ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃរយៈពេល ៨០ ម៉ោង របស់ក្រុមការងារលោក ក្នុងការរៀបចំគ្រែប្រមាណជិត ១ ៨០០ គ្រឿង និងអគារ នៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ដើម្បីត្រៀមទុកសម្រាប់ព្យាបាលអ្នកឆ្លងជំងឺកូវីដ ១៩។
លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ បានសរសេរបង្ហោះតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី ១៣ ខែមេសានេះ ដោយបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេល ៨០ ម៉ោង របស់ក្រុមការងារដែលបានរួមគ្នាសម្រេចភារកិច្ចដោយធ្វើយ៉ាងណា រៀបចំអគារមួយចំនួននៅកោះពេជ្រជាមណ្ឌលព្យាបាលជំងឺកូវីដ ១៩ អាចដំណើរការត្រៀមទទួលព្យាបាលអ្នកជំងឺបាន។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការកើនឡើងជាគំហុកនៃអត្រាអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាឲ្យរៀបចំទីកន្លែងបន្ថែម សម្រាប់ព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវី ១៩។ នេះ គឺជាការខិតខំពង្រីកឱ្យអស់លទ្ធភាពក្នុងការជួយព្យាបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ ១៩ មុននឹងឈានទៅដល់ការដាក់ឱ្យមានការព្យាបាលនៅតាមផ្ទះជាលក្ខណៈទំលំទូលាយ។
លោក ម៉ាណែត សរសេរថា៖ «ក្រុមការងារបានរួមគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាឱ្យការរៀបចំអគារមួយចំនួននៅកោះពេជ្រជាមណ្ឌលព្យាបាលជំងឺកូវីដ ១៩ (ប្រមាណជិត ១ ៨០០ គ្រែ) អាចដំណើរការត្រៀមទទួលព្យាបាលអ្នកជំងឺក្នុងរយៈពេល ៨០ ម៉ោង»។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត ក៏បានអរគុណដល់ក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការរៀបចំនេះ ដោយលោកលើកឡើងថា បើគ្មានការចូលរួមយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ របស់បងប្អូនទាំងអស់គ្នាទេ ក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះបានដែរ។
លោកបញ្ជាក់ថា៖ «ខ្ញុំសូមឆ្លៀតឱកាសនេះ ធ្វើការថ្លែងអរគុណដល់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន OCIC ដែលបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលខ្ចីទីតាំងមួយចំនួននៅកោះពេជ្រសម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ ១៩ កម្រិតស្រាលនេះ» ។
ជាមួយគ្នានេះ លោក ម៉ាណែត បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល (៣ កុំ ៣ ការពារ) និងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលជាគន្លឹះក្នុងការទប់ស្កាត់ការរីករាលដាល និងឈានដល់ការបញ្ចប់ជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា ឱ្យបានឆាប់រហ័ស។
«ហេតុដូច្នេះសូមបងប្អូនទាំងអស់រួបរួមគ្នា តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមកម្ចាត់ជំងឺកូវីដ ១៩ ឲ្យអស់ពីទឹកដីខ្មែរយើង»៕