ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ នៃ​ក្រសួង​ការពារជាតិ​បានចាត់ទុក​ចម្លើយ​របស់​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​សរសេរ​នៅលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា បាន​ចុះចាញ់​ការភ្នាល់​អំពី​ការចោទប្រកាន់​របស់​លោក​លើ​សញ្ញាបត្រ​យោធា​ដែល​ចេញ​ដោយ​សាលា West Point នៃ​សហរដ្ឋ​អាមេរិក​គឺ​ក្លែងក្លាយ​។

លោក ហ៊ុន ម៉ាណែត បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់លោក​កាលពី​ថ្ងៃ​អង្គារ ដោយ​អះអាង​ថា លោក សម រង្ស៊ី បាន​ឆ្លើយថា មិនចាំបាច់​ភ្នាល់​ទេ​គឺ​មានន័យ​ស្មើនឹង​លោក សម រង្ស៊ី មិន​ហ៊ាន​ភ្នាល់!!! ពោលគឺ​មិន​ហ៊ាន​ចេញមុខ​ការពារ​នូវ​អ្វីដែល​ខ្លួន​លោក​បាន​និយាយ​នោះទេ​។

ការ​និយាយថា មិន​ចាំបាច់​ភ្នាល់ ឬ​ការព្យាយាម​បង្វែរ ប្រធានបទ​ពី​ការការពារ​អំណះអំណាង​របស់​លោក​ចេញ​ពី​ប្រធានបទ​សញ្ញាបត្រ​នៅ​សាលា West Point ទៅជា​ប្រធានបទ​ផ្សេង អ្នកណា​ក៏​អាច​យល់​បាន​ថា ជា​វិធីសាស្ត្រ​ដកថយ​ដែល​សូម្បីតែ​ក្មេង​ក៏​អាច​យល់បាន​ដោយ​ងាយ​ដែរ​។

លោក ហ៊ុន ម៉ាណែត បាន​ឲ្យ​ដឹងថា​៖ «​ពាក្យ​ថា​មិន​ចាំបាច់​ភ្នាល់ គឺ​មាន​ន័យ​ស្មើ​នឹង​មិន​ហ៊ាន​ភ្នាល់​។ ខ្ញុំ​សុំ​មិន​និយាយ​ទៀត​ទេ ដោយ​ខ្ញុំ​មាន​កិច្ចការ​ច្រើន​ទៀត​ដែល​ត្រូវធ្វើ ដូច្នេះ​មិន​មាន​ពេល​កំដរ​លោក​ សម រង្ស៊ី ឆ្លើយឆ្លង​រឿង​អ្វីដែល​លោក​និយាយ​ហើយ​មិន​ហ៊ាន​ការពារ​នោះ​ទៀត​ទេ​។ សូម​ទុក​ជូន​មហាជន​លោក​វិនិច្ឆ័យ​ចុះ​!»​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​កាលពី​ម្សិលមិញ (​ថ្ងៃទី​ ៣០ ខែ ​កញ្ញា ឆ្នាំ​ ២០១៩) ខ្ញុំ​បាន​ចោទសួរ​ទៅ​លោក សម រង្ស៊ី ​ថា​តើ​លោក​ហ៊ាន ឬ​មិន​ហ៊ាន​ភ្នាល់​ជាមួយ​ខ្ញុំ ដើម្បី​ការពារ​ពាក្យសម្តី​ដែល​លោក​បាន​និយាយ​ជា​សាធារណៈ​ទាក់ទង​រឿង​សញ្ញាបត្រ West Point របស់ខ្ញុំ​។ សូម​អរគុណ​លោក សម រង្ស៊ី ដែល​បាន​ផ្តល់​ចម្លើយ​ដែល​បញ្ជាក់​ពី​កម្រិត​នៃ​ភាពក្លាហាន​របស់​លោក​ក្នុង​ការការពារ​ពាក្យសម្តី​របស់​លោក​»​។

ទោះបី​ជា​លោក សម រង្ស៊ី មិន​ទទួល​ការភ្នាល់​ជាមួយ​លោក ហ៊ុន ម៉ាណែត តែ​លោក​ សម រង្ស៊ី នៅតែ​បន្ត​បន្តុះបង្អាប់​ទៅលើ​សញ្ញាបត្រ​របស់​លោក ហ៊ុន ម៉ាណែត​ និង​ក្រុមគ្រួសារ​លោក ហ៊ុន ម៉ាណែត និង​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ដោយ​សំអាង​តែ​លើ​សញ្ញាបត្រ​ក្លែងក្លាយ ឬ​សញ្ញាបត្រ​ប្រភេទ​ទី​ ២ ដែលមាន​កម្រិត​ទាប​ជាង​ស្តង់ដា​នៅ​ប្រទេស​គេ​។

លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​ក្នុងករណី​លោក ហ៊ុន ម៉ាណែត ខ្ញុំ​ចង់​និយាយ​ពី​សញ្ញាបត្រ​ប្រភេទ​ទី​ ២ ដែល​ឆ្លុះបញ្ចាំង​ការទទួល​បាន​ចំណេះដឹង​និង​ជំនាញ កម្រិត​ទាប​ជាង​ស្តង់ដា​សិក្សា​ធម្មតា​នៅ​សហរដ្ឋអាមេរិក​»​។

លោក រង្ស៊ី បាន​អះអាង​ថា​នៅ​សហរដ្ឋអាមេរិក​ និង​ទ្វីបអឺរ៉ុប​សញ្ញាបត្រ​ប្រភេទ​ទី​ ២ ​បែប​នេះ​គេ​ចែក​ឲ្យ​និស្សិត​ជា​ជនជាតិ​បរទេស​ដែល​មាន​កម្រិតសិក្សា​ទាប​ជាងគេ​មែន តែ​អាច​នាំមក​នូវ​ទំនាក់ទំនង​ផ្នែក​នយោបាយ​ដែល​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ដែល​ទទួល​និស្សិត​ជា​ជនជាតិ​បរទេស​ទាំងនោះ​។ ចំណេះដឹង និង​ជំនាញ​ពិតប្រាកដ​ត្រូវ​បង្ហាញ​តាមរយៈ​ស្នាដៃ​ជាក់ស្តែង និង​ស្មារតី​ទទួល​ខុសត្រូវ​មិន​ចាំបាច់​ទៅ​ស្បថស្បែ ឬ​ភ្នាល់​គ្នា​ដូច​កូនក្មេង​ទេ​។

លោក ច័ន្ទ សុផល ​នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់លោក​ទៅលើ​ការ​ភ្នាល់​រវាង​លោក ហ៊ុន ម៉ាណែត និង​លោក សម រង្ស៊ី ដោយបាន​ឲ្យ​ដឹងថា លទ្ធផល​ដែល​ទំនងជា​នឹង​កើតឡើង​គឺ​អ្នក​ដែល​ចោទ​គេ​ខុស​មិន​ហ៊ាន​ភ្នាល់​ទេ គាត់​នឹង​នៅ​ជា​អ្នកនយោបាយ​ដដែល ម្ខាង​ទៀត​នឹង​នៅ​ជា​មេទ័ព​ដដែល​។

លោក សុផល បាន​ឲ្យ​ដឹងថា​៖ «​ការដែល​អ្នកចោទ​មិន​ហ៊ាន​ភ្នាល់ វា​នឹង​សឱ្យ​ឃើញ​ថា គាត់​បាន​និយាយ​តែ​ផ្តាស គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។ អ្នក​ងប់​តាម​គាត់​នឹង​នៅ​តែ​ដង្ហែ​តាម​គាត់​ដដែល អ្នក​ស្អប់​គាត់​នឹង​កាន់តែ​ស្អប់​គាត់​ថែមទៀត រីឯ​អ្នកកណ្ដាល​កាន់តែ​ងាក​ចេញ​ពី​គាត់​។ នេះ​ជាការ​យល់ឃើញ​របស់ខ្ញុំ​ប៉ុណ្ណោះ​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ឲ្យ​ដឹងថា លោក សម រង្ស៊ី ជា​មនុស្ស​តែងតែ​ចូលចិត្ត​វាយប្រហារ ញុះញង់ បរិហារកេរ្តិ៍​ដោយ​គ្មាន​ហេតុផល និង​មូលដ្ឋាន​ច្បាស់លាស់​ដែល​ធ្វើ​ឲ្យ​​ប្រជាជន​មាន​ការយល់​ច្រឡំ​។

លោក ភា បាន​ឲ្យ​ដឹងថា​៖ «​លោក សម រង្ស៊ី​ជា​មនុស្ស​មាន​បញ្ហា​ខាង​ស្មារតី​ពីព្រោះ​គាត់​តែងតែ​ដើរ​ចោទប្រកាន់​គេ​គ្រប់គ្នា ដោយ​មិន​សម​ហេតុផល ហើយ​គាត់​មិន​ហ៊ាន​ភ្នាល់​ទេ​ដោយសារ​តែ​គាត់​និយាយ​តាម​ការនឹកឃើញ ហើយ​និយាយ​គ្មាន​មូលដ្ឋាន និង​មិន​អាច​រក​ទឡ្ហីករណ៍​មក​ការពារ​ខ្លួន និង​ភាសា​របស់​លោក​តែងតែ​ញុះញង់ បរិហារ​អ្នកដទៃ​ដែល​ធ្វើឲ្យ​សាធារណជន​មានការ​យល់ច្រឡំ​»​។

កាលពី​ថ្ងៃ​ចន្ទ ទី​ ៣០ ខែ​កញ្ញា​នេះ លោក ហ៊ុន ម៉ាណែត បាន​អះអាង​ដោយ​យក​ការភ្នាល់​ពី​ភាព​ពិត​ថា លោក​នឹង​លាលែង​ពី​មុខ​តំណែង​ទាំងអស់​នៅក្នុង​រាជរដ្ឋាភិបាល បើ​សិន​ជា​លោក សម រង្ស៊ី រកឃើញ​ភ័ស្តុតាង​មក​បញ្ជាក់​ពី​ការ​ចោទប្រកាន់​ថា សញ្ញាបត្រ​ដែល​ចេញ​ដោយ​សាលា West Point គឺ​ក្លែងក្លាយ ឬ​ការទូត ប៉ុន្តែ​បើ​គ្មាន​ភ័ស្តុតាង​ទេ លោក សម រង្ស៊ី ត្រូវ​លាឈប់​ពី​នយោបាយ​ជា​រៀងរហូត​៕

វីដេអូ៖