សៀមរាបៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោកអះអាងថា ការធ្វើកំណែទម្រង់កងទ័ពគឺជាការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធយកឈ្នះលើសមរភូមិក្នុងការការពារបូរណភាពទឹកដីជាអ្វីដែលលោកចាត់ទុកថា មានសារៈសំខាន់ជាខ្លាំង។
ការលើកឡើងរបស់លោកដូចនេះបានធ្វើឡើងនៅក្នុងពិធីប្រកាសតែងតាំងមុខងារ មេបញ្ជាការ និងនាយសេនាធិការយោធភូមិភាគទី ៤ នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី ៤ ខេត្តសៀមរាបកាលពីថ្ងៃទី ១ ខែធ្នូដោយលោកលើកឡើងថា ទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការកំណែទម្រង់កងទ័ពគឺការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ ត្រៀមយកឈ្នះលើសមរភូមិក្នុងការការពារបូរណភាពទឹកដីជាអ្វីដែលលោកចាត់ទុកថា មានសារៈសំខាន់បំផុត។
លោកបានបញ្ជាក់ថា៖ «ទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅក្នុងការធ្វើកំណែទម្រង់កងទ័ព តួនាទីភារកិច្ចកងទ័ពក្នុងកងយោធពលខេមរភូមិន្ទ ពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធត្រៀមយកឈ្នះលើសមរភូមិក្នុងការការពារបូរណភាពទឹកដីឈ្នះទៅលើការការពារសុខសន្តិភាពជូនប្រជាជន ឈ្នះលើសត្រូវគ្រប់បែបយ៉ាង»។
នៅក្នុងពិធីនោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានការពារការតែងតាំងតួនាទីថ្មីជាមេបញ្ជាការយោធភូមិភាគទី ៤ ដល់លោកឧត្តមសេនីយ៍ទោ ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក និងតួនាទីជានាយសេនាធិការយោធភូមិភាគទី ៤ ដល់លោកឧត្តមសេនីយ៍ទោ សុខ រីនណា ជាមេបញ្ជាការរងផងដែរដោយលោកថា ធ្វើឡើងដោយបានឆ្លងកាត់ការត្រួតពិនិត្យពិភាក្សាវាយតម្លៃយ៉ាងហ្មត់ចត់ពីជួរថ្នាក់ដឹកនាំកងទ័ព។
លោកគូសបញ្ជាក់ថា៖ «កន្លងទៅចំពោះនាយទាហានជាច្រើនទៀតដែលមានស្នាដៃ ប៉ុន្តែការជ្រើសរើសនាយទាហានទាំង ២ រូបនេះគឺគោលការណ៍ទី ១ យើងផ្ដល់អាទិភាពចំពោះអ្នកនៅក្នុងអង្គភាពស្រាប់ ហើយការងារនេះគឺជាការងារដែលកងទ័ពជើងគោកនឹងខិតខំដើម្បីយកជាគោលការណ៍នៅក្នុងការតែងតាំងនៅគ្រប់អង្គភាព។ ទី ២ គឺផ្អែកទៅលើឆន្ទៈសមត្ថភាព បទពិសោធ អតីតភាពនៃការងារ ជាពិសេសមានភាពជាអ្នកដឹកនាំ និងការទទួលខុសត្រូវព្រោះការជ្រើសរើសនេះសំខាន់នៅក្នុងការតែងតាំង អង្គភាពនីមួយៗ... និងឯកភាពផ្ទៃក្នុងគឺសំខាន់ណាស់។ ការជ្រើសរើសមេបញ្ជាការដែលអាចថែរក្សាសាមគ្គីផ្ទៃក្នុងបានល្អគឺសំខាន់ណាស់»។
លោកបានបន្ថែមថាសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាគឺជាជ័យជម្នះដ៏ធំធេងបំផុតដែលបានផ្តល់ឲ្យប្រជាជនកម្ពុជាក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយថា រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យបរទេស ក្រុម ឬជនណាមួយធ្វើសកម្មភាពបំផ្លាញសន្តិភាព និងសមិទ្ធផលឡើយ។
លោកបានបញ្ជាក់ទៀតថា៖ «រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យបរទេសក្រុម ឬជនណាមួយធ្វើសកម្មភាពបំផ្លាញសន្តិភាព និងសមិទ្ធផលដែលសម្រេចបានដោយពលិកម្មអាយុជីវិតតាមរយៈការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងដែលអាចធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមសាជាថ្មីទៀតឡើយ»។
ប៉ុន្តែអ្នកវិភាគ និងជាអ្នកឃ្លាំមើលការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី បានថ្លែងថារាជរដ្ឋាភិបាលគួរប្រឹងប្រែង និងពង្រឹងវិស័យសេដ្ឋកិច្ចឱ្យច្រើនជាងវិស័យយោធាដោយលោកថា ពេលវិស័យសេដ្ឋកិច្ចមានការរីកចម្រើននោះវានឹងជួយឲ្យវិស័យយោធាកាន់តែរឹងមាំ។
លោកបានបញ្ជាក់ថា៖ «យើងត្រូវតែពង្រឹងវិស័យយោធា តែពេលដែលយើងពង្រឹងវិស័យយោធា វាត្រូវតែស៊ីគ្នាទៅនឹងការរីកចម្រើនវិស័យសេដ្ឋកិច្ចផងដែរ...»៕