កំពតៈ លោក ​ហ៊ុន ម៉ា​ណែត ​មេបញ្ជាការ​កងទ័ព​ជើងគោក​និង​ជា​កូនប្រុស​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​ថ្លែង​មិន​ចំឈ្មោះ​តែ​ត្រូវបាន​គេ​ដឹងថា ​អាច​សំដៅ​ទៅ​លោក ​សម រង្ស៊ី​ ប្រធាន​ស្តីទី​អតីតគណបក្ស​ប្រឆាំងនោះ ​លោក​ប្រាប់​ទៅកងទ័ព​ថា​ លោក ​រង្ស៊ី ​គឺជា​មនុស្ស​ដែល​មិន​ជួយ​អ្វី​សោះ​ដល់​ខ្មែរ​ក្រៅតែពី​បំផ្លិច​បំផ្លាញ​ និងញុះញង់​បង្កឱ្យមាន​ចលនា ​ដើម្បី​តែ​អំណាច​ផ្ទាល់ខ្លួន​ ហើយ​ទុក​ប្រទេស​ឱ្យនៅ​រង​ទុក្ខ។

ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ព្រំដែន​គោក​ប្រចាំ​ឆ្នាំ ​២០១៩ ​និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សមិទ្ធផល​នានា​ក្នុង​តំបន់​ប្រតិ​បត្តិការ​សឹក​រង​កំពត​នៅ​ខេត្ត​កំពត នាថ្ងៃ​ទី ២ កុម្ភៈ ​លោក​ហ៊ុន ម៉ា​ណែត ​ដែល​ក៏ជា​អគ្គមេបញ្ជាការ​រង​ក​ង​យោធពល​ខេមរ​ភូមិន្ទ បាន​ប្រាប់​កងទ័ព​កុំឱ្យ​ជឿ​តាម​ការ​ញុះញង់​រហូត​បំផ្លាញ​ប្រទេស​ខ្លួន ក្រោយពី​លោក​លើកឡើងថា ​មាន​អ្នកនយោបាយ​ខ្លះ​ដែល​ប្រៀបធៀប​កម្ពុជា​ទៅនឹង​ប្រទេស​ វ៉េណេស៊ុយអេឡា ​កំពុង​ដើរ​បំផុស​ចលនា​ដល់​ប្រជាជន​និង​កងទ័ព។

លោក​ហ៊ុន ម៉ាណែត ​ថ្លែងថា​៖ «ប៉ុន្តែ​សូម​កុំភ្លេចថា ​តួអង្គ​នេះ​ មិនដែល​ជួយអ្វី​ដល់​ស្រុក​ខ្មែរ​នោះទេ​ ក្រៅពី​បំផ្លិច​បំផ្លាញ​ក្រៅពី​ញុះញង់​ដើម្បី​អំណាច​ផ្ទាល់ខ្លួន។ ប្រជាពលរដ្ឋ​កំពុងតែ​មាន​សេចក្ដី​សុខ ​(សម រង្ស៊ី) ដឹកនាំ​បាតុកម្ម​តាម​រោងចក្រ ​តាម​​បន្ទាត់​ព្រំដែន ​ដើរ​បំផុស​ចលនា​ឱ្យ​បរទេស​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ធ្វើបាប​ប្រជាជន​ខ្លួនឯង ​ហើយ​លើក​នេះ​ដើរ​បំផុស​ចលនា​ដល់​កងកម្លាំង។ បើ​ចង់​ឈ្នះ​ខំប្រឹង​ទៅ ​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ ​កុំ​ដើរ​អុជអាល​ប្រជាពលរដ្ឋ កងកម្លាំង​ប្រដាប់​អាវុធ ​បំផ្លាញ​ប្រទេស​​ខ្លួនឯង​ដើម្បី​មហិច្ឆតា​នយោ​បាយ​ខ្លួនឯង​ ហើយ​អាង​តែ​ខ្លួន​មាន​លិខិត​ឆ្លងដែន​បរទេស​ងាយ​ស្រួល​ទៅ​នៅ​បរទេស​ទុកឱ្យ​ប្រទេស​វេទនា​ ប្រជាជន​វេទនា»។

លោកបន្តថា ​ទន្ទឹមនឹង​សេចក្ដីសុខ ​ស្មារតី​ឯកភាព​ជាតិ ​ការធានា​សន្តិភាព ​និង​ស្ថិរភាព​នយោបាយ​សង្គម ​កងទ័ព​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ជាពិសេស​ឥទ្ធិពល​នៃ​ការ​វិវត្តសភាពការណ៍​សន្ដិសុខ​ពិភពលោក ​និង​តំបន់ ដូច​ជាការ​ចិញ្ចឹមចិត្ត​ផ្ដួលរំលំ​រដ្ឋាភិ​បាល​ស្រប​ច្បាប់​តាម​គ្រប់​រូបភាព ​ជាពិសេស​ចលនា​បដិវត្ត​ន៍​ពណ៌​និង​ការ​ប៉ុន​ប៉ង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុងពី​សំ​ណាក់​បរទេស​តាម​គ្រប់​រូប​ភាព។

លោក​ថា​៖ «ខ្ញុំ​ជឿថា ពូ​មីង​ដែលជា​អតីតយុទ្ធជន​មិន​ចង់ឱ្យ​ប្រទេស​ និង​កូនចៅ​របស់​ខ្លួន​វេទនា​ដោយសារ​សង្គ្រាម​ដូច​អតីតកាល​នោះ​ទេ គឺ​ចង់ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​មាន​សេចក្ដី​សុខ។ កម្លាំង​ប្រដាប់​អាវុធ​ក៏​ដូចគ្នា ​យើង​ត្រៀម​ការពារជាតិ​គឺ​មិនឱ្យ​ប្រទេស​ធ្លាក់​ទៅក្នុង​សង្គ្រាម​​ខ្មែរ​ និង​ខ្មែរ​ឡើយ»។

ក្រសួង​ការពារ​ជាតិ​ ថ្មីៗនេះ​ប្រកាស​ថ្កោល​ទោស​លោក​សម រង្សី​ ដែល​បាន​អំពាវនាវ​កងទ័ព​កុំឱ្យ​ស្ដាប់​តាម​បញ្ជា​រដ្ឋា​ភិបា​ល​ក្រោយពី​លោកសម រង្ស៊ី ​អំពាវ​នាវ​​​សហគមន៍​អន្តរជាតិ​ប្រឆាំង​រដ្ឋាភិបាល​លោក​ហ៊ុន សែន ​ឱ្យ​ដូច​គ្នា​ដែល​សហគមន៍​អន្តរជាតិ​​កំ​ពុង​ប្រឆាំង​នឹង​រដ្ឋាភិ​បាល​ដឹក​នាំ​ក្នុង​ប្រទេស​ វ៉េណេ​ស៊ុយអេឡា។

លោក​គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​​សភា​កម្ពុជា ថាបើ​កងទ័ព​មិន​ស្ថិតក្រោម​រដ្ឋាភិ​បាល​​ទេ ​វា​អាច​ធ្វើឱ្យ​ប្រទេស​មាន​អស្ថិរភាព​នយោបាយ​។

លោក​ថា​៖ «ឧទា​ហរណ៍​ដូចជា​ករណី​នៅ​ថៃ​ដែល​មាន​​រដ្ឋប្រហារ​ញឹក​ញាប់​ដូរ​របប​ដឹកនាំ​ញឹកញាប់​នោះ​ គឺ​ដោយ​សារកងទ័ព​លែង​ដើរ​តួនាទី​ជា​ឧបករណ៍​របស់​រដ្ឋាភិបាល»។

អ្នក​វិភាគ​នយោបាយ​លោក​ មាស នី​មិន​អាចទាក់ទង​បាន​៕