់កាលធ្វើឧស្សាហកម្មភាវូបនីយកម្ម និងបានបង្កើតការងារជាច្រើននៅតាមរោងចក្រវាយនភណ្ឌ។
លោក យ៉ង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាពថ្លែងថានៅក្នុងដំណើរការអភិវឌ្ឍន៍ទីក្រុងភ្នំពេញក្រោយពីរបបខ្មែរក្រហម ហេដ្ឋារចនាសម្ព័ន្ធត្រូវបានស្តារឡើងវិញ។ កាលពីសម័យសង្គមរាស្ត្រនិយម ទីក្រុងភ្នំពេញគឺជាទីក្រុងដែលឆើតឆាយ និងស្អាតជាងគេនៅក្នុងអាស៊ីអាគ្នេយ៍ ហើយសូម្បីតែប្រទេសសិង្ហបុរីក៏កោតសរសើរទីក្រុងភ្នំពេញដែរ៕