ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត បានធ្វើការ​បកស្រាយ​ចំពោះ​ការបញ្ជាទិញ​រថយន្តយោធា​ចំនួន ២៩០ ​គ្រឿង ពី​ប្រទេស​ចិន ​ដោយ​លោក​បញ្ជាក់ថា ការបញ្ជាទិញ​រថយន្ត​ដែល​មិនបាន​ប្រើប្រាស់​ថវិកាជាតិ​សូម្បី​តែមួយ​រៀល​នេះ គឺ​បាន​ធ្វើឡើង​តាំងពី​យូរ​មកហើយ មិនមែន​ទើបតែ​ធ្វើ​ក្នុង​អំឡុងពេល​ដែល​មាន​ការផ្ទុះ​ជំងឺ​កូវីដ​នេះ​ទេ​។

លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បែងចែក​រថយន្ត​យោធា​ទាំងនេះ ជូន​ដល់​បណ្តា​ស្ថាប័ន​អង្គភាព​នៃ​កងយោធពល​ខេមរភូមិន្ទ និង​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កាលពី​ម្សិលមិញ​។

លោក​ ហ៊ុន ម៉ាណែត លើក​ឡើង​ថា​៖ «(​ការទិញ​រថយន្ត​) ​អត់​បាន​ប្រើប្រាស់​ថវិការដ្ឋ ១ ​រៀល​ទេ​!​ គឺ​កើតចេញ​ពី​ការកៀរគរ​ក្រុមហ៊ុន និង​សប្បុរសជន​ទាំង​អស់ហើយ​សូមបញ្ជាក់ រឿង​សម្តេច​តេជោ​អំពាវនាវ​ឲ្យ​ជួយ​កងទ័ព មិនមែន​គាត់​ទើបតែ​ធ្វើ​ទេ គឺ​គាត់​ធ្វើ​រាប់​ឆ្នាំ​មកហើយ​។ រឿង​ដែល​សប្បុរសជន ក្រុមហ៊ុន​ជួយ​តាម​ការអំពាវនាវ​របស់​សម្តេច​ក៏​មិនមែន​ជា​រឿង​ថ្មី​ដែរ​រឿង​វា​យូរ​មកហើយ ដែល​គេ​ធ្វើ​ជាប់​ជាប្រចាំ ដើម្បី​ជួយ​កាត់បន្ថយ​បន្ទុក​រដ្ឋាភិបាល​»​។

លោក ម៉ាណែត​ថ្លែង​ទៀតថា បើ​ក្នុង​ករណី​ដែល​កម្ពុជា បញ្ជា​ទិញ​រថយន្ត​ទាំងនេះ​ក្នុង​អំឡុងពេល​ផ្ទុះ​ជំងឺ​កូវីដ ១៩ ក៏​កម្ពុជា​សម្រេចចិត្ត​មិន​បញ្ជា​ទិញ​ដែរ ព្រោះ​ក្នុង​ពេលនេះ តម្រូវការ​ក្នុង​ការទប់ស្កាត់​បញ្ហា​កូវីដ គឺ​ចាំបាច់​ជាង​ ប៉ុន្តែ​ការបញ្ជាទិញ​នេះ​បាន​ធ្វើឡើង​តាំងពី​យូរមក​ហើយ​។ លោក​ថា អ្វីដែល​តម្រូវ​ឲ្យ​លោក​ចេញ​មុខ​បកស្រាយ ព្រោះ​តែ​មាន​ការលើកឡើង​ផ្ទុយ​ពី​គោលបំណង​របស់​រដ្ឋាភិបាល​ក្នុង​ការទិញ​រថយន្ត​ទាំងនេះ​ធ្វើឲ្យ​មាន​ការយល់​ច្រឡំ​ពី​សាធារណជន​។

លោក​បញ្ជាក់ថា​៖ «​កុំ​គិតថា កងទ័ព គ្មាន​ការគិត​ពិចារណា យើងខ្ញុំ​បញ្ជាក់ ២ ចំណុច​នេះ យើង​បាន​ធ្វើការ​ជាមួយ​សប្បុរជន កុម្មង់​មក តាំងពី​ពាក់កណ្តាល​ឆ្នាំ ២០១៩ ​គេ​កក់​លុយ​អី​ហើយ បាន​ក្រុមហ៊ុន​គេ​ចាប់​ផ្តើមធ្វើ​ឡាន​ហើយ​ករណី​កូវីដ​ផ្ទុះ គឺជា​រឿង​ដែល​នឹកស្មាន​មិន​ដល់​ និង​មិនអាច​ដឹង​មុន​នោះ​ទេ​...​ដែល​ការរៀបចំ​ពិធី​ប្រគល់​រថយន្ត​ទាំងនេះ គ្រោង​នឹងធ្វើ​តាំងពី​ដើមឆ្នាំ ប៉ុន្តែ​ដោយសារ​បញ្ហា​ (​រថយន្ត​) ​ជាប់គាំង​នៅ​ប្រទេស​ចិន​ទើប​ពន្យារពេល​មក​ពេលនេះ​»​។

លោក​បន្ត​ថា រថយន្ត​ទាំងនេះ​ក៏​ជា​ប្រយោជន៍​សម្រាប់​កងកម្លាំង​ប្រដាប់អាវុធ​ប្រើប្រាស់​ក្នុង​ឱកាស​ដែល​កម្ពុជា​អាច​នឹង​ប្រឈម​ដោយ​គ្រោះធម្មជាតិ ឬ​ឧបទ្ទវហេតុ​ផ្សេងៗ ដូចជា ភ្លើង​ឆេះ ទឹកជំនន់ បាក់​អគារ ការ​ចល័ត​ស្បៀង ជាពិសេស​ក្នុង​បាតុភាព​កូវីដ​១៩​រាតត្បាត​នេះ​ផងដែរ ដោយ​មិនមែន​ដូច​ពាក្យ​គេ​ថា យក​រថយន្ត​ទាំងនេះ​មក​ប្រើប្រាស់​សម្រាប់​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះទេ​។

លោក ហ៊ុន ម៉ាណែត នៅក្នុង​ពិធី​កាលពី​ម្សិលមិញ​។ ហ៊ាន រង្សី

លោក​បន្តថា​៖ «​មកដល់​ម៉ោង​នេះ យើង​មាន​ការអបអរសាទរ​ដ៏ច្រើន​លើសលប់​ពី​ប្រជាពលរដ្ឋ ដោយ​អបអរសាទរ​ដល់​លទ្ធភាព និង​ឱកាស​របស់​កងកម្លាំង​របស់​យើង​មានឱកាស មាន​រថយន្ត​ទំនើប​ប្រើប្រាស់ ដើម្បី​បំពេញបេសកកម្ម​។ កងកម្លាំង​ប្រដាប់​អាវុធ​ផ្សេងៗ គេ​បំពាក់អាវុធ​ទំនើប កប៉ាល់​ទំនើប ចំណែក​ឯង គ្រាន់តែ​មាន​ឡាន​ថ្មី​ជិះ ចាប់ផ្តើម​វាយប្រហារ​។ អ៊ីចឹង​ឲ្យ​មាន​ទស្សន​ជាតិនិយម​ខ្លះ​ផង​! នេះ​គឺជា​មធ្យោបាយ​បង្កើន​ប្រសិទ្ធភាព​របស់​កងកម្លាំង​ប្រដាប់​អាវុធ​ក្នុង​សកម្មភាព​បម្រើប្រជាជន បម្រើ​អស់​លោក​»​។

បើតាម​លោក ម៉ៅ ផល្លា អ្នកនាំពាក្យ​កងទ័ព​ជើងគោក​រថយន្ត​ទាំង ២៩០ គ្រឿង​នេះ​ គឺ​ ២៥០ គ្រឿង ត្រូវ​ប្រគល់ជូន​អង្គភាព​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ចំនួន ៤០ គ្រឿង​ទៀត​ ត្រូវ​ប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល​ជាតិ​។ ប៉ុន្តែ​ទោះយ៉ាងណា​លោក ម៉ៅ ផល្លា មិន​បាន​បញ្ជាក់​ឲ្យ​ដឹងពី​ចំនួន​ទឹកប្រាក់​ប៉ុន្មាន ដែល​ត្រូវ​បាន​ចំណាយ​សម្រាប់​ទិញ​រថយន្តយោធា​ទាំង ២៩០ ​គ្រឿង​នេះឡើយ​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ បាន​​ថ្លែង​ថា ក្នុងសង្គម​ប្រជាធិបតេយ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ដឹង មាន​សិទ្ធិ​ឮ​ចំពោះ​កិច្ចការ​មួយចំនួន​បើសិន​កិច្ចការ​ទាំងនោះ​មិន​ប៉ះពាល់​ដល់​សន្តិសុខ​សុវត្ថិភាព​របស់​ប្រទេស​។ «​បើសិន​ជា​សកម្មភាព​ទាំងឡាយ​ធ្វើ​ឡើង​ដើម្បី​សង្គម​គឺ​ត្រូវតែ​បង្ហាញ​ព័ត៌មាន​ដើម្បី​ធានាថា​ពលរដ្ឋ​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​គ្មាន​មន្ទិលសង្ស័យ​ព្រោះនេះ​គឺជា​ការទទួល​ខុសត្រូវ ជា​គណនេយ្យភាព​របស់​មន្ត្រី​ក្នុង​ការបង្ហាញ​បញ្ហា​ដល់​ពលរដ្ឋ​»៕