
លោក ហ៊ុន ជា ក្មួយប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានឃាត់ខ្លួនរឿងបាញ៉អាវុធប្រមាណ ១០ គ្រាប់។ រូបថត សហការី
ភ្នំពេញៈលោក ហ៊ុន ជា ក្មួយប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវឃាត់ខ្លួន ទាក់ទងនឹងករណីបាញ់បោះប្រមាណ ១០ គ្រាប់ នៅក្នុងសង្កាត់ផ្សារថ្មី ១ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃអង្គារ ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការរាជធានីភ្នំពេញហើយ នៅរសៀលថ្ងៃទី ២ ខែឧសភា។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។
លោក សុខ ខេមរិន្ទ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានអះអាងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅមុននេះបន្តិចថា ៖ «ឥឡូវនេះ កម្លាំងយើង បានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការរួចហើយ»។ លោកបញ្ជាក់ថា ៖ «ក្នុងអំឡុងពេលនេះ អ្នកណាៗ ក៏ដោយ ឲ្យតែផ្ទុះអាវុធ គឺច្បាមហើយ»។
លោក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យដឹងថា សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួន លោក ហ៊ុន ជា កាលពីព្រឹកថ្ងៃពុធ ។ លោកថ្លែងថា ៖ «នគរបាលរាជធានី មិនបានឃាត់គាត់ទេ តែវាជាសមត្ថកិច្ចរបស់... ក្រសួងមហាផ្ទៃ»។
ចំណែក លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ មានប្រសាសន៍បញ្ជាក់ថា ក្មួយប្រុសលោកនាយករដ្ឋមន្ត្រី ត្រូវសមត្ថកិច្ចក្រសួងឃាត់ខ្លួនពិតមែន។ លោកថ្លែងថា ៖ «ហ៊ុន ជា ហ្នឹងណា។...ក្រោយការផ្ទុះអាវុធ យើងទៅដល់...យើងអត់ធ្វើផ្ទាល់ទេ យើងសហការជាមួយក្រសួងមហាផ្ទៃ»។
លោក ហ៊ុន ជា សព្វថ្ងៃជាឧត្តមសេនីយ៍ផ្កាយបី ក្របខណ្ឌនគរបាលជាតិ ជាកូនប្រុសលោក ហ៊ុន សាន បងប្រុសលោក ហ៊ុន សែន។ លោក ហ៊ុន ជា ក៏ធ្លាប់បង្កការបាញ់បោះ កាលពីអតីតកាលផងដែរ។
ក្នុងឆ្នាំ ២០១២ លោកហ៊ុន ជា និងលោក ហ៊ុន តូ ដែលជាបងប្អូនជីដូនមួយនឹងគ្នា ត្រូវបានជាប់ចោទពីករណីបាញ់បោះ ដែលធ្វើឲ្យរបួសមនុស្ស ២ នាក់ តែក្រោយមកករណីនេះ ត្រូវបានទម្លាក់ចោល ដោយសារមានភស្តុតាងមិនគ្រប់គ្រាន់។
លោក សេង វុត្ថា នាយប៉ុស្តិ៍សង្កាត់ផ្សារថ្មីមួយ បានឲ្យដឹងថា ករណីផ្ទុះអាវុធនោះ បានកើតឡើង នៅមុខផ្ទះវេលុយ ទ្រូម៉ានី ដែលមានទីតាំងស្ថិតនៅភូមិ ១១ សង្កាត់ផ្សារថ្មីមួយ ហើយអ្នកដែលបង្ករការផ្ទុះអាវុធនេះ គឺជាក្មួយប្រុសរបស់លោកនាយករដ្ឋមន្ត្រី។
លោកនិយាយថា៖«យើងមិនដឹងថា គាត់ផ្ទុះអាវុធដោយសាររឿងអ្វីនោះទេ ប៉ុន្តែទំនងជាករណីជម្លោះពាក្យសម្តីនៅក្នុងគ្រួសារ ឬដោយសារគាត់ស្រវឹងស្រា ព្រោះក្រោយការផ្ទុះអាវុធ គាត់ឡើងជិះរថយន្តចេញទៅបាត់ ហើយកម្លាំងសមត្ថកិច្ចយើង បានត្រឹមតែរាយការណ៍ពីករណីនេះទៅថ្នាក់លើតែប៉ុណ្ណោះ»៕