ភ្នំពេញៈ ជាមួយនឹងការលើកឡើងថា ប្រទេសធំៗមួយចំនួនមើលងាយកម្ពុជា កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ថ្លែងថាបញ្ជាបរទេសស្រេចតែចិត្តនោះកម្ពុជាមិនអាចធ្វើតាមឡើយ ហើយចោទថាការដែលបរទេសបញ្ជាឆ្វេងស្តាំនេះក៏ដោយសារអ្នកនយោបាយសញ្ជាតិ ២ រស់នៅក្រៅប្រទេសពឹងពាក់បរទេសឲ្យមកដាក់គំនាបដែរ។
លោក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរងកងទ័ពជាតិថ្លែងបែបនេះ បន្ទាប់ពីសហភាពអឺរ៉ុបជូនដំណឹងផ្លូវការដល់កម្ពុជា កាលពីសប្តាហ៍មុនថា ខ្លួនចាប់ផ្ដើមដំណើរការនីតិវិធីនៃការដកប្រព័ន្ធអនុគ្រោះពន្ធ ឬហៅថា EBA ពីការនាំទំនិញគ្រប់មុខរបស់កម្ពុជា លើកលែងសព្វាវុធចូលទៅទីផ្សារអឺរ៉ុបដ៏ធំក្រោយស្ថាប័នអន្តរជាតិមួយនេះ ជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ប៉ុន្តែរដ្ឋាភិបាលហាក់នៅព្រងើយកន្តើយនោះ។
ថ្លែងក្នុងពិធីសម្ពោធសាលារៀនអន្តរជាតិ អាល់រ៉ូសម៉ាន នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំកាលពីថ្ងៃទី ១៤ ខែតុលាលោក ហ៊ុន ម៉ាណែត បានចោទថា អ្នកនយោបាយមួយចំនួនបានរត់ទៅពឹងបរទេសឲ្យមកដាក់គំនាបធ្វើបាបកម្ពុជា និងចង់ឲ្យរដ្ឋាភិបាលកម្ពុជាឱនលន់តួជាមួយបរទេស។ លោកថាទង្វើបែបនេះគឺមិនអាចទៅរួចទេ ដោយសារកម្ពុជាមានអធិបតេយ្យភាព និងឯករាជ្យជាតិ។
លោកថ្លែងថា៖ «អ្នកដែលរាជរដ្ឋាភិបាលត្រូវស្ដាប់គឺស្ដាប់ប្រជាពលរដ្ឋខ្មែរ។ ប្រជាពលរដ្ឋខ្មែរចង់បានអ្វីគឺចង់បានសេចក្តីសុខ សន្តិភាព។ ដូច្នេះសម្តេចតេជោត្រូវធ្វើយ៉ាងណាដើម្បីថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋឲ្យបានដាច់ខាត។ ប្រជាពលរដ្ឋចង់បានកិត្តិយសជាតិខ្មែរចង់បានមោទនភាពជាតិខ្មែរ ចង់បានចេញទៅក្រៅស្មើមុខស្មើមាត់នឹងគេ មិនចង់ឲ្យនៅក្នុងគំនាបរបស់នរណាទេ»។
លោកបន្ថែមថា៖ «យើងជាខ្មែរ យើងចង់បានជាតិខ្មែរយើងថ្កុំថ្កើង បរទេសទទួលស្គាល់ និងគោរពយើងទៅវិញទៅមក។ ដូច្នេះសម្តេចតេជោត្រូវដឹកនាំប្រទេសមួយដែលមានអធិបតេយ្យភាព ឯករាជ្យជាតិ កិត្តិយសជាតិ មិនលន់តួជាមួយបរទេសណាមួយទេ។ ខ្ញុំនិយាយនេះគឺជាមោទនភាពជាតិខ្មែររួមគ្នានៅថ្ងៃនេះ ហើយចង់ផ្ញើសារទៅអ្នកនយោបាយមួយចំនួនដែលមានសញ្ជាតិ ២ រស់នៅក្រៅប្រទេសដែលរត់ទៅពឹងបរទេសមកធ្វើបាបខ្មែរចង់ឲ្យរដ្ឋាភិបាលខ្មែរយើងលុតជង្គង់តាមគេប្រាប់ថា ឆ្វេង ឆ្វេង ស្ដាំ ស្ដាំ ទៅមិនរួចទេ កុំសង្ឃឹមឲ្យសោះ»។
លោកបន្តថាថ្នាក់ដឹកនាំខ្មែរដែលមានគំនិតជាតិនិយម បម្រើប្រជាពលរដ្ឋខ្មែរ គឺមិនបម្រើឲ្យបរទេសណានោះទេ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាស្វាគមន៍មិត្តទាំងអស់ដែលជាមិត្តពិតប្រាកដ មិនមែនក្លែងក្លាយហើយថាមិត្តពិតគឺជួយដោយចិត្តស្មោះដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា៖ «បើអ្នកជាមិត្តពិតប្រាកដរបស់កម្ពុជាត្រូវឲ្យច្បាស់ជាមួយគ្នា កុំនិយាយតែមិត្ត តែពាក្យពេចន៍នៅពីក្រោយមានរូបភាពបំផ្លាញយើង បំផ្លាញសន្តិភាព យើងអត់ទទួលទេ។ មិត្តដ៏ល្អមួយទៀតគឺជាមិត្តដែលគោរពគ្នាទៅវិញទៅមក មិត្តខ្លះអាងតែប្រទេសធំ មើលងាយយើងណាស់។ វាមិនសំខាន់ថា អ្នកមានប៉ុន្មាននោះទេ សំខាន់យើងធ្វើការជាមួយគ្នាត្រូវគោរពគ្នាទៅវិញទៅមកព្រោះយើងក៏ជាប្រទេសជាតិមួយដូចគ្នា»។
ប៉ុន្តែអតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងថា អតីតគណបក្សសង្គ្រោះជាតិមិនមានចេតនាដើម្បីធ្វើបាប ឬជំរុញឲ្យមានការដាក់សម្ពាធ ធ្វើបាបប្រទេសជាតិនោះទេ។ លោកបានអះអាងថា អ្វីដែលគណបក្សសង្គ្រោះជាតិធ្វើនេះដើម្បីកែ និងជួយស្តារស្ថានភាពសិទ្ធិមនុស្ស និងនយោបាយឲ្យមានលក្ខណៈប្រជាធិបតេយ្យសេរីពិតប្រាកដ។
លោកបញ្ជាក់ថា៖ «គ្រាន់តែជារឿង ដើម្បីកែស្ថានភាពប្រទេសយើងឲ្យវិលត្រឡប់មករកលទ្ធិប្រជាធិបតេយ្យយើងវិញ។ នៅពេលដែលយើងជ្រើសរើសខុស ប្រទេសយើងមិនអាចទៅមុខទេ។ ខ្ញុំគិតថាប្រទេសយើងត្រូវងាកមករកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដើម្បីឲ្យដំណើរការប្រទេសទៅមុខ»។
លោកបន្តថាប្រទេសធំមួយចំនួនមិនបានមើលងាយកម្ពុជាទេ ប៉ុន្តែពួកគេចង់ជួយប្រទេសកម្ពុជា ដើម្បីឲ្យប្រទេសកម្ពុជាធ្វើដំណើរនៅលើផ្លូវត្រឹមត្រូវ និងដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ។
អ្នកវិភាគនយោបាយ កញ្ញា លី ស្រីស្រស់ ចាត់ទុកការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ថាជាការមិនគ្រប់ជ្រុងជ្រោយនោះទេនូវអ្វីដែលថាជាការដាក់សម្ពាធមកលើកម្ពុជានោះ ជាពិសេសសហភាពអឺរ៉ុប និងអាមេរិកដោយសារប្រទេសកម្ពុជាជាប្រទេសហត្ថលេខីមួយដែរក្នុងសន្ធិសញ្ញាស្តីពីសិទ្ធិមនុស្សអន្តរជាតិ ដោយសារប្រទេសកម្ពុជាមិនបានធ្វើតាមគោលការណ៍លទិ្ធប្រជាធិបតេយ្យ។
កញ្ញាបញ្ជាក់ថា៖ «យើងឃើញថាប្រតិកម្ម ឬយន្តការរបស់សហភាពអឺរ៉ុបមកលើកម្ពុជា និងការប្រកាសព្រមានជាសាធារណៈក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធជាដើមគឺវាជាគោលការណ៍ក្នុងសិទ្ធិស្វ័យភាពរបស់សហភាពអឺរ៉ុប ខណៈពេលអន្តរាគមន៍របស់គណបក្សប្រឆាំងគឺគ្រាន់ជាអ្នកដែលពាំនាំក្តីបារម្ភអំពីការរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជាទៅកាន់សហភាពអឺរ៉ុប»។
កញ្ញាបន្ថែមថា៖ «ស្ថានភាពនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជាស្ថិតនៅក្នុងស្ថានភាពមិនល្អ។ ទាំងការរៀបចំការបោះឆ្នោត និងការរំលាយគណបក្សប្រឆាំង»៕