ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាមន្ត្រីយោធាជាន់ខ្ពស់កាលពីម្សិលមិញបានថ្លែងថាកងយោធពលខេមរភូមិន្ទកម្ពុជា ប្តេជ្ញាចិត្តកម្ចាត់ការប៉ុនប៉នផ្តួលរំលំរដ្ឋាភិបាលតាមរយៈ «បដិវត្តន៍ពណ៌» ខណៈលោកកំពុងបង្ហាញសម្ភារយោធានៅពីក្រោយការបង្ក្រាបនាពេលថ្មីៗរបស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំង។
បន្ទាប់ពីការរំលាយគណបក្ស សង្គ្រោះជាតិ កាលពីខែវិច្ឆិកា ពាក់ព័ន្ធនឹងការចោទប្រកាន់ថា រៀបចំធ្វើបដិវត្តន៍ពណ៌ដែលត្រូវបានមជ្ឈដ្ឋានជាច្រើនរិះគន់ យោធាបានចេញមកគាំទ្រខ្លាំងក្លាចំពោះការរំលាយគណបក្សសង្គ្រោះជាតិនេះ។
ជាងនេះផងដែរ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទលោក ប៉ុល សារឿន កាលពីខែមុនបានអះអាងដោយមិនមានភ័ស្តុតាងថា គណបក្សសង្គ្រោះជាតិកំពុងរៀបចំកងប្រដាប់អាវុធដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងរដ្ឋាភិបាល។
លោក ម៉ាណែត បានថ្លែងនៅពិធីកីឡាដើម្បីរំឭកខួបទិវា «ជ័យជម្នះលើរបបប្រល័យពូជសាសន៍» កាលពីថ្ងៃ ៧ មករា និងថ្លែងមកកាន់អ្នកកាសែតថា កងទ័ពនឹងមិនអនុញ្ញាតឲ្យមានធាតុណាមួយដែលប៉ះពាល់ «ស្ថិរភាព និងការអភិវឌ្ឍ» ដែលមិនគោរពគោលការណ៍ប្រជាធិបតេយ្យនៅក្នុងប្រទេសនោះទេ។
លោកបន្តថា៖ «កងយោធពលខេមរភូមិន្ទកម្ពុជាប្តេជ្ញាការពារមិនឲ្យវាកើតមាននៅក្នុងទឹកដីរបស់យើងទេដោយសារវាអាចនាំឲ្យមានខូចខាតស្ថិរភាពផ្ទៃក្នុង និងការអភិវឌ្ឍ»។
លោកបន្តថា៖ «កងយោធពលខេមរភូមិន្ទកម្ពុជាប្តេជ្ញាការពាររដ្ឋាភិបាលដែលស្របច្បាប់ និងស្របទៅតាមរដ្ឋធម្មនុញ្ញដែលកើតចេញពីការបោះឆ្នោតជារៀងរាល់ ៥ ឆ្នាំម្តង»។
ជាការពិតក្រុមអ្នកឃ្លាំមើលអន្តរជាតិជាច្រើនរដ្ឋាភិបាលបរទេស និងអង្គការសិទ្ធិមនុស្សបានហៅការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យថាជាការវាយប្រហារធ្ងន់ធ្ងរទៅលើលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
កម្មវិធីនេះដែលត្រូវបានប្រារព្ធធ្វើឡើងកាលពីឆ្នាំមុនផងដែរបានធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានថ្លែងទៅកាន់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារាប់ពាន់នាក់នៅកោះពេជ្រកាលពីថ្ងៃអាទិត្យ និងបានព្រមានថាបដិវត្តពណ៌ត្រូវបានបញ្ចប់ ប៉ុន្តែនៅមាន «មជ្ឈដ្ឋានអគតិ» ដែលចង់ចាប់ផ្តើមបដិវត្តន៍នេះម្តងទៀត។
កាលពីម្សិលមិញសម្ភារយោធាធុនធ្ងន់ត្រូវបានដាក់បង្ហាញនៅកោះពេជ្រ រួមមានរថពាសដែក ឧទ្ធម្ភាគចក្រ Z9 កាំភ្លើងយន្ត រថគ្រោះ T-55 និងឧបករណ៍ដទៃៗទៀត។
ដោយនឹងចាប់ផ្តើមនៅថ្ងៃនេះសាធារណជននឹងត្រូវបានអញ្ជើញឲ្យទស្សនាការតាំងបង្ហាញទាំងនេះ និងថតរូប និងចូលរួមវគ្គប្រកួតផ្សេងៗ។
លោក ម៉ាណែត ក៏បានច្រានចោលការលើកឡើងដែលថាការដាក់បង្ហាញកងយោធានៅកណ្តាលទីក្រុងបែបនេះអាចមានបំណងបំភិតបំភ័យដល់ប្រជាពលរដ្ឋដោយលោកបានថ្លែងថានឹងមិនមានមនុស្សរាប់ពាន់នាក់ចូលរួមនៅក្នុងព្រឹត្តិការណ៍នេះទេកាលពីឆ្នាំមុន ប្រសិនបើជាករណីដូចលើកឡើងនោះ។
លោកបានថ្លែងទៀតថា៖ «ការតាំងពិព័រណ៍ឧបករណ៍កងទ័ពរបស់យើងនៅទីនេះគឺដើម្បីបង្ហាញដល់សាធារណជនអំពីសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធរបស់យើងក្នុងការការពារទឹកដីរបស់យើង»។
កាលពីដើមសប្តាហ៍នេះលោក អ៊ូ ចាន់រ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថាការតាំងពិព័រណ៍យោធានេះគឺមានបំណងដើម្បីបំភិតបំភ័យប្រជាពលរដ្ឋ ខណៈដែលអតីតតំណាងរាស្ត្របក្សសង្គ្រោះជាតិម្នាក់ទៀតគឺលោក ជាម ច័ន្ទនី ដែលកាលពីម្សិលមិញលើកឡើងដូចគ្នា បើទោះបីជាទទួលស្គាល់ថាព្រឹត្តិការណ៍បែបនេះមានជាទូទៅនៅតាមបណ្តាប្រទេសដទៃទៀតក្តី។ លោក ច័ន្ទនី បានថ្លែងថា៖ «ប៉ុន្តែនៅពេលដែលមានចេតនាបំភិតបំភ័យប្រជាពលរដ្ឋដែលប្រឆាំងនឹងរដ្ឋាភិបាលកំពុងកាន់អំណាចនោះខ្ញុំគិតថាវាមិនល្អទេ»។
អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានថ្លែងថាសាធារណជនបានដឹងយ៉ាងច្បាស់ថាកងកម្លាំងប្រដាប់អាវុធហាក់ដូចជាចង់ការពាររដ្ឋាភិបាល ការពារនាយករដ្ឋមន្ត្រី និងគ្រួសាររបស់គាត់ជាជាងផ្តោតទៅលើតួនាទីរបស់ខ្លួនដើម្បីការពារពីការគំរាមកំហែងពីខាងក្រៅ។
លោកបានបញ្ជាក់ថា៖ «កងទ័ពរបស់យើងនៅក្នុងរយៈពេលពីរ ឬបីឆ្នាំចុងក្រោយនេះហាក់បានយកចិត្តទុកដាក់ តែទៅលើកិច្ចការខាងក្នុងប៉ុណ្ណោះ ដែលវាផ្ទុយពីតួនាទីពិតប្រាកដរបស់ខ្លួន។ កងទ័ពត្រូវបានប្រើប្រាស់ដើម្បីការពារអំណាចរបស់បុគ្គល ដែលកំពុងកាន់អំណាច ឬរដ្ឋាភិបាលនិងដើម្បីពង្រឹងអំណាចរបស់គាត់»។
ផ្តោតទៅលើការអត្ថាធិប្បាយរបស់លោក ហ៊ុន ម៉ាណែត លោក Phil Robertson មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សបានថ្លែងថាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីគឺកំពុងលើកឡើងម្តងទៀតអំពីវោហារសាស្ត្រនយោបាយរបស់ឪពុកលោក ដោយបានបន្តធ្វើអត្ថាធិប្បាយបន្ថែមទៀតអំពីបដិវត្តន៍ពណ៌។
លោកថ្លែងតាមរយៈអ៊ីមែលថា៖ «ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត អំពីបដិវត្តន៍ពណ៌ដែលមិនកើតមានគឺបង្ហាញអំពីការដើរតាមឪពុករបស់គាត់ហើយជាថ្មីម្តងទៀតវាបានបង្ហាញថាគាត់រៀនបានតិចប៉ុនណាក្នុងអំឡុងពេលដែលគាត់ទៅសិក្សានៅសហរដ្ឋអាមេរិកនោះ»៕ PS/NS
រាយការណ៍បន្ថែមដោយ Ananth Baliga